rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បង់ក្លាដែស៖​៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

ដោយ គួច គន្ធារ៉ា

ថ្ងៃទី២៤ មេសា ឆ្នាំ ២០១៨ ជា​ខួប​គម្រប់ ៥ឆ្នាំ​នៃ​សោកនាដកម្ម​បាក់រលំ​អាគារ​កាត់ដេរ​នៅ​តំបន់​រ៉ាណា ប្លាហ្សា​ស្ថិត​ជាយ​ក្រុង​ដាកា ប្រទេស​បង់ក្លាដែស។ ព្រឹត្តិការណ៍​កាលណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​កម្មករ កម្មការនី​កាត់ដេរ​ចំនួន ១ ១៣៥នាក់ និង​របួស​ធ្ងន់ ស្រាល​ជាង ២ ០០០នាក់​ផ្សេង​ទៀត។ ៥ឆ្នាំ​ក្រោយ​មក លក្ខខណ្ឌ​ការងារ រួម​ទាំង​សន្តិសុខ​នៅ​តាម​អាគារ​កាត់ដេរ​មាន​ការ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។

ក៏​ប៉ុន្តែ និតិវីធី​ផ្លូវ​តុលាការ​ក្នុង​រឿង​មួយ​នេះ​ហាក់​កំពុង​បន្ត​អូសបន្លាយ។ ម្យ៉ាង​ទៀត នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​គោរព​សិទ្ធិ​របស់​កម្មករ និង​បុគ្គលិក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

កាល​ពី ៥ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២៤ មេសា ឆ្នាំ ២០១៣ អាគារ​កាត់ដេរ​មួយ​កម្ពស់ ៨ជាន់​ធ្វើ​ពី​ថ្ម​ស្ថិត​ក្នុង​តំបន់​រ៉ាណា ប្លាហ្សា​ជាយ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស​បាន​បាក់រលំ​ជាមួយ​នឹង​វត្តមាន​កម្មករ កម្មការនី​ប្រមាណ​ជា ៥ ០០០នាក់។ គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក ព្រឹត្តិការណ៍​មួយ​នេះ​បាន​ផ្តាច់​ជីវិត​កម្មករ កម្មការនី​ជាង ១ ០០០នាក់ និង​របួស​ធ្ងន់ ស្រាល​ជាង ២ ០០០នាក់​ផ្សេង​ទៀត។ សោនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា​កាល​ណោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មហា​សោកនាដកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នៃ​ប្រវត្តិ​សម័យទំនើប។ ចំណែក​តំបន់​រ៉ាណា ប្លាហ្សា​ទៀត​សោត​ក៏​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ក្នុង​តម្លៃ​ថោក​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស​បរទេស​គ្រាក់ៗ ពិសេស​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ម៉ាក​ល្បីៗ។

អ្វី​ដែល​ក្រុមហ៊ុន សហគ្រាស​បរទេស​ចង់​បាន គឺ​តម្លៃពលកម្ម​ថោក​ដោយ​មិន​ខ្វល់​ពី​លក្ខខណ្ឌ និង​សន្តិសុខ​ការងារ​របស់​កម្មករ កម្មការនី​ឡើយ។ កម្មវត្ថុ​របស់​ក្រុមហ៊ុន សហគ្រាស​បរទេស គឺ​លក់​ក្នុង​តម្លៃ​ថោក​ដើម្បី​លក់​បាន​ច្រើន ហើយ​ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន ពួក​គេ​ត្រូវ​ស្វែង​រក​ទីកន្លែង​ផលិត​ដែល​មាន​តម្លៃ​ពលកម្ម​ថោក។ សូម​ជម្រាប​ជូន​ថា បង់ក្លាដែស​ដែល​ជា​ប្រទេស​អាស៊ី​ក្រីក្រ​មួយ​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជា ១៦០លាននាក់​បាន​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​សម្លៀកបំពាក់​ទី២ បន្ទាប់​ពី​ប្រទេស​ចិន។ ជា​មួយ​នឹង​ប្រាក់ខែ​ទាប​ចាប់​ពី ៦៥ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ បង់ក្លាដែស​បាន​ក្លាយ​ជា​គោលដៅ​អាទិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​នៅ​បរទេស។

គឺ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា​កាល​ពី ៥ឆ្នាំ នោះ​ឯង​ដែល​បាន​ដាស់​ស្មារតី​មជ្ឈដ្ឋាន​សាធារណៈ​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍន៍ និង​បាន​ជំរុញ​អង្គការ​អន្តរជាតិ​នានា រដ្ឋាភិបាល រួម​ទាំង​មិនមែន​រដ្ឋាភិបាល​ឲ្យ​គិតគូរ យក​ចិត្ត​ទុកដាក់​លើ​លក្ខខណ្ឌ និង​សន្តិសុខ​ការងារ​របស់​កម្មករ កម្មការនី​ក្នុង​វិស័យ​វាយនភ័ណ្ឌ។ ព្រឹត្តិការណ៍​នៅ​រ៉ាណា ប្លាហ្សា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​សន្តិសុខ​នៃ​កន្លែង​ធ្វើ​ការ​របស់​កម្មករ កម្មការនី​កាត់ដេរ​នៅ​បង់ក្លាដែស​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ។

សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន​បរទេស​ធំៗ​ចំនួន ២២២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ដូច​យ៉ាង​ក្រុមហ៊ុន Adidas H&M ឬ​មួយ Uniqlo។ នៅ​បង់ក្លាដែស កិច្ចព្រមព្រៀង​នោះ​បាន​ទទួល​យក​ដោយ​រោងចក្រ​ដេរ​ខោ អាវ​ចំនួន ១ ៦០០រោងចក្រ ក្នុង​នោះ មាន​រោងចក្រ​ចំនួន ៧៦៧រោងចក្រ​បាន​កែតម្រូវ រៀបចំ​សន្តិសុខ​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុម​សហជីព​ការពារ​កម្មករ កម្មការនី​អាច​ប្តឹង​ថៅកែ​រោងចក្រ​ទៅ​តុលាការ​ពី​បទ​បដិសេធ​ចាត់​វិធានការ​សន្តិសុខ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន។ ជាក់ស្តែង​ថ្មីៗ​នេះ សហគ្រាស​បរទេស​មួយ​ដែល​តុលាការ​យល់ព្រម​លាក់​ឈ្មោះ​ត្រូវ​បាន​តុលាការ​អាជ្ញាកណ្តាល​ក្រុង​ឡាអេ​កាត់ទោស​ឲ្យ​បង់​លុយ​ចំនួន ២លាន ៣សែន​ដុល្លារ​ទៅ​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករ កម្មការនី​បង់ក្លាដែស។

៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា លក្ខខណ្ឌ និង​សន្តិសុខ​ការងារ​នៅ​តាម​រោងកចក្រ​កាត់ដេរ​ក្នុង​ប្រទេស​បង់ក្លាដែស​មាន​ភាព​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ព្រោះ​នៅ​សល់​រោងចក្រ​ជា​ច្រើន​រយពាន់​ទៀត​ក្នុង​ប្រទេស​បង់ក្លាដែស​ហាក់​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​នៅ​ឡើយ​ទេ។ កិច្ចព្រមព្រៀង​ដែល​នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី១ ឧសភា​ខាង​មុខ និង​ដែល​អត្ថបទ​ពង្រាង​មួយ​កំពុង​ចរចា​ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​មាន​សុពលភាព​ដល់​ឆ្នាំ ២០២១។ ក្រៅ​ពី​បន្ត​អំពាវនាវ​រោងចក្រ​ដែល​នៅ​សេសសល់​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ពង្រឹង​សន្តិសុខ និង​លក្ខខណ្ឌ​ការងារ​បុគ្គលិក និង​កម្មករ បញ្ហា​ធំ​មួយ​ទៀត​ដែល​ត្រូវ​ដោះស្រាយ​នៅ​បង់ក្លាដែស គឺ​ទាក់ទង​នឹង​ពលកម្ម​កុមារ។

ពិត​ណាស់​ថា ការ​ពង្រឹង​លក្ខខណ្ឌ និង​សន្តិសុខ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​ជា​រឿង​មួយ​ចាំ​បាច់ មិន​អាច​ខ្វះ​បាន។ តែ​ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន និង​សហគ្រាស​បរទេស​ក៏​មាន​ចំណែក​ចូលរួម និង​ទទួល​ខុស​ត្រូវ​ដែរ។ ក្រុមហ៊ុន និង​រោងចក្រ​បរទេស​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​បន្ត​អនុវត្ត​តាម​ទ្រឹស្តី « លក់​ក្នុង​តម្លៃ​ថោក​ជានិច្ច​ដើម្បី​លក់​បាន​ច្រើន » ហើយ​ដែល​ទ្រឹស្តី​នេះ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ស្វែង​រក​ទីកន្លែង​ផលិត​មាន​តម្លៃ​ពលកម្ម​ថោក។ បន្ទាប់​មក​ទៀត អ្នកប្រើប្រាស់​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ ព្រោះ​ជានិច្ចកាល ពួក​គេ​ចង់​ទិញ​សំលៀកបំពាក់​ល្អ​ក្នុង​តម្លៃថោក​ដោយ​មិន​បាន​គិត​ពី​តម្លៃ​ញើសឈាម​របស់​កម្មករ កម្មការនី​ឡើយ៕

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ