អានតួអត្ថបទ
អាមេរិក-កូរ៉េ​ខាង​ជើង

ឪពុក​​ម្តាយ​​​​របស់​​​​អតីត​​​​អ្នកទោស​​អាមេរិក​​​​មួយ​​​រូប​​​​​ដាក់ពាក្យ​ប្តឹង​​ប្រឆាំង​​នឹង​​រ​បប​​​ព្យុងយ៉ាង​​​ពី​​​បទ​​សម្លាប់​មនុស្ស​​

ឪពុកម្តាយ​​​​​របស់យុវនិស្សិតអាមេរិកឈ្មោះ Otto Warmbier បានចាប់ផ្តើម​​ដាក់​ពាក្យ​ប្តឹង​​នៅ​​​ វ៉ាស៊ីនតោន ប្រឆាំង​នឹង​​​របប​ព្យុងយ៉ាង​​​ពី​បទសម្លាប់​មនុស្ស​​និង​ធ្វើ​ទារុណកម្ម​លើកូន​ប្រុស​គាត់​រហូតដល់ស្លាប់​នៅ​ក្នុង​ពេល​ជាប់​​​ឃុំឃាំង​នៅក្នុងពន្ធនាគារ​កូរ៉េខាងជើង។ ក្រោយ​ពីជាប់​ពន្ធនាគារ​​រយៈ១៨ខែ​រួចមក​​ យុវជន Otto wambier បាន​​​ស្លាប់បន្តិចក្រោយមក​​ បន្ទាប់​ពី​​​របបព្យុងយ៉ាង​​​បាន​​ដោះលែង​ឲ្យ​មាន​សេរីភាពវិញ​​នៅ​ខែ​មិថុនា​ឆ្នាំ ២០១៧។

ឪពុកម្តាយ​របស់ Otto Warmbier  លោក ​Fred​និង​លោកស្រី ​Cindy Warmbier  អបអរសាទរ​នៅ​ពេល​ប្រធានាធិបតីអាមេរិក​លោក ​​Donald Trump​  បាន​និយាយ​អំពី​មរណៈភាព​របស់​កូនប្រុស​គាត់​ឈ្មោះ Otto ​នៅ​កូរ៉េខាងជើង​​​
ឪពុកម្តាយ​របស់ Otto Warmbier លោក ​Fred​និង​លោកស្រី ​Cindy Warmbier អបអរសាទរ​នៅ​ពេល​ប្រធានាធិបតីអាមេរិក​លោក ​​Donald Trump​ បាន​និយាយ​អំពី​មរណៈភាព​របស់​កូនប្រុស​គាត់​ឈ្មោះ Otto ​នៅ​កូរ៉េខាងជើង​​​ . REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការដាក់ពាក្យ​បណ្តឹងនៅទីក្រុង​វ៉ាស៊ីនតោននោះ  ​​ឪពុក​ម្តាយរបស់​​សព​និស្សិត Otto Warmbier គឺ​ លោកស្រី ​Cynthia និង លោក ​Frederick Warmbier  បាន​​អះអាង​ថា” កូន​ប្រុស​របស់​គាត់​ ត្រូវ​បានគេ​​​​​​បំពុលសម្លាប់ បន្ទាប់ពី​បាន​សារភាព​ក្រោម​​ការ​បង្ខិតបង្ខំ​​ថា​ បាន​លួច​យក​​ក្រដាសឃោសនា​នយោបាយមួយ​​របស់​​របប​កុម្មុយនិស្ត​ ​នៅ​ឱកាស ការធ្វើ​ដំណើរ​មួយ​​​រៀបចំឡើង​​ដោយ​របបក្រុង​ព្យុងយ៉ាងនៅ​ខែធ្នូ ​ឆ្នាំ​២០១៥។

កូនប្រុសគាត់ បន្ទាប់មក ត្រូវ​បាន​របប​កុម្មុយនិស្តកូរ៉េខាងជើង​ កាត់​ទោស​និង​​​ផ្តន្ទាទោសដាក់​ក្នុង​ពន្ធនាគារ​​​ដោយធ្វើការ​បង្ខំ​អោយ​ធើ្វពលកម្មជាទម្ងន់ ​ចំនួន ១៥ ​ឆ្នាំ ​នៅ​​ខែ​មីនា​ឆ្នាំ​២០១៦ ​រហូត​ដល់​​​ធ្លាក់​ខ្លួន​ឈឺខ្លាំង និង​​សន្លប់​​​បាត់​ស្មារតី ។ នាពេលនោះហើយ ដែល​​របបព្យុងយ៉ាង ​​បាន​បញ្ជា​ឲ្យ​​គេ​ដឹក​បញ្ជូនខ្លួន​យុវនិស្សិតអាមេរិកនេះ​ ត្រឡប់​ទៅកាន់​ ​សហរដ្ឋអាមេរិក​វិញ​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧  ហើយ​​បន្តិច​ក្រោយមក​មិន​ដល់​ទាំង​មួយ​សប្តាហ៍​ផង Otto warmbier ក៏ បាន​ទទួល​មរណៈភាពទៅដែរ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ឪពុកម្តាយ​របស់​សព Otto Warmbier  គាត់បានដៀលត្មះ​​ថា​ “កូរ៉េខាងជើង​ជារបប​យូកូង ដែល​បានធ្វើការ​​ចាប់​ខ្លួន​កូន​ប្រុស​គាត់​ជា​ចំណាប់​ខ្មាំង ដើម្បី​​​គោលដៅ​អយុត្តិធម៌​របស់​ខ្លួន ​ដោយបាន​ធ្វើ​ទារុណកម្ម​​ឥតត្រាប្រណី​និង​បាន​សម្លាប់​ទៀតផង​”។ ​ឪពុកម្តាយ​របស់​​ Otto Warmbier  បាន​បញ្ជាក់​ទៀតថា ​ការ​ចាប់ឃុំឃាំង​កូន​ប្រុស​របស់​គាត់ ក៏​ដោយសារតែ ​​នៅ​ជំនាន់​នោះ​  ទីក្រុង​វ៉ាស៊ីនតោន​​​និង​​ព្យុង​យ៉ាង កំពុង តែ​​មានភាព​តានតឹង​នឹងគ្នា​យ៉ាង​ខ្លាំង​ក្លា​ ​ដោយហេតុ​ តែ របប​​ព្យុងយ៉ាង បាន​ធ្វើការ​បាញ់​សាក​ល្បង​​គ្រាប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​នៅ​ក្រោមដី​ជា​លើក​ទី​៤​។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ​ក៏​មាន​លើក​ឡើង​ផងដែរ ​ពី​ការ​ទាមទារអោយ​​សង​ជម្ងឺចិត្ត ​និង​​ការ​ផាកពិន័យ ​តែ​​ចំនួន​ទឹកប្រាក់​សងជម្ងឺចិត្តនោះ គេនៅ​មិន​ទាន់​ដឹងច្បាស់​​នៅឡើយទេ។​

គួរបញ្ជាក់ថា ពាក្យបណ្តឹងរបស់លោកស្រី Cynthia និង លោក ​Frederick Warmbier   ត្រូវបានធ្វើឡើង​​នៅក្នុងគ្រាដ៏សំខាន់​មួយ​​រវាងប្រទេស​​អាមេរិក និងកូរ៉េខាងជើងដែលជា​​​ប្រទេស​គូសត្រូវនឹងគ្នា​។ ដោយហេតុថា​ចាប់​ពីពេលនេះ រហូតដល់​ដើម​ខែ​មិថុនា​ខាងមុខ​ ប្រធានាធិបតិអាមេរិក លោក Donald Trump  អាច ​នឹង​​ត្រូវ​ជួប​ប្រាស្រ័យ​ ជា​មួយ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក ​គឺមជុងអ៊ុន​ នៅ​ក្នុង​ជំនួបកំពូលជាប្រវត្តិសាស្ត្រ​មួយ ស្តីពី​ការរំសាយ​អាវុធនុយក្លេអ៊ែរ​នៅ​ក្នុងឧបទ្វីព​កូរ៉េ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ