rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េ​ខាង​ជើង រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទស្សនកិច្ច​ដ៏​កម្រ​នៃ​ប្រមុខការទូត​កូរ៉េ​ខាង​ជើង​នៅ​ម៉ូស្គូ

media

រុស្ស៊ី​សូម​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្តល់​”ការ​ធានា​សែនមាំ​ដូច​បេតុង​ស្រាក់​សរសៃ​ដែក​អញ្ចឹង​“ ដល់ កូរ៉េ​ខាង​ជើង ជាថ្នូរនឹងការ​យល់ព្រម​របស់ប្រទេស​នេះ​សុខចិត្តលះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ​សេចក្តី​អំពាវនាវនេះ ត្រូវបាន​បន្លឺ​ឡើង​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ​ពេល​ទទួលជួប​ចរចាជាមួយ​សមភាគី​កូរ៉េ​ខាងជើង លោក Ri Yong Ho នៅ​ក្រុង​ម៉ូស្គូ​ថ្ងៃអង្គារ ទី ១០ មេសា​ខណៈដែល​ស្ថានការណ៍​នៅ​ឧបទ្វីបកូរ៉េ បាន​ធូរស្រាល​ទៅវិញ។


គួរនិយាយថា មុននឹង​មកដល់​ក្រុងម៉ូស្គូ លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ក្នុង​មួយ​ខែ​ចុង​ក្រោយបានបំពេញ​ទៅ​ហើយ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុយអែដ អាស៊ែរបែដហ្សាន់​និង​តួកមេនីស្ថាន។ ដំណើរទស្សនកិច្ច លោក Ri Yong Ho មកកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ឋានៈ​ជា​សម្ព័ន្ធមិត្ត​មួយ​ដ៏​កក់ក្តៅ​របស់​កូរ៉េ​ខាងជើង ប្រព្រឹត្ត​ទៅ​ក្នុង​ផ្ទៃនៃ​ការខិត​ចូល​ជិត​គ្នា​ដ៏​អស្ចារ្យ រវាង​កូរ៉េ​ទាំង​ពីរ តាំងពី​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នៅ​ក្រុង ព្យុងចាន់​កូរ៉េ​ខាង​ត្បូង កាលពី​ពីរ​ខែ​មុន អម​ទៅ​ដោយ​រលក​នៃ​សំដីការទូត​ដ៏ទ្រគោះ​និង​កំញើញដាក់គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិកាំង ដូណាល់ ត្រាំ​និង​អគ្គមគ្គុទេសក៏ កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន។

ក្រោយពី​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ នៅក្រុង​ប៉េកាំង កាលពី​ចុង​ខែមីនា​កន្លង​ទៅ មេដឹកនាំ​កូរ៉េខាង​ជើង លោក គឹម ជុងអ៊ុន ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មុន ឆៃអ៊ិន ថ្ងៃ ២៧ មេសា នៅ តំបន់គ្មាន​កងទ័ព​ដែល​ពុះ​ចែក​ទឹកដី​កូរ៉េ​ជា​ខាង​ជើង​និង​ខាង​ត្បូង​ទំរាំដល់ពេល​ប្រព្រឹត្ត​ទៅ​ជំនួប​កំពូល​អាមេរិក-កូរ៉េ​ខាង​ជើង​ដែលគ្រោង​ប្រព្រឹត្តទៅ​ទៅ​ទល់ដើមខែ​មិថុនា​ខាង​មុខ។

លោក​ប្រមុខ​ការទូត​កូរ៉េ​ខាង​ជើង Ri Yong Ho ក្រោយពីត្រូវបានទទួលជួបម្សិលមិញ ដោយសមភាគីរុស្ស៊ី ឥតបាន​ធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈឡើយ។ ប៉ុន្តែ លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានថ្លែង​នៅ​ពីមុខ​ពួក​អ្នកកាសែត​អំពី​ក្តីសោមនស្សន៍​របស់​គាត់​ចំពោះ”កម្រិតល្អ​បង្គួរ​នៃ​សហប្រតិបត្តិការ​រវាង​ក្រុងព្យុង​យ៉ាង​និង​ម៉ូស្គូ​និង​បាន​​អបអរសាទរ​ចំពោះ​ការរៀបរយស្ថានការណ៍​បាន​ស្រួលបួល​ជាលំដាប់​លំដោយ​​និង​ការខ័ណ្ឌ​បញ្ចប់​ទៅ​នៃ​ពាក្យ​គម្រាមដាក់គ្នាទៅវិញទៅមក ព្រម​ទាំង​ឆន្ទៈ​តាំង​ទំនាក់ទំនង​នឹង​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​និង​រវាង​កូរ៉េ​ខាង​ជើង​និង​សរអា។

 

តាម​លោកប្រមុខការទូត​រុស្ស៊ី អភិក្រម​នេះ ត្រូវ​ចប់ទៅ​ដោយ​ការ​ចុះហត្ថលេខា លើ”កិច្ចព្រមព្រៀង​ពហុភាគី“ ស្តីអំពី​សន្តិសុខ​តំបន់​អាស៊ី​បូព៌ា “ បូកទាំង​ការ​ប្រែ​ឧបទ្វីបកូរ៉េ​ទៅ​ជាតំបន់​គ្មាន​អាវុធនុយក្លេអ៊ែរ -កិច្ចព្រមព្រៀង​នេះ ត្រូវ​ចែង​អំពី “ ការធានាឲ្យ​បាន​មធ្យ័ត​មែនទែន “ សម្រាប់ សន្តិសុខ​កូរ៉េ​ខាង​ជើង។

តាម​លោក​ឡាវ្រ៉ូវ​​​​​៖គាត់​នឹង​ទៅបំពេញទស្សនកិច្ច​នៅ​ក្រុងព្យុងយ៉ាង​តាម​សេចក្តីអញ្ជើញ​របស់​សមភាគី​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ​នា​កិច្ចចរចា​ឥតមាន​និយាយប៉ះ​លើ​ជំនួប​ជាយថាហេតុ​អ្វីណា​រវាង​លោក ប្រធានធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន​និង​លោក គឹម ជុងអ៊ុនឡើយ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ធ្លាប់​មាន មន្ត្រី​និង​បេសកជន​ថ្នាក់​លើៗ របស់​ក្រុងព្យុងយ៉ាង បាន​មក​កាន់​ក្រុងម៉ូស្គូ ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ដែល​មាន​ដល់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង មក​ធ្វើទស្សនកិច្ច​នៅ​រដ្ឋធានីរុស្ស៊ី៕