rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ស្ហ៊ីន​ហ្សូ អាបេ​ ផ្ញើ​សារ​គោរព​វិញ្ញាន​ក្ខន្ធ​ទា​ហាន​ជប៉ុន ទៅ​វិហា​រយ៉ា​ស៊ូគូនី​

media
នាយករដ្ឋមន្ត្រីជប៉ុនលោក ស្ហ៊ីនហ្សូ អាបេ REUTERS/Kim Kyung-Hoon

នៅ​ថ្ងៃ​សៅរ៍​ទី​២១​ មេសា​នេះ​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក ​ស្ហ៊ីនហ្សូ ​​អាបេ ​បាន​ផ្ញើ​នូវ​សេចក្តី​គោរព​ ​ចំពោះ​​វិញ្ញាន​ក្ខន្ធ​ទា​ហាន​ជប៉ុន​ ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម ​នៅ​ឯ​វិហារ​ យ៉ាស៊ូគូនី​។ ក៏​ប៉ុន្តែ​ លោក​ អាបេ​ មិន​មាន​គម្រោង​ទៅ​គោរព​វិញ្ញាន​ក្ខន្ធ​ដោយ​ផ្ទាល់​នោះ​ទេ​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិច្ច​ប្រជុំ​ត្រី​ភាគី​ ជាមួយ ​ចិន​ និង ​កូរ៉េ​ខាង​ត្បូង ​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុ​ខ។ នេះ​បើ​តាម​មន្ត្រី​ និង​សារ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ជប៉ុន​។


បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ កំពុង​ស្វះ​ស្វែង​ធ្វើ​យ៉ាងណា​ បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ ជាមួយ​ទី​ក្រុង​ប៉េកាំង​ និង​សេអ៊ូល​ ដែល​សុទ្ឋ​តែ​ជា​តួ​អង្គ​សំខាន់ៗ​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង​។ ហើយ​សារ​ព័ត៌មាន​ក្យូដូ​ បាន​ឲ្យ​ដឹង​ថា​ លោក​ អាបេ ​នឹង​មិន​ទៅ​ទី​សក្ការៈ​បូជា​ផ្ទាល់​នោះ​ទេ​ ដើម្បី​បញ្ចៀស​ភាព​តានតឹង ​មុន​ជំនួប​ត្រី​ភាគី​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ចិន​ លោក​លី ​ខឺឆាំង ​និង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ មូន​ ចែអ៊ីន​ នៅ​ដើម​ខែ​ឧសភា​ ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា​ វិហារ​​យ៉ាស៊ូគូនី​ គឺ​ជា​ទី​សក្ការៈ​សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ ក្នុង​សម័យ​សង្គ្រាម​។ ផ្ទុយ​ទៅ​វិញ​ សម្រាប់​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ត្បូង​ ទាហាន​ជប៉ុន​ទាំង​នោះ​ គឺ​ជា​ឧក្រិដ្ឋ​ជន​សង្រ្គាម​ ដែល​បាន​ឈ្លាន​ពាន​ និង​ធ្វើ​បាប​ប្រជា​ជាតិ​របស់​ពួ​គេ​ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​តំណាង​រាស្ត្រ​ជប៉ុន​ចំនួន​ជាង​ ៧០​នាក់​ បាន​ទៅ​ធ្វើ​សក្ការៈ​បូជា​ដោយ​ផ្ទាល់​នៅ​វិហារ​ យ៉ាស៊ូគូនី​ ចំ​ពេល​ប្រទេស​ជប៉ុន​ ប្រារព្ឋ​ធ្វើ​ ពិធី​បុណ្យ​រដូវ​ផា្ក​រីក​រយៈ​ពេល​បី​ថ្ងៃ​។ ដោយ​ឡែក​ អ្នក​នាំ​ពាក្យ ​របស់​វិហារ​ស៊ូគូនី​ បាន​ឲ្យ​ដឹង​ថា​ លោក​អាបេ​ បាន​បញ្ជូន​ដើម​ឈើ​ "មេ​សា​គី​គី​" ដែល​ជា​ដើម​ឈើ​ដ៏​ពិសិដ្ឋ​មួយ​ ដាក់​ឈ្មោះ​របស់​លោក ​ហើយ​ផ្ញើ​ទៅ​កាន់​ទី​សក្ការៈ​បូជា​។

គួរ​រឮក​ផង​ដែរ​ថា​ លោក​ អាបេ​ ធ្លាប់​បាន​ទៅ​គោរព​វិញ្ញាន​ក្ខន្ធ​ នៅ​វិហារ​យ៉ាស៊ូគូនី ​កាល​ពី​ឆ្នាំ​ ២០១៣​។ ហើយ​លោក​ក៏​ជា ​នាយក​រដ្ឋម​ន្រ្តី​ជប៉ុន​ទីមួយ​ ដែល​បាន​ទៅ​គោរព​វិញ្ញានក្ខន្ធ​ នៅ​វិហារ​ដ៏​ចម្រូង​ចម្រាស​នេះ​ គិត​ចាប់​ពី​ ខែ​ សីហា​ ឆ្នាំ​២០០៦​។ ទង្វើ​របស់​លោក​អាបេ​ នា​ពេល​នោះ​ បាន​បញ្ឆេះ​កំហឹង​ ចិន​ និង​ កូរ៉​ខាង​ត្បូង​ជា​ខ្លាំង​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ នាយក​រដ្ឋ​មន្តី្រ​ជប៉ុន​រូប​នេះ​ មិន​ដែល​ទៅ​វិហារ​យ៉ាស៊ូគូនី​ទៀត​ឡើយ​៕