rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ឥណ្ឌា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន និង​ឥណ្ឌា សន្យា​ថែរក្សា​សន្តិភាព​តាម​ព្រំដែន

media
ប្រធានាធិបតី​ចិន និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ដើរ​លំហែ នៅ​មាត់​បឹង Wuhan ប្រទេស​ចិន © Reuters

លោក​នាយករ​ដ្ឋមន្ត្រី​ឥណ្ឌា​បាន​បិទ​បញ្ចប់​ទស្សនកិច្ច ពីរ​ថ្ងៃ​​ នៅប្រទេស​ចិន​ នៅ​ថ្ងៃ​នេះ។ ក្រោយ​ជំនួប​ពិភាក្សា​ក្រៅ​ផ្លូវការ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រមុខ​ដឹកនាំទាំង​ពីរ បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិស័យ​ទំនាក់ទំនង​រវាង​​យោធាចិន-​ឥណ្ឌា ដើម្បី​រក្សា​ឱ្យ​បាន​សន្តិភាព​​តាម​តំបន់​ព្រំដែន។ គ្មាន​កិច្ចព្រមព្រៀងច្បាស់​លាស់​អ្វី​មួយ ត្រូវ​បាន​ប្រកាស​ឡើង​ទេ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​សន្យា​​ណាត់ជួប​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ។


​កម្មវត្ថុ​នៃជំនួប​មាន​ត្រឹម​​តែ​ជា​ការ​ប្រើ​ពេលវេលា​ដើម្បីឱ្យ​​បាន​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​លាស់​ ព្រោះ​ដំណើរ​ទស្សនកិច្ច​​ខ្លី របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ នៅ​ប្រទេស​ចិននេះ​ ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ខែ​ក្រោយ​ការ​ប៉ះទង្គិច​ហិង្សា​នៅ​តាម​ព្រំដែន នៅ​តំបន់​ភ្នំ​ហ៊ីម៉ាឡាយ៉ា តែ​ប៉ុណ្ណោះ។ ​ កា​រ​ប៉ះទង្គិច​យោធា​ដែល​គ្រប់​គ្នា​ភ័យ​ព្រួយ​ខ្លាច​រាលដាល​ជម្លោះ។ តាមការពិត តាំង​ពី​បញ្ហា​ព្រំដែន រហូត​ដល់​ពាណិជ្ជកម្ម ចិន​និង​ឥណ្ឌា ប្រឆាំង​គ្នា​ស្ទើរ​គ្រប់​រឿង។

ប៉ុន្តែ​ក្រោយ​ពី​មាន​កិច្ចពិភាក្សា​ មិន​ផ្លូវ​ការ រយៈ​ពេល​ពីរ​ម៉ោង មិនមែន​កន្លះ​ម៉ោង​ដូច​ការ​គ្រោង​ទុកប្រធានាធិបតីចិន និង​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា យល់​ថា​ប្រទេស​ទាំង​ពីរ គឺ​ចិន​និង​ឥណ្ឌា ចាស់ទុំ​ និង​មាន​ហេតុផល​គ្រប់គ្រាន់​ នឹង​ដោះស្រាយវិវាទ​ទាំង​ឡាយ​ ដោយ​សន្តិវិធី និង​ដោយ​ការ​ចរចា​។ លោក ស៊ី ជីនពីង និង​លោក ណារិនដ្រា ម៉ូឌី បាន​មើល​ឃើញ​អំពី​ភាព​ចាំ​បាច់​នៃ​ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ តាម​ព្រំដែន ៣៥០០គីឡូម៉ែត្រ​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ដោយ​សន្យា​ថា​នឹង​​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ពិសេស​ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​វិបត្តិ​ព្រំដែន​ឱ្យ​បាន​សមស្រប​និង​ទទួលយក​បាន​ទាំង​សងខាង។ ​

ឥណ្ឌា​និង​ចិន ដែល​ជា​មហាប្រទេស​ធំ​ពីរ តំណាង​ឱ្យ​៤០%​នៃ​ប្រជាជន​លើ​ផែនដី និង​ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​​កំណើន​សេដ្ឋកិច្ច​ពិភពលោក កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំងឡើងៗ​ នៅ​លើ​លោក និង​នៅ​អាស៊ី។ ទំនាក់ទំនង​ដ៏​ល្អ​រវាង​ចិន​និង​ឥណ្ឌា គឺ​ជា​កត្តា​ដ៏​សំខាន់​និង​វិជ្ជមាន​ ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក។ នេះ​បើ​តាម​ប្រសាសន៍​លោក ស៊ីជីនពីង។ ប្រទេសចិន​និង​ឥណ្ឌាត្រូវ​តែ​សហការ​គ្នា​ដើម្បី​ផ្តួល​បញ្ហា​កំរិត​អន្តរជាតិ។ ជានេះ​ចំណាប់​អារម្មណ៍​​របស់​លោក ម៉ូឌី។​

គេ​មិន​សង្ឃឹម​ថា​នឹង​មាន​សេចក្តី​ប្រកាស​​អ្វី​ពី​ជំនួប​នៅ​ថ្ងៃ​សៅរ៍​នេះទេ ប៉ុន្តែ ​“ជំនួប​ក្រៅ​ផ្លូវការ​” នឹង​ក្លាយ​ទៅ​ជាប្រពៃណី​ របស់​​ប្រទេស​ទាំង​ពីរ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​លោក​ស៊ីជីនពីង ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​ នៅ​ឆ្នាំក្រោយ​ឆ្នាំ ២០១៩​ ដែល​នឹង​​រៀប​ចំ​ធ្វើ​នៅក្នុង​ប្រទេស​ឥណ្ឌា។

ប្រពៃណីជួបគ្នា​​ក្រៅ​ផ្លូវការ​ ដែល​អនុញ្ញាត ឱ្យ​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ អាច​ជួប​ពិភាក្សា​គ្នា​ មួយទល់​នឹង​មួយ គ្រប់​ប្រធានបទ ភាគ​ច្រើន​​​ដោយ​គ្មាន​ទីប្រឹក្សា និង​ក្នុង​ទម្រង់បែប​​លំហែ​ ដោយ​គ្មាន​​វិធីការ​បែប​ការទូតត្រូវ​គោរព៕