អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបអន្តរកូរ៉េ ៖ លោក ម៉ូន និង លោក គីម សន្យា​នាំ​សន្តិភាព​មកឱ្យ​ឧបទ្វីប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រវត្តិសាស្ត្រ​នឹង​កត់​ត្រា​នៅ​ថ្ងៃសុក្រ​ទី ២៧ មេសា ២០១៨ ក្នុង​ទំព័រ​របស់​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះបន្ទាប់​ពី​បាន​ចាប់​ដៃ​គ្នា​រលាក់យ៉ាង​ស្និទ្ធស្នាល​ប្រកប​ដោយ​និម្មិត្តរូប និង​បាន​ឆ្លង​ចូលបន្ទាត់​ព្រំដែន​គ្នា​ទៅ​វិញ​ទៅមក នៅពេល​ព្រឹក ​ មេដឹកនាំ​កូរ៉េទាំងពីរ គឺ​លោក មូន ចៃអ៊ីន និង គីម ជុងអ៊ុន បាន​ព្រមព្រៀង​គ្នានាំ​ឧបទ្វីប​កូរ៉េ​ឱ្យ​ស្គាល់​​​សន្តិភាព និងលែង​មាន​អាវុធ​នុយក្លេអ៊ែរ។ រុស្ស៊ី​ ចិនជំនិត​តែ​មួយ​គត់​របស់​កូរ៉េខាង​ជើង បាន​សម្តែងការ​អបអរ​និង​កោត​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​កូរ៉េ​ទាំង​ពីរ ចំពោះ​ជំនួបជា​វិជ្ជមាន​នៅ​ថ្ងៃ​នេះ។

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង និង​ខាង​ត្បូង ធ្វើសន្និសីទរួម ថ្ងៃទី ២៧ មេសា ២០១៨
ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង និង​ខាង​ត្បូង ធ្វើសន្និសីទរួម ថ្ងៃទី ២៧ មេសា ២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ពី​ក្រោយ​​​រូប​ភាពប្រកប​ដោយ​​និម្មិត្តរូបដ៏​អស្ចារ្យ នៃ​​ការ​​ចាប់​ដៃ​គ្នា​ និងការ​​ឆ្លង​ព្រំដែន​ ​ភាព​ញញឹមរាក់ទាក់ ស្និទ្ធិស្នាល និង​​ពី​ក្រោយ​​អារម្មណ៍​រំភើប​រំជួល​ចិត្ត​ គឺ​កិច្ច​ពិភាក្សា​​ដ៏ រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​និ​ងខាង​ត្បូង​។ ​ជាជំនួប​ដែល​មានការ​គិត​គូរ​យ៉ាង​ល្អិត​ល្អន់​បំផុត​ រហូត​ដល់​ថ្នាក់​តុ​ចរចា​ ក៏​មាន​តម្លៃជា​និម្មិត្តរូប​ខ្លាំងដែរ ៖ ជា​តុ​មូល​ពងក្រពើ អង្កត់​ផ្ចិត​ប្រវែង ២១០៨មីល្លីម៉ែត្រ ឱ្យ​ត្រូវ​នឹង​ឆ្នាំ​២០១៨។

ជំនួបនេះ​ជា​និម្មិត្ត​រូប​បង្ហាញ​អំពី​ភាព​ធូរ​ស្បើយ​​ក្នុង​ឧបទ្វីប​កូរ៉េ​ផង និង​ជា​ឱកាស​នៃ​ការ​ជជែក​ពិភាក្សា​គ្នា​ លើ​គ្រប់​ប្រធានបទ​ទាំង​អស់​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនងរវាង​កូរ៉េទាំងពីរ និង​ឈាន​ឆ្ពោះ​ទៅ​សាង​សន្តិភាព​ ​ការ​បង្រួបបង្រួមកូរ៉េ ដោយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

​ជា​លទ្ធផល នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍រួម កូរ៉េទាំង​ពីរ​បាន​សម្រេច​​បន្តរៀបចំ​កិច្ចប្រជុំ​បង្រួបបង្រួម​គ្រួសារជា​ថ្មី នៅ​ថ្ងៃទី ១៥ខែ​​សីហាខាង​មុខ និង​ជំនួប​យោធា​ជាន់​ខ្ពស់ នៅ​ខែ​ឧសភា។ លោក មូន ចៃអ៊ីន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ។​ កូរ៉េខាង​ជើង​និង​ខាង​ត្បូង​នឹង​បង្ហាញ​វត្តមាន​រួម​គ្នា​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ានហ្គេម២០១៨។

ដំណើរ​ឆ្ពោះ​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព

ដោយ​ឆ្នាំ​នេះជា​ខួប​៦៥​ឆ្នាំ​គត់នៃ​ការ​​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ប្រកាសព្រមព្រៀង​គ្នា​បន្ត​សកម្មភាព​ បើកកិច្ចប្រជុំ​ត្រីភាគី កូរ៉េទាំងពីរនិង​អាមេរិក ឬ​កិច្ចប្រជុំ​ចតុ​ភាគី​ កូរ៉េទាំង​ពីរ អាមេរិក​និង​ចិន ដើម្បី​អាច​ឈាន​ដល់​ការ​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កូរ៉េខាង​ជើង និង​ខាង​ត្បូង។

សូម​បញ្ជាក់​ថា បើ​តាម​បច្ចេកទេស កូរ៉េខាង​ត្បូង​និង​កូរ៉េខាង​ជើង​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មាន​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយ​ទេ។ កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៥៣​ គ្មាន​ភាគី​កូរ៉េខាង​ត្បូង ! គឺ​មាន​តែ​ភាគី​អង្គការ​សហប្រជាជាតិ តំណាង​ដោយ​សហរដ្ឋ​អាមេរិក ចិន និង​កូរ៉េខាង​ជើង​តែ​ប៉ុណ្ណោះ។ ​ប្រធានាធិបតី​កូរ៉េខាង​ត្បូងសម័យ​កាលណោះ បដិសេធមិនទទួល​យក​​គោលការណ៍​ឈប់​បាញ់។ ត្រង់​ចំណុច​នេះ អ្នក​វិភាគ​គ្រប់​គ្នា​សុទ្ធ​វាយ​តម្លៃ​ត្រូវ​ និង​យល់​ថា​ ការ​ស្វែង​រក​សន្តិភាព​ឱ្យ​ឧបទ្វីប​កូរ៉េ​ទំនង​ជា​លទ្ធផល​​ដែល​នឹង​អាច​សម្រេច​បាន​នៅ​ពីក្រោយ​ជំនួប​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​លើក​នេះ។​

ឧបទ្វីបកូរ៉េ​គ្មានអាវុធ​នុយក្លេអ៊ែរ

​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​ប្រកាស​ក្រោយ​ជំនួបដ៏​វិសេសវិសាល​ថ្ងៃនេះ លោក មូន ចៃអ៊ីន និង​លោក គីម ជុងអ៊ុន បាន​សម្រេច​​ដើរ​រួម​គ្នា​ទៅ​រក​សន្តិភាព ដោយ​សន្យាធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មានជម្លោះ ដោយ​បញ្ឈប់​រាល់​សកម្មភាព​ញុះញង់​បែប​ស្អប់​ខ្ពើម មិន​ថា​នៅលើ​ដី លើ​អាកាស ក្នុង​ទឹក​ទេ និង​ដោយ​មាន​ចេតនា​ប្រែក្លាយ​តំបន់​គ្មានកងទ័ព​ ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ជា​ពីរ និង​ដែល​មាន​បំពាក់​អាវុធ​ខ្លាំង​ជាង​បំផុត​នៅ​លើ​លោក ឱ្យទៅ​តំបន់​សន្តិភាព។

ប្រមុខ​ដឹកនាំ​​​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន​ ថែម​ទាំង​បាន​​សន្យាថា​​នឹង​មិន​ធ្វើ​ប្រវត្តិសាស្ត្រ ​​ដើរ​ច្រំដែលៗទេ។ ប្រវត្តិសាស្ត្រ​ច្រំដែល​ដ៏​ចុកចាប់​ដែល​លោក​ចង់​សំដៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរមុនៗ។ លោក គីម ជុងអ៊ុន បាន​សន្យា​ធ្វើ​គ្រប់យ៉ាង គោរព​​កិច្ចព្រមព្រៀងដែល​បាន​ធ្វើ​​ជាមួយ​លោក មូន​ចែអ៊ីន នៅ​ក្នុង​ថ្ងៃ​សុក្រ​ទី ២៧​មេសា​នេះ។ កូរ៉េខាង​ជើង​បាន​ស្គាល់ ការ​ឈឺចាប់ ការ​លំបាក​ និងការ​ខក​ចិត្ត​ហើយ ប៉ុន្តែគេ​មិន​អាច​ចាប់​យក​ជ័យ​ជំនះ ដោយ​មិន​ឆ្លង​កាត់​ការឈឺចាប់​បាន​ឡើយ។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​លោក គីម ជុងអ៊ុន នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

​កូរ៉េខាង​ជើង​អស់​ជម្រើស ?

នេះ​​ជា​ដំណឹង​ដ៏​វិជ្ជមាន និង​ជា​ដំណាក់កាល​ចាប់​ផ្តើម​ដ៏​សំខាន់ នៃ​ការ​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរកូរ៉េ​ខាង​ជើង​ដែលជា​ប្រធានបទ​ដ៏​លំបាក និងស្មុគ​ស្មាញ​ខ្លាំងណាស់ ព្រោះ​ វា​មិន​មែន​ពាក់​ព័ន្ធ​តែ​ជាមួយ​នឹង​កូរ៉េខាង​ត្បូង​មួយ​ម្នាក់​ឡើយ។ អ្នក​ដែល​ពាក់ព័ន្ធ​ម្នាក់ទៀត​គឺ​សហរដ្ឋ​អាមេរិក ដែល​ប្រធានាធិបតី​នឹង​ត្រូវ​មាន​ជំនួប​ជាមួយ​គីមជុងអ៊ុន​ដែរ នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា។

សម្រាប់​កូរ៉េខាង​ជើង​ ការ​ប្រឹង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ គឺ​ជាចម្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។ កូរ៉េខាង​ជើងតែង​ទាមទារ​ឱ្យ​កា​រធានាសន្តិសុខ​ (ដក​កងទ័ព​អាមេរិក​ជាង​២៨៥០០​នាក់ចេញ​ពីកូរ៉េខាង​ត្បូង) ជា​ថ្នូរ​នឹង​ការ​រំសាយ​នុយក្លេអ៊ែរ។​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង នៅ​ក្រុង​ប៉េកាំង លោក​គីមជុនអ៊ុន បាន​ព្រលយ​ឱ្យ​ដឹង​ថា​ការ​រំសាយ​នុយក្លេអ៊ែរ នឹង​ត្រូវ​បញ្ចប់ បើសិន​ជា​សេអ៊ូល និ​ងវ៉ាស៊ីនតោន​ ចាត់​វិធានការ​នាំ​សន្តិភាព​​ដល់​ឧបទ្វីប។

តែដោយ​សារ​កម្មវិធី​នុយក្លេអ៊ែរ​នេះ ព្យុងយ៉ាង​ត្រូវ​រង​ភាព​ឯកា និង​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ ទំនង​ជា​ដល់​ពេល​ដែល​កូរ៉េខាង​ជើង​យល់​ ថា​ត្រូវ​ជ្រើសរើស​យក​ការ​ពារ​សន្តិសុខ​ឬ​ប្រទេស​ដួលក្ស័យ​ហើយ​មើល​ទៅ។ ហើយ​កូរ៉េខាងជើង ទំនង​ជា​គ្មាន​ជម្រើស​ច្រើន​ផង ព្រោះបើ​តាម​អ្នក​ជំនាញ​ចិន ​មជ្ឈមណ្ឌល​បាញ់​សាកល្បង​មីស៊ីល​និង​នុយក្លេអ៊ែរ​តែ​មួយ​គត់​របស់​ខ្លួន រង​ការ​ខូច​ខាត​ប្រើ​លែង​កើត​បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ខែ​កញ្ញា​២០១៧ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ