rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា រ៉ូហ៊ីងយ៉ា ប្រល័យពូជសាសន៍ សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា​ធ្វើ​មាតុភូមិនិវត្តន៍​គ្រួសារ​ជាតិ​រ៉ូហ៊ីងយ៉ា បើទោះ​មាន​ការបារម្ភ​របស់​អង្គការសិទ្ធិមនុស្ស

media
ក្មេងប្រុស​រ៉ូហ៊ីងយ៉ា នៅជំរំភៀសខ្លួន​មួយ នៅ​ Cox's Bazar ក្នុង​ទឹកដី​បង់ក្លាដែស នៅថ្ងៃទី​២២​មីនា ២០១៨ ©REUTERS/Mohammad Ponir Hossain

រដ្ឋាភិបាល​ភូមា នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​បង្ហាញ​ថា ខ្លួន​បាន​ធ្វើ​មាតុភូមិនិវត្តន៍ ជនជាតិ​រ៉ូហ៊ីងយ៉ា មួយ​គ្រួសារ​ពី​ប្រទេស​បង់ក្លាដែស។ នេះ​បើតាម​ សេចក្តី ប្រកាសថ្លែងការណ៍​របស់​គណៈកម្មការ​ព័ត៌មាន​ភូមា ដែល​មាន​ចុះផ្សាយ នៅលើ​ទំព័រ​សង្គម​ហ្វេសប៊ុក​កាលពី ​ល្ងាច​ថ្ងៃ​សៅរ៍។ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ បាន​សំដែង​ការសង្ស័យ និង​ព្រួយបារម្ភ​ពីអនាគត សុវត្ថិភាព​របស់​គ្រួសារ​ជាតិរ៉ូហ៊ីងយ៉ា នៅក្រោយ​មាតុភូមិនិវត្តន៍​ត្រលប់​ចូល​ទៅ​រដ្ឋរ៉ាឃីន ជាទី​ដែល​ពួកគេ​ធ្លាប់​រត់ចេញ​ពី​អំពើហិង្សា និង​ការបង្រ្កាប​របស់​យោធា ភូមា។

 


រដ្ឋាភិបាល​ភូមា​បាន​ធ្វើ​មាតុភូមិនិវត្តន៍ លើក​ដំបូងគេ ជនជាតិ​រ៉ូហ៊ីងយ៉ា មួយគ្រួសារ ពី​ប្រទេស​បង់ក្លាដែស។ តាម​សេចក្តីថ្លែងការណ៍​ដដែល ដែល​ចុះផ្សាយ​នៅ​ទំព័រ​សង្គម​ហ្វេសប៊ុក សមាជិក​៥​នាក់​របស់​គ្រួសារ​ជាតិ​រ៉ូហ៊ីងយ៉ា​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ត្រលប់​ទៅ​រស់នៅ ជាមួយ​សាច់ញាតិ នៅ​ក្នុង​ជំរំ នៅទីក្រុង​Taungpyoletwei របស់​រដ្ឋរ៉ាឃីន នៅក្រោយ​បាន​ទទួល​ការត្រួតពិនិត្យ​សុខភាព និង​កាតសំគាល់​ខ្លួន​ពី​អាជ្ញាធរ​ភូមា​ផ្នែក​អន្តោប្រវេសន៍។

តាំង​ពីខែ​សីហា ឆ្នាំ ២០១៧ ជនជាតិ​រ៉ូហ៊ីងយ៉ាង ប្រមាណ ៧សែននាក់​បាន​រត់គេច​ចេញ​ពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង ភូមា និង​ទៅជ្រកកោន កកកុញ ក្នុង​ជំរំ​ជនភៀសខ្លួន​ដ៏​អត្តខាត់ នៅ​ទឹកដី​បង់ក្លាដែស ជាប់ព្រំដែន​ជាមួយ ភូមា។ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ភូមា បាន​បង្ហាញ​ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា តែ​មួយគ្រួសារ ដែល​ត្រូវ​បាន​ទទួល ឲ្យ​ត្រលប់​ចូលទឹកដី​ភូមា ប៉ុន្តែ មិន​បានលើកនិយាយ​ពី​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍ របស់​ជនជាតិរ៉ូហ៊ីងយ៉ា​ដទៃទៀតនោះទេ។

នៅខែ​មករា​ដើមឆ្នាំនេះ រដ្ឋាភិបាល​ភូមា និង​បង់ក្លាដែស​បាន​ចុះកិច្ចព្រមព្រៀង ទុកពេល​២​ឆ្នាំ ដើម្បី​ដោះស្រាយ​ឲ្យ​ចប់ បញ្ហា​ធ្វើ​មាតុភូមិនិវត្តន៍ ជនជាតិ​រ៉ូហ៊ីងយ៉ា ពី​ប្រទេស​បង់ក្លាដែស។ ប៉ុន្តែ ពេលវេលា​នៃ​ការធ្វើមាតុនិវត្តន៍​ត្រូវ​បានរំកិល ជាបន្តបន្ទាប់។ ភាគី​ទាំងពីរ​បាន​បន្ទោសគ្នា​ទៅវិញ ទៅមក ថា នៅ​មិនទាន់​ត្រៀមខ្លួន ដើម្បី​រៀបចំ​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា។ នៅ​ភូមា ការវិលត្រលប់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​ជាប់គាំងស្ទះ ដោយសារ​តែ​ចលនា​ប្រឆាំង​របស់​សង្ឃជាតិ​និយមភូមា​ ហើយនិង​ជំហរ​ មិន​យល់ស្រប​របស់​យោធា​ភូមា ​ដែល​បាន​ចាត់ទុក ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​ជនអន្តោប្រវេសន៍ ខុសច្បាប់ នៅក្នុងទឹកដី​ភូមា។

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ភូមា​មិន​គួរ​ប្រញាប់​ធ្វើ​មាតុភូមិនិវត្តន៍​គ្រួសារ​រ៉ូហ៊ីងយ៉ា នៅពេលនេះ ទេ ព្រោះថា ភូមា នៅ​តែ​មិនទាន់​មាន​ប្រព័ន្ធ​ច្បាប់ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង​ទៅលើ​ជនជាតិ​ភាគតិច​នៅឡើយ។ គ្មាន​ប្រព័ន្ធច្បាប់​រឹងមាំ ជនជាតិ​រ៉ូហ៊ីងយ៉ា នឹង​អាច​ប្រឈម​ជាថ្មី នឹង​ការសម្លាប់ ការធ្វើទុក្ខបុកម្នេញ ហើយ​និង​នៅ​តែមិនអាច​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ នៅពេល​ពួកគេ​ត្រលប់​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​ភូមាវិញ។ ម្យ៉ាងទៀត គេ​បារម្ភដែរថា នៅពេល​ត្រលប់​ចូលទៅ​ភូមាវិញ ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​មាន​ផ្ទះសម្បែងរបស់ពួកគេ​ត្រូវ​បាន​ដុតបំផ្លាញ និង​លុបបំបាត់​ដាន​ចោល ដោយគ្រឿងចក្រ​របស់​យោធាភូមា នឹង​ត្រូវ​គេ​ប្រមូលផ្តុំ​ឲ្យ​ទៅ​រស់នៅ សាជាថ្មី ក្នុងជំរំភៀសខ្លួន ក្នុងរដ្ឋរ៉ាឃីន។

អង្គការ​ការពារ​សិទ្ធិមនុស្ស​FIDH​វិញ​វាយតម្លៃថា ភូមា បង្ខំ​ធ្វើ​មាតុភូមិនិវត្តន៍​នៅពេលនេះ ដើម្បី​បិទបាំង ប្តូរ​ចំណាប់អារម្មណ៍​សហគមន៍​អន្តរជាតិ ដែល​ចោទ​យោធា​ភូមា ថា បាន​បើក​ការបង្រ្កាប សម្លាប់ យ៉ាង​ហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅក្នុង​ចេតនា​បោសសម្អាត​ជនជាតិ​ភាគតិច។

សូមអាន៖ជនជាតិ​រ៉ូហ៊ីងយ៉ា ​ចោទ​ថា​កម្មវិធី​ទទួល​ពួកគេ ​ឲ្យ​ត្រលប់​ទៅ​ភូមា​វិញ ​គឺជា​រឿង​បោកប្រាស់

ថ្មីៗនេះ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ទឹកដី​បង់ក្លាដែស បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា ពួកគេ​ខ្លាច មិន​ចង់​ត្រលប់ទៅ​រស់នៅ ក្នុង​ភូមិ នៅ​រដ្ឋរ៉ាឃីន ជាទី​ដែលយោធា​ភូមា បាញ់​សម្លាប់ បងប្អូន​សាច់ញាតិ និង​ដុត​ផ្ទះសម្បែង​របស់ពួកគេ​នោះទេ។ ក្រៅតែ​ពី​ខ្វះស្បៀងអាហារ ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់សែននាក់ ក្នុង​ជំរំភៀសខ្លួន នៅ​បង់ក្លាដែស កំពុង​ប្រឈម​នឹង​ការជន់លិចលង់ និង​ជម្ងឺរាតត្បាត នៅពេល​រដូវវស្សា​ឈាន​ចូល​មកដល់ នៅប៉ុន្មាន​ខែ​ខាងមុខ៕