អានតួអត្ថបទ
តណ្ឌា-ចិន

ជំនួប​កំពូល​រវាង​ឥណ្ឌា​​និង​​​​ចិន​​​នៅ​​​​ Wuhan ​ដើម្បី​​​រក​ការ​​​បន្ធូរបន្ធយ​​​ភាពតានតឹង​​ព្រំដែន​​​​

លោក Narendra Modi និង លោក Xi Jinping ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា​និង​ចិន​ បាន​រួម​ប្រជុំ​គ្នា​ចំនួន​២ថ្ងៃ​គឺ​នៅ​​ថ្ងៃ​សុក្រ​នេះ​រហូត​ទៅ​ដល់​ថ្ងៃ​សៅរ៍​ស្អែក​​នៅ​ក្រុង​Wuhan   ដើម្បី រកការ​បន្ធូរបន្ធយ​នូវ​ភាព​តានតឹង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​និង​ជម្រុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌា មាន​ភាព​កក់ក្តៅ​ឡើង​វិញ។ 

ប្រធានាធិបតី​ចិន​​​​ Xi Jinping ​(ស្តាំ)​​​និង​​​​នាយករដ្ឋមន្ត្រី​​ឥណ្ឌា​​​ Narendra Modi (ឆ្វេង​)​ ​ចូលរួម​​​ជំនួប​កំពូល​​នៅ​​​​ក្រុង ​​Wuhan​ ​ប្រទេស​​​ចិន​​​ថ្ងៃ​​ទី​​២៧​​​មេសា​​​ឆ្នាំ​​​២០១៨​​​​​
ប្រធានាធិបតី​ចិន​​​​ Xi Jinping ​(ស្តាំ)​​​និង​​​​នាយករដ្ឋមន្ត្រី​​ឥណ្ឌា​​​ Narendra Modi (ឆ្វេង​)​ ​ចូលរួម​​​ជំនួប​កំពូល​​នៅ​​​​ក្រុង ​​Wuhan​ ​ប្រទេស​​​ចិន​​​ថ្ងៃ​​ទី​​២៧​​​មេសា​​​ឆ្នាំ​​​២០១៨​​​​​ REUTERS ATTENTION EDITORS - THIS PICTURE WAS PROVIDED BY A THIRD
ផ្សាយពាណិជ្ជកម្ម

ថ្នាក់​​ដឹកនាំ​​​ឥណ្ឌា​និង​ចិន ​ អង្គុយ​កៀក​​​គ្នា​នៅ​លើ​ទូក​មួយ​ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​​បឹង​ដែលមានទឹក​​​​​ល្អក់ នោះ​ហើយ​គឺ​ជា​រូបភាព​រវាង​លោក  Narendra Modi និង​លោក Xi Jinping ​ដែល​ត្រូវបាន​គេ​​មើល​ឃើញ​នៅ​លើ​ទំព័រ​មុខ​នៃ​កាសែត​ចិន​ឈ្មោះមួយ​ Global Times ។​

នៅ​ក្នុង​ជំនួប​កំពូល​នេះ ចិន​និង​ឥណ្ឌា​ មាន​បំណង​ចង់​​រក​ការ​សម្រុះសម្រួល​​​គ្នា ក៏ប៉ុន្តែ​​ភាគី​ទាំង​ពីរនេះ​នៅ​តែ​​គិត​​ផល​ប្រយោជន៍​ប្រទេស​គេ​​រៀង​ៗ​ខ្លួន។

លោក Xi Jinping ​កំពុង​​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​និងក៏​​ត្រូវ​ខិតខំ​និយាយ​បញ្ចុះបញ្ចូល​មហា​យក្ខ​ឥណ្ឌា អោយ​ដក​ខ្លួនចេញ​​​ឆ្ងាយ​ពី​អាមេរិក។

ចំណែក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក  Modii វិញ​ ដែល​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ហិប​សន្លឹក​​ឆ្នោត​នៅ​ឆ្នំា​ក្រោយ​នឹង​​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​​សេដ្ឋកិច្ច​​​ឥណ្ឌា​​មាន​ការ​លូត​លាស់​​​​​រុងរឿង។

មួយវិញទៀត​ សំណុំ​រឿង​ខ្វែង​គំនិត​គ្នា​ ក៏​មិន​ខ្វះ​ដែរ​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​ប្រាស្រ័យ​គ្នា​នេះ​ដែលធ្វើឡើង​នៅ​ក្បែរ​មាត់​បឹង​នៃ​ក្រុង Wuhan ។ គួររំលឹកថា កាលពី​រដូវ​ក្តៅ​ឆ្នាំ​មុន ទាហាន​ឥណ្ឌា​និង​ចិននៅតំបន់ព្រំដែន​ បាន​​ប្រឈមមុខ​ដាក់​គ្នា​នៅ​លើ​តំបន់​ខ្ពង់រាប​ Dokhlam​ ក្នុង​តំបន់​ភ្នំ ​Himalaya។

ប្រទេស Bhoutan វិញដែល​ជា​រាជា​ណាចក្រ​ដ៏​តូច​មួយ បាន​អំពាវនាវ​ដល់​ឥណ្ឌា​ប្រទេស​ជិត​ខាង​របស់​ខ្លួននោះ ​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​កុំ​អោយ bulldozers របស់​ចិន មក​ធ្វើការ​ឈូស​ឆាយ​ដី ​ដើម្បី​សាងសង់​ផ្លូវ​មួយ​នៅ​លើ​ទឹកដី​ជាប់​ជម្លោះ។​

នៅ​ក្នុង​ទំនាស់​មួយ​ផ្សេង​ទៀត​​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ប៉ាគីស្ថាន​ ប្រទេស​ឥណ្ឌា ពុំមាន​ការ​ទុកចិត្តអ្វីទេ​នៅ​លើ​សម្ព័ន្ធភាព​រវាង​ចិន​និង​ប៉ាគីស្ថាន​។ពីព្រោះ ប៉ាគីស្ថាន គឺ​ជា​ប្រទេស​​​​ដែល​ឥណ្ឌា ចាត់ទុកថា​​​ជា​​ចំណុច​ដ៏​សំខាន់​នៃ​ផ្លូវ​ខ្សែ​ក្រវាត់​សូត្រ​ចិន​ដែល​ទីក្រុង​ប៉េកាំង​បាន​ចំណាយ​លុយ​អស់​រាប់​សិប​ពាន់​លាន​អ៊ឹរ៉ូ។​

ក៏ប៉ុន្តែ​កាសែត​ចិន​ Global Times   បាន​ធ្វើការ​ប្រៀបធៀប​រួចជា​ស្រេច​ហើយ​ថា ជំនួប​កំពូល​រវាង​លោក Xi និង លោក Modi​ មាន​លក្ខណៈ​ដូច​គ្នា ​ទៅ​នឹង​​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ​មួយ ​រវាង​លោក Deng Xiaoping ​និង​លោក Radjiv Gandhi នៅ​​ក្នុង​ឆ្នាំ ១៩៨៨​​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ