ឪពុកម្តាយរបស់អតីតអ្នកទោសអាមេរិកមួយរូបដាក់ពាក្យប្តឹងប្រឆាំងនឹងរបបទីក្រុងព្យុងយ៉ាងពីបទសម្លាប់មនុស្ស
ឪពុកម្តាយរបស់យុវនិស្សិតអាមេរិកឈ្មោះ Otto Warmbier បានចាប់ផ្តើមដាក់ពាក្យប្តឹងនៅ វ៉ាស៊ីនតោន ប្រឆាំងនឹងរបបព្យុងយ៉ាងពីបទសម្លាប់មនុស្សនិងធ្វើទារុណកម្មលើកូនប្រុសគាត់រហូតដល់ស្លាប់នៅក្នុងពេលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារកូរ៉េខាងជើង។ ក្រោយពីជាប់ពន្ធនាគាររយៈ១៨ខែរួចមក យុវជន Otto wambier បានស្លាប់បន្តិចក្រោយមក បន្ទាប់ពីរបបព្យុងយ៉ាងបានដោះលែងឲ្យមានសេរីភាពវិញនៅខែមិថុនាឆ្នាំ ២០១៧។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងការដាក់ពាក្យបណ្តឹងនៅទីក្រុងវ៉ាស៊ីនតោននោះ ឪពុកម្តាយរបស់សពនិស្សិត Otto Warmbier គឺ លោកស្រី Cynthia និង លោក Frederick Warmbier បានអះអាងថា” កូនប្រុសរបស់គាត់ ត្រូវបានគេបំពុលសម្លាប់ បន្ទាប់ពីបានសារភាពក្រោមការបង្ខិតបង្ខំថា បានលួចយកក្រដាសឃោសនានយោបាយមួយរបស់របបកុម្មុយនិស្ត នៅឱកាសការធ្វើដំណើរមួយរៀបចំឡើងដោយរបបក្រុងព្យុងយ៉ាងនៅខែធ្នូ ឆ្នាំ២០១៥។
កូនប្រុសគាត់ បន្ទាប់មក ត្រូវបានរបបកុម្មុយនិស្តកូរ៉េខាងជើង កាត់ទោសនិងផ្តន្ទាទោសដាក់ក្នុងពន្ធនាគារដោយធ្វើការចាប់បង្ខំអោយធើ្វពលកម្មជាទម្ងន់ ចំនួន ១៥ ឆ្នាំ នៅខែមីនាឆ្នាំ២០១៦ រហូតដល់ធ្លាក់ខ្លួនឈឺខ្លាំង និងសន្លប់បាត់ស្មារតី ។ នាពេលនោះហើយ ដែលរបបព្យុងយ៉ាង បានបញ្ជាឲ្យគេដឹកបញ្ជូនខ្លួនយុវនិស្សិតអាមេរិកនេះ ត្រឡប់ទៅកាន់ សហរដ្ឋអាមេរិកវិញនៅខែមិថុនាឆ្នាំ២០១៧ ហើយបន្តិចក្រោយមកមិនដល់ទាំងមួយសប្តាហ៍ផង Otto warmbier ក៏ បានទទួលមរណៈភាពទៅដែរ។
នៅក្នុងពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់សព Otto Warmbier គាត់បានដៀលត្មះថា “កូរ៉េខាងជើងជារបបយូកូង ដែលបានធ្វើការចាប់ខ្លួនកូនប្រុសគាត់ជាចំណាប់ខ្មាំង ដើម្បីគោលដៅដ៏អយុត្តិធម៌របស់ខ្លួន ដោយបានធ្វើទារុណកម្មឥតត្រាប្រណីនិងបានសម្លាប់កូនប្រុស”។ ឪពុកម្តាយរបស់ Otto Warmbier បានគួសបញ្ជាក់ទៀតថា "ការចាប់ឃុំឃាំងកូនប្រុសរបស់គាត់ ក៏ដោយសារតែ នៅជំនាន់នោះ ទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង កំពុងតែមានភាពតានតឹងនឹងគ្នាយ៉ាងខ្លាំងក្លា ដោយហេតុ តែ របបព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើងនៅក្រោមដីជាលើកទី៤។
នៅក្នុងពាក្យបណ្តឹងនោះ ក៏មានលើកឡើងផងដែរ ពីការទាមទារអោយសងជម្ងឺចិត្ត និងការផាកពិន័យ តែចំនួនទឹកប្រាក់សងជម្ងឺចិត្តនោះ គេនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា ពាក្យបណ្តឹងរបស់លោកស្រី Cynthia និង លោក Frederick Warmbier ត្រូវបានធ្វើឡើងនៅក្នុងគ្រាដ៏សំខាន់មួយរវាងប្រទេសអាមេរិកនិងកូរ៉េខាងជើងដែលជាប្រទេសគូសត្រូវនឹងគ្នា។ ដោយហេតុថាចាប់ពីពេលនេះ រហូតដល់ដើមខែមិថុនាខាងមុខ ប្រធានាធិបតិអាមេរិក លោក Donald Trump អាច នឹងត្រូវជួបប្រាស្រ័យ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គឺមជុងអ៊ុន នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រមួយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីពកូរ៉េ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ