rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការភូមា សម្រេច​បន្ត​ការចោទប្រកាន់​លើ​អ្នក​យក​ព័ត៌មាន​របស់​រ៉យទ័រ

media
Wa Lone អ្នក​កាសែត​រង​ការ​ចោទ​ប្រកាន់​ម្នាក់​ ដែល​ប៉ូលិស​ក្រៀក​ជាប់​ពេល​ចេញ​ពី​តុលាការ​ថ្ងៃទី ១១ មេសា ២០១៨ REUTERS/Ann Wang

ទោះបី​ជា​មាន​គំនាប​ពី​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ ក៏​តុលាការ​ភូមា មិន​កែប្រែ​សេចក្តី​សម្រេច​របស់​ខ្លួន​ដែរ។ នៅ​ថ្ងៃពុធ​នេះ តុលាការ​បាន​ប្រកាស​រ​ក្សា​ការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​​​អ្នក​កាសែត​ភូមាបម្រើការ​ឱ្យ​ភ្នាក់ងារ​​ព័ត៌មាន​Reuters ពីរ​នាក់ ដដែល ពី​បទ “ប៉ះពាល់​ដល់កិច្ចការ​សម្ងាត់រដ្ឋ” ដោយ​បានស៊ើប​រក​​ព័ត៌មាន​ស្តី​ពី​សកម្មភាព​បង្ក្រាប​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ របស់​អាជ្ញាធរ​ភូមា។


“បន្ទាប់​ពី​បាន​ឮ​សំដីសាក្សី ​(ដាក់​បន្ទុក​) តុលាការ​យល់​ថា​សក្ខីកម្ម​របស់​ចុងចោទ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ”​ ដូច្នេះ​តុលាការ​សម្រេច​រក្សា​បទ​ចោទ​ប្រកាន់​​ប្រឆាំង​ជនជាប់​ចោទទាំង​ពីរ​ដដែល ! នេះ​ជា​សេចក្តី​ប្រកាស​របស់​ចៅ​ក្រម ទៅ​ក្នុ​ងសាលសវនាការ​ដែល​ចូល​រួម​ស្តាប់​ដោយ​តំណាង​អង្គ​ទូត និង​អ្នក​សារព័ត៌មាន​ជា​ច្រើន។

ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​ភ្លាម ប៉ូលិ​ស​ក៏​បាន​បញ្ជូន​ជន​ចោទជាប់​ទាំង​ពីរ ​គឺ  Wa Lone អាយុ​៣២​ឆ្នាំ និង​ Kyaw Soe Oo អាយុ​២៧​ឆ្នាំ ត្រលប់​ទៅ​កាន់​ពន្ធនាគារ​ភ្លាម ក្រោម​សម្រែក​ទ្រហោយំ​របស់​ក្រុម​គ្រួសារ។

សូម​បញ្ជាក់​ថា Wa Lone និង​ Kyaw Soe Oo ត្រូវ​បាន​តុលាការ​ភូមា​ធ្វើការ​​ចោទ​ប្រកាន់​ជា​ផ្លូវការ​ កាលពី​ថ្ងៃពុធ​ទី ១០​មករា ២០១៨ ពី​បទ​ “ប៉ះពាល់ការ​សម្ងាត់​រដ្ឋ” តាម​រយៈ​ការ​ស៊ើប​រក​ព័ត៌មាន​ស្តី​​ពី​ការ​បង្ក្រាប​កាប់​សម្លាប់​របស់​ពួក​យោធា​ភូមា លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។ ព្រោះ​​​ប៉ូលិស​បាន​រក​ឃើញ​មាន​ភស្តុតាង​ជា​ឯកសារ​ទាក់ទង​នឹង​ប្រតិបត្តិការ​យោធា​ភូមា នៅភាគ​ខា​ងលិច​ប្រទេស​ ក្នុង​រដ្ឋ​រ៉ាឃីន​ ក្នុង​ដៃអ្នក​ទាំង​ពីរ។

អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សា ឱ្យ​ដោះលែង​អ្នក​យក​ព័ត៌មាន​ជាតិ​ភូមា​ទាំង​ពីរ ដោយ​គ្មាន​លក្ខខណ្ឌ តែ​មិន​សម្រេច។ សម្ពាធ​អន្តរជាតិនេះ​ បាន​ត្រឹម​ជំរុញ​ឱ្យ​​យោធា​ភូមា​បាន​ទទទួល​ស្គាល់​ថា ​មាន​កូនទាហាន​និ​ងអ្នក​ភូមិ​កាន់​សាសនា​ព្រះពុទ្ធខ្លះ​​ បាន​សម្លាប់​​ជន​ជាតិ​រ៉ូហ៊ីងយ៉ាង​មែន។ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​ទៀត​ យោធា​ភូមា​បាន​សារភាព​ជា​ថ្មី​ថា មាន​ពួក​យោធា​បាន​សម្លាប់​មនុស្ស​ដោយ​មិន​ឆ្លង​កាត់​តុលាការ ប៉ុន្តែ​បដិសេធ​ថា​មិនមែន​ជា​ទង្វើ​បោសសម្អាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាង​ទេ។

យោធា​ភូមា​ក៏​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត កាលពី​យប់​មិញ ដោយ​បាន​បប្រកាស​កាត់​ទោស​យោធា​៧​រូប ឱ្យ​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​​​ពី​បទ​បាន​កាប់​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមិ អ៊ីនឌីន ដែល​អ្នក​កាសែត​ទាំង​ពីរ​បាន​ចុះ​ទៅ​ស៊ើប​ និង​រក​បាន​ទាំង​ភស្តុតាង​រូប​ថត​មក​បង្ហាញ។

ជន​ប្រព្រឹត្ត​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ឯ​អ្នក​កាសែត​ទាំ​ងពីរ ដែល​ប្រឹង​រក​ការពិត អាចនឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​១៤​ឆ្នាំ។ នេះ​ជា​សម្រែក​របស់​ Wa Lone មុន​ត្រលប់​ចូល​ពន្ធនាគារ។ សវនាការ​កាត់​ទោស​អ្នក​កាសែត​ទាំង​ពីរ​នឹងបើក​​ធ្វើបន្ត​នៅ​ថ្ងៃ​២០​មេសា ២០១៨៕