អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការ​ប៉ាគីស្ថាន​សម្រេច​ដកតំណែង​រដ្ឋមន្រ្តី​ការបរទេស

តុលាការ​ប៉ាគីស្ថាន នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​សម្រេច​សេចក្តី បញ្ចប់​សុពលភាព​រដ្ឋមន្រ្តី​ការបរទេស ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក Nawaz Sharif។ តាម​ការសម្រេច​របស់​តុលាការ​ប៉ាគីស្ថាន លោក​Khawaja Asif គ្មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការឈរឈ្មោះ​បោះឆ្នោត សភាប៉ាគីស្ថាន កាលពី​ឆ្នាំ​២០១៣។ អស់​សិទ្ធិ​ជា​អ្នកតំណាងរាស្រ្ត លោក Khawaja Asif នឹងត្រូវ​ដកចេញពី​តំណែង​រដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន ដោយ​ស្វ័យប្រវត្តិ។

រដ្ឋមន្រ្តីការបរទេស​ប៉ាគីស្ថានលោក Khawaja Asif ត្រូវ​បាន​តុលាការ​សម្រេច​លុប​ចោលសិទ្ធិ​អ្នកតំណាងរាស្រ្ត​ប៉ាគីស្ថាន​នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៦ មេសា ២០១៨
រដ្ឋមន្រ្តីការបរទេស​ប៉ាគីស្ថានលោក Khawaja Asif ត្រូវ​បាន​តុលាការ​សម្រេច​លុប​ចោលសិទ្ធិ​អ្នកតំណាងរាស្រ្ត​ប៉ាគីស្ថាន​នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៦ មេសា ២០១៨ ©REUTERS/Mian Khursheed
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​ប៉ាគីស្ថាន ដែល​បានទទួល​បណ្តឹង​របស់​គណបក្ស​ប្រឆាំង បាន​រកឃើញថា Khawaja Asif បាន​រំលោភ​ច្បាប់​បោះឆ្នោត នៅ​ត្រង់​ថា លោក​បាន​បិទបាំង មិន​បង្ហាញ​ពី​សំបុត្រ អនុញ្ញាត​ឲ្យ​ធ្វើការ​របស់​លោក នៅ​ប្រទេស​អេមីរ៉ា អារ៉ាប់រួម។ ជាលទ្ធផល តុលាការ​បាន​សម្រេច​លុបចោល លទ្ធផល​ឆ្នោត ដែល​បាន​សម្រេច​ឲ្យ​លោក​ Khawaja Asif​ឈ្នះ​ក្លាយ​ជា​អ្នកតំណាងរាស្រ្ត នៅ​ឆ្នាំ ២០១៣។ នៅ​ប៉ាគីស្ថាន មន្រ្តី​រដ្ឋាភិបាល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​សមាសភាព​សភា។ ដូច្នេះ លោក​ Khawaja Asif​ដែល​បាត់បង់​តំណែង​ជា​អ្នកតំណាងរាស្រ្ត ដោយសារ​ការសម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​ត្រូវ​អស់​តំណែង​ពី​រដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន ដោយ​ស្វ័យប្រវត្តិ។

សូមអាន៖ កាន់​អំណាច​តពូជ​​ជា​ប្រពៃណីចាក់​ឬសចាក់​គល់​នៅ​ប៉ាគីស្ថាន

នៅ​តែ​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត សភា ប៉ាគីស្ថាន ការសម្រេច​របស់​តុលាការ ក្នុង​ការដកតំណែង​រដ្ឋមន្រ្តី​ការបរទេស ដែល​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន ប្រៀប​បាន​នឹង​ការសំពង​មួយព្រនង់​បន្ថែម​ទៀត លើ​គណបក្ស​កាន់អំណាច​ប៉ាគីស្ថាន។ កាលពី​ខែ​កក្កដា​ឆ្នាំ​មុន តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​សម្រេច​ហាមឃាត់​មិន​ឲ្យ​ប្រធាន​របស់​បក្ស​កាន់អំណាច ដឹកនាំ និង​ចូលរួម​ក្នុង​ការបោះឆ្នោត​អស់​មួយ​ជីវិត។ លោក​ណាវ៉ា ស្ហារីហ្វ ស្ថាបនិក របស់​បក្ស​កាន់អំណាច ឈ្មោះ​សម្ព័ន្ធ អ៊ីស្លាម​ប៉ាគីស្ថាន ត្រូវ​បាន​តុលាការ​សម្រេច​ដកចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី នៅក្នុង​រឿងអាស្រូវ​ពុករលួយ លួច​គេច​មិន​បង់ពន្ធ​ជូនរដ្ឋ។

សម្រាប់​គណបក្ស​កាន់អំណាច ការសម្រេច​របស់​តុលាការ​លំអៀង ទៅ​រក​ក្រុមយោធា​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​សួរពូជ​របស់​រដ្ឋាភិបាល​ស៊ីវិល​របស់​អតីត​នាយករដ្ឋមន្រ្តី​ស្ហារីហ្វ។ លោក​ Khawaja Asif ផ្ទាល់​ដែល​បាន​ឈ្នះ​ឆ្នោត​សភា​ដល់​ទៅ​៣​អាណត្តិ​ជាប់គ្នា និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ មុន​នឹង​ក្លាយ​ជា​រដ្ឋមន្រ្តី​ការបរទេស ធ្លាប់​ជា​អ្នកចេញមុខ ប្រឆាំង ខ្លាំង មិន​ឲ្យ​ក្រុមយោធា ប៉ាគីស្ថាន​លូកដៃ ចូល​ក្នុង​ជីវិត​នយោបាយ​ប៉ាគីស្ថាន។

នៅ​ប៉ាគីស្ថាន នៅក្នុង​ចំណោម​នាយករដ្ឋមន្រ្តី​ចំនួន ១៥​នាក់ ដែល​បាន​ចូល​កាន់អំណាច​នៅ​ប៉ាគីស្ថាន តាមរយៈ​ការបោះឆ្នោត តាំង​ឆ្នាំ ១៩៧០ គ្មាន​នាយករដ្ឋមន្រ្តី​ណាមួយ ដែល​អាច​ដឹកនាំប្រទេស​រហូត​ដល់​ចប់​អាណត្តិ​៥​ឆ្នាំ​របស់ខ្លួន​នោះទេ។ លោក​ណាវ៉ា​ស្ហារីហ្វ​ផ្ទាល់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដើរចេញ​ពីតំណែង​៣ដង​ដែលនៅក្នុង​នោះ មាន​១ដង​ដោយសារ រដ្ឋប្រហារ​យោធា។ គេ​វាយតម្លៃថា ទោះជា​គណបក្ស​កាន់អំណាច បរាជ័យ​នៅ​ក្នុងផ្លូវតុលាការ ប៉ុន្តែ គណបក្ស ដែល​គ្មាននិន្នាការ​សាសនា​អ៊ីស្លាម​ជ្រុលនិយម នៅតែ​មាន​ប្រជាប្រិយភាព នឹង​អាច​ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ នៅប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ