rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់ វៀតណាម ចារកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការ​អាល្លឺម៉ង់​បើក​ជំនុំជម្រះ​​ជនជាតិ​​វៀតណាម​ម្នាក់​​ពី​បទ​​ចាប់ជំរិត

media
លោក Trịnh Xuân Thanh ដែល​ត្រូវ​ជនប្រដាប់អាវុធ​ចាប់​ជំរិត​កណ្តាល​ក្រុង​ប៊ែរឡាំង Chụp màn hình @ nguyentandung.org

តុលាការ​អាល្លឺម៉ង់​បាន​បើក​សវនាការ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ មេសា ២០១៨​នេះ ដើម្បី​កាត់​ទោស​ជនជាតិ​វៀតណាម​ម្នាក់​ ពីបទ​ជាប់​សង្ស័យ​ថា​បាន​ចាប់​ជំរិត​ជនជាតិ​វៀតណាម​ពីរនាក់ នៅ​ក្នុង​ទឹក​ដី​អាល្លឺម៉ង់ តាម​បញ្ជា​របស់រដ្ឋាភិបាល​​កុម្មុយនិស្ត​ក្រុង​ហាណូយ។ ជា​ការ​ចាប់​ជំរិត​ដែល​ បាន​បង្ក​បង្កើត​ឱ្យ​មាន​វិបត្តិនយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​រវាង​ហាណូយ​និង​ប៊ែរឡាំង និង​ដែល​អាល្លឺម៉ង់​មាន​ជនជាប់​ចោទ​ក្នុង​ដៃ​តែ​ម្នាក់​គត់។


មាន​អាយុ​៤៧​ឆ្នាំ ជនជាប់ចោទដើម​កំណើតវៀតណាម​ ​មាន​ត្រកូល Long N.H. និង​មាន​កាន់​សញ្ជាតិ​ទី​ពីរ​ជា ឆែក បាន​បង្ហាញខ្លួន​​នៅក្នុង​សាលសវនាការ​ ​ នៅថ្ងៃអង្គារ​នេះ ដើម្បី​ឱ្យ​​​តុលាការ​អាល្លឺម៉ង់​ ​ជំនំ​ជម្រះ​ពីបទ​បាន​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ចារកិច្ច​វៀតណាម​ ក្នុង​ការ​ចាប់​ជំរិត​ជនជាតិ​វៀតណាមពីរ​នាក់ នៅ​កណ្តាល​ក្រុង​ប៊ែរឡាំង។

សូម​អាន ៖ ប៊ែរឡាំង​ចោទ​ហាណូយថាបាន​ចាប់​ជំរិតជនជាតិ​វៀតណាម​នៅអាល្លឺម៉ង់

ផែនការ​ចាប់​ជំរិត​ មាន​ទម្រង់​ដូច​ប្រលោម​លោក​អង្កេត​ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​យ៉ាង​ដូច្នោះ។ បើ​តាម​សេណារីយ៉ោ​របស់​តុលាការ​អាល្លឺម៉ង់ កងកុម្មង់ដូ​ បាន​ធ្វើ​សកម្មភាព​ តាម​បញ្ជា​របស់​ភ្នាក់ងារ​ចារកិច្ច។ មនុស្ស​របស់​ស្ថានទូត​វៀតណាម​នៅប៊ែរឡាំង​ប្រមាណ​ពាក់កណ្តាល​​បាន​លូក​ដៃ​ក្នុង​រឿង​នេះ។ ភរិយា​របស់​ទីប្រឹក្សាយោធា​ទូតទទួល​បន្ទុកចាត់ចែង​រក​សំបុត្រ​យន្តហោះ​ឱយ​ភ្នាក់ងារ​ចារកិច្ច​ត្រលប់​ទៅ​វិញ។ ​អាល្លឺម៉ង់​បាន​បើក​អង្កេត​ប្រឆាំង​អ្នក​ទទួល​ខុស​ត្រូវ​ភ្នាក់ងារ​ចារកិច្ច​វៀតណាម​ម្នាក់ ប៉ុន្តែ​​ជន​នេះ​ត្រលប់​ទៅ​ស្រុក​វិញ​ទាន់។

នៅ​ក្នុង​ចំណោម​ក្រុមជាប់​សង្ស័យ​ធ្វើ​សកម្មភាព​ចាប់​ជំរិត អាជ្ញាធរ​អាល្លឺម៉ង់​ចាប់​បានជន​សង្ស័យ​តែ​ម្នាក់​គត់ គឺ​​លោក​​Long N.H.។ លោក ឡុង ត្រូវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី ១២​សីហា ២០១៧ នៅ​សាធារណរដ្ឋ​ឆែក មុន​នឹង​បញ្ជូន​មក​ឱ្យ​អាល្លឺម៉ង់​នៅពីរបី​បន្ទាប់។ ជនជាប់​ចោទ​រូប​នេះ ជា​អតីត​ពលករ​កុម្មុយនិស្ត​នៅ​អាល្លឺម៉ង់​ខាង​កើត ធ្លាប់​បាន​សុំ​សិទ្ធ​ជ្រកកោន​នៅ​អាល្លឺម៉ង់ដែរ​ តែ​ប្តូរ​ចិត្ត​ទៅ​រស់​នៅ​រក​ស៊ី​ប្តូរ​ប្រាក់​នៅ​ទីក្រុង​ប្រាក។ នៅ​ពេល​នេះ​ ឡុង​ត្រូវ​ជាប់​ចោទ​ពី​បទ​បាន​ជួល​ឡាន​សម្រាប់​ដឹក​ចំណាប់​ថ្នូរ និង​ជួល​ឡាន​មួយ​ទៀត​សម្រាប់​តាមដាន​ជនរងគ្រោះ​។ ដំណើរការ​សវនាការ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី ១៧​ឧសភា។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២៣​កក្កដា ២០១៧ លោក ​ជិញ ស៊នថាញ់Trinh Xuan Thanh អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​ និង​ជា​អតីត​មេដឹកនាំ​សាខា​ក្រុមហ៊ុន​ប្រេង​សាធារណៈ​វៀតណាម ដែល​បាន​រត់គេច​ខ្លួនពីប្រទេស​​មក​សុំ​ជ្រក​កោន​​នយោបាយ​នៅ​អាល្លឺម៉ង់​ ត្រូវ​បានជន​​​ប្រដាប់​អាវុធ​មួយ​ក្រុម​ចា​ប់ ​ ជាមួយ​ស្រីកំណាត់​ចិត្ត​​ ដែល​បណ្តើរ​គ្នា​នៅ​ក្នុង​ឧទ្យាន​ក្រុង​ប៊ែរឡាំង ញាត់​បញ្ចូលឡាន​ យក​ទៅ​ស្ថានទូតវៀតណាម រួច​បញ្ជូន​ទៅ​ហាណូយ​។ អាល្លឺម៉ង់​បាន​បរិហារសកម្មភាព​ចាប់​ជំរិត​នេះ​ថា​ជា​ទង្វើ​​រំលោភបូរណភាព​ដែនដី​យ៉ាងអាស្រូវ និង​បាន​បណ្តេញ​អ្នកការទូត​វៀតណាម​ពី​រ​រូប​ចេញ​ពី​ប្រទេស​ផង៕