អានតួអត្ថបទ
ភូមា-អសប

វិបត្តិ​រ៉ូហ៊ីងយ៉ា៖ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ធ្វើ​ទស្សនកិច្ច​នៅ​បង់កា្លដែស និង​ភូមា

ប្រទេស​សមាជិក ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹងទៅ​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ភូមា និង​បង់ក្លាដែស ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ ដើម្បី ទៅ​ស្វែងយល់ ពី​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​អំពើ​ហិង្សា នៅ​រដ្ឋរ៉ាឃីន ប្រទេស​ភូមា ទៅ​ផ្តុំ​កកកុញ ក្នុង​ជំរំ​ក្នុង​ទឹកដី​បង់ក្លាដែស។ 

ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ទឹកដី​បង់ក្លាដែស
ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ទឹកដី​បង់ក្លាដែស ©REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវ​លើកពេល​ជាច្រើនដង ដោយសារ​ការជំទាស់​របស់​អាជ្ញាធរ​ភូមា នៅទីបំផុត សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​អាច​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ចាប់ពី​ថ្ងៃ​ចន្ទ ទី ៣០។ នៅក្នុង​គណៈប្រតិភូ​របស់​ក្រុមប្រឹក្សា​សន្តិសុខ មាន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា ឬ​អ្នកជំនួយការ​របស់​ឯកអគ្គរដ្ឋទូត ដូចក្នុង​ករណី​របស់​ប្រទេស​បារាំង អាមេរិក ហើយ​និង​រុស្ស៊ី ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ភូមា។

ក្រុមគណៈប្រតិភូ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​ទៅដល់​ទីក្រុង​ណៃពីដោរ នៅ​ថ្ងៃ​ចន្ទ មុន​នឹង​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ទៅ​ពិនិត្យ​មើល​ពីលើ​ដែនអាកាស លើ​តំបន់​រ៉ាឃីន ជាទី​ដែល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា បាន​រត់គេច​ភៀសខ្លួន​ពី អំពើហិង្សា។ បន្ទាប់មក គណៈប្រតិភូ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ទៅ​ជួប​រដ្ឋាភិបាល​បង់ក្លាដែស ដែល​បាន​ផ្តល់​ជំរកភៀសខ្លួន ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា។

សូមអាន៖​អង្គការ​សហប្រជាជាតិ​ស្វែងរក​ថវិកា ១ពាន់​លាន​ដុល្លារ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

តាម​មន្រ្តីទូត​ម្នាក់ នៅអង្គការ​សហប្រជាជាតិ​ ដែល​សុំ​មិន​បញ្ចេញឈ្មោះ ទស្សនកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ មាន​គោលដៅ ជំរុញ ធ្វើ​ប្រសើរ​ឡើង លក្ខខណ្ឌ​រស់នៅ​របស់​ជនជាតិ រ៉ូហ៊ីងយ៉ា លុបបំបាត់​អំពើការរំលោភ​សិទ្ធិមនុស្ស ហើយ​និង​ជំរុញ ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា អនុវត្ត​គម្រោង​ផែនការ​របស់​លោក​កូហ្វីអាណាន់ ដែល​ទាមទារ​ឲ្យ​ភូមា​ត្រូវ​តែ​ផ្តល់​សិទ្ធិ និង​អត្តសញ្ញាណ​ពិតប្រាកដ ដល់​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម។

អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ បង្ហាញ​ថា គេ​សង្ឃឹមថា ដំណើរទស្សនកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ទៅ​ភូមា និង​បង់ក្លាដែស នឹង​អាច​ធ្វើ​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ល្អប្រសើរ​ជាងមុន​នោះទេ។ តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ ជាទី​ដែល​អំពើហិង្សា​ផ្ទុះ ឡើង នៅ​រដ្ឋរ៉ាឃីន ដែល​បាន​ជំរុញ ឲ្យជនជាតិ​រ៉ូហ៊ីងយ៉ា ជាង ៧សែននាក់ រត់ភៀសខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​បាន​ចាត់វិធានការ​ជាក់ស្តែង ណាមួយ​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមយោធា​ភូមា ដែល​អង្គការ​សហប្រជាជាតិ​បាន​ចោទប្រកាន់​ថា កំពុង​ធ្វើ​នយោបាយ​បោសសម្អាត ជាតិពិន្ធុ នៅ​រដ្ឋរ៉ាឃីន។ ចាប់តាំង​ពីមាន​វិបត្តិ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​អំណាច​មាន​កម្រិត ដោយសារ​តែ​សំឡេង​ជំទាស់​របស់​ចិន សមាជិក​អចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សា​សន្តិសុខ ដែល​ចេញមុខ ការពារ​រដ្ឋាភិបាល​ភូមា។

ទស្សនកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ទៅ​ប្រទេស​ភូមា លើកនេះ ធ្វើតាម​ការផ្តួចផ្តើម​គំនិត​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​បី គឺ កូវ៉ែត អង់គ្លេស ហើយ​និង​ពេរូ ដែល​ដើរតួ​ជា​ប្រធាន​របស់​ក្រុមប្រឹក្សា​សន្តិសុខ សម្រាប់​ខែ មេសា។ តាម​ឯកអគ្គរាជទូត​កូវ៉ែត Mansour Al Otaibi ដំណើរទស្សនកិច្ច​ទៅ​ពិនិត្យ​មើល​បញ្ហា​ជនភៀសខ្លួន នៅ​ភូមា គ្មាន​គោលដៅ បំបាក់​មុខ​រដ្ឋាភិបាល​ភូមា នោះទេ។ ផ្ទុយទៅវិញ ​ក្រុមប្រឹក្សា​សន្តិសុខ ចង់​បង្ហាញថា សហគមន៍​អន្តរជាតិ​នៅ​តាមដាន​ជាប់ជានិច្ច​វិបត្តិ​រ៉ូហ៊ីងយ៉ា និង​មាន​ចេតនា​ចង់​រក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​មួយនេះ។ “យើង​ធ្វើដំណើរ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង ដើម្បី​ដឹងថា តើ​យើង​អាច​ជួយ​បាន​យ៉ាងម៉េច។ តើ​យើង​អាច​ជំរុញ​ឲ្យ​គេ​ដោះស្រាយ​បញ្ហា​នេះ យ៉ាងម៉េច?” នេះ​ជា​ប្រសាសន៍​របស់​ឯកអគ្គរាជទូត​កូវ៉ែត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ