អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន៖​លោកស៊ី ជីនពីង​ចាត់​វិធានការ​ទប់​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​ប្រកាស​​បើក​ចំហ​ទីផ្សារ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១០ មេសា​នេះ វេទិកា​សេដ្ឋកិច្ច​អាស៊ី​បាន​បើក​ធ្វើ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ចិន​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។ វេទិកា​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មក​ពី​គ្រប់ជ្រុងជ្រោយ​ពិភពលោក​ដើម្បី​ជជែក​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី។ អ្វី​ជា​ការ​កត់សម្គាល់ វេទិកា​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​មួយ​ចំនួន និយាយ​ជា​រួម និង​រវាង​អាមេរិក និង​ចិន និយាយ​ដោយឡែក។ ថ្លែង​នា​ឱកាស​បើក​នោះ លោក​ស៊ី ជីនពីង​បាន​ប្រកាស​ពី​ការ​បើក​ចំហ​ទីផ្សារ​ចិន។

លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកាសេដ្ឋកិច្ច​អាស៊ី​ក្នុងបប្រទេស​ចិន ថ្ងៃទី១០ មេសា ២០១៨
លោក​ប្រធានាធិបតី​ចិន ​ស៊ី ជីនពីង​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកាសេដ្ឋកិច្ច​អាស៊ី​ក្នុងបប្រទេស​ចិន ថ្ងៃទី១០ មេសា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា វេទិកា​សេដ្ឋកិច្ច​អាស៊ី​រៀបចំ​ក្នុង​ទឹកដី​ចិន​ពេល​នេះ​ជា​ឱកាស​ល្អ​មួយ​ដែល​បាន​អនញ្ញាត​ឲ្យ​លោក​ស៊ី ជីនពីង​ទូទាត់​បញ្ជី​ជាមួយ​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​បញ្ហា​សង្រ្គាម​ពាណិជ្ជកម្ម។ ជា​ឱកាស​ល្អ​ព្រោះ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​នេះ លោក​ស៊ី ជីនពីង​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជា​ច្រើន​រយនាក់​មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក។ ដូច្នេះ​វា​ប្រាកដ​ណាស់​ដែល​ថ្នាក់ដឹកនាំ​អាមេរិក​បាន​ឮ​នូវ​អ្វី​ដែល​លោក​ស៊ី ជីនពីង​បាន​ថ្លែង។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ស៊ី ជីនពីង​មិន​បាន​និយាយ​ចំ​ឈ្មោះ​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ ឬ​អាមេរិក​ទេ តែ​បាន​លើក​ឡើង​ចំៗ​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំង​រវាង​ប៉េកាំង និង​វ៉ាស៊ីតោន។

លោក​ស៊ី ជីនពីង​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា នៅ​ក្នុង​ពិភពលោក​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​សន្តិភាព និង​ការ​អភិវឌ្ឍ ភ្នាក់គំនិត ឬ​ស្មារតី​នៃ​​សង្រ្គាមត្រជាក់​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទាំង​អស់។ បន្ទាប់​មក និង​ខុស​ពី​នយោបាយ​ដំឡើង​ពន្ធ និង​ការពារ​និយម​របស់​លោក​ដូណាល់ ត្រាំ លោក​ស៊ី ជីនពីង​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​នាំ​ចូល និង​បើក​ចំហ​ទីផ្សារ​ចិន​ទៅ​កាន់​បរទេស​ឲ្យ​កាន់​តែ​ទំលំទូលាយ​ថែម​ទៀត។ លោក​ស៊ី ជីនពីង​បាន​ធានា​ថា​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក ចិន​នឹង​មិន​យក​ឥទ្ធិពល​មួយ​នេះ​ទៅ​គំរាមកំហែង​ប្រទេស​ណា​មួយ​ទេ និង​យល់​ឃើញ​ថា សកលភាវូបនីយកម្មសេដ្ឋកិច្ច​នៅ​ជា​និន្នាការ​មួយ​ដែល​មិន​អាច​បញ្ឈប់​បាន ឬ​ផ្លាស់ប្តូរ​បាន​ទេ។

ខុស​ពី​លោក​ដូណាល់ ត្រាំ លោក​ស៊ី ជីនពីង​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​បរទេស​នាំ​ចូល​ចិន

បើ​ពិនិត្យ​មើល​ជា​រួម វិធានការ​សេដ្ឋកិច្ច​ដែល​លោក​ស៊ី ជីនពីង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ពេល​នេះ មាន​មួយ​ភាគ​ធំ​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ប្រកាស​ឲ្យ​ដឹង​នា​ពេល​កន្លង​មក។ តែ​អ្វី​ដែល​ថ្មី និង​បាន​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​សព្វថ្ងៃ គឺ​ការ​បញ្ចុះ​ពន្ធ​លើ​ទំនិញ​បរទេស​មួយ​ចំនួន​ដែល​នាំ​ចូល​ប្រទេស​ចិន ពិសេស​រថយន្ត។ នយោបាយ​របៀប​នេះ​របស់​លោក​ស៊ី ជីនពីង​គឺ​ផ្ទុយ​ទាំង​ស្រុង​នឹង​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ​ដែល​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​បរទេស​នាំ​ចូល​អាមេរិក ពិសេស​ទំនិញ​ពី​ប្រទេស​ចិន។

បន្ទាប់​មក លោក​ស៊ី ជីនពីង​បាន​សន្យា​បន្ត​កំណែទម្រង់​លើ​វិស័យ​ហិរញ្ញវត្ថុ និង​បើក​ទីផ្សារ​សេដ្ឋកិច្ច​ចិន​បន្ថែម​សម្រាប់​អ្នក​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត រួម​មាន វិស័យ​ធានារ៉ាប់រង វិស័យ​សាងសង់​នាវា និង​វិស័យ​អាកាសចរណ៍។ បន្ទាប់​មក​ទៀត លោក​ប្រធានាធិបតី​ចិន​ក៏​បាន​ប្តេជ្ញាចិត្ត​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​បរទេស តែ​ស្រប​គ្នា​នេះ លោក​ស៊ី ជីនពីង​ក៏​បាន​ស្នើ​ដល់​ប្រទេស​ផ្សេង​ឲ្យ​អនុវត្តន៍​ដូច​គ្នា​នេះ​សម្រាប់​ក្រុមហ៊ុន​ចិន។

អាទិភាព​របស់​លោក​ស៊ី ជីនពីង គឺ​ការពារ​ផលប្រយោជន៍​ចិន

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិធានការ​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​អាច​នឹង​ធ្វើ​សង្គ្រាមពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ថយ​ចុះ ឬ​មួយ​ក៏​ឡើង​កំដៅ​កាន់​តែ​ខ្លាំង​ទេ ព្រោះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ។ តែ​បើ​និយាយ​ជា​លក្ខណៈ​ទូទៅ សុន្ទរកថា​របស់​លោក​ស៊ី ជីនពីង​ហាក់​បាន​ធានា​ដល់​ក្រុម​អ្នកវិនិយោគ​ចិន និង​បរទេស រួម​ទាំង​ធ្វើ​ស្ថានភាព​នៅ​ផ្សារភាគហ៊ុន​មាន​ទំនុកទុកចិត្ត​ឡើង​វិញ។ ក្រុម​អ្នកវិនិយោគ​ចិន និង​បរទេស ក៏​ដូច​ជា​ផ្សារភាគហ៊ុន​បាន​យល់​ឃើញ​ដោយ​ក្តី​សង្ឃឹម​ថា សុន្ទរកថា​របស់​លោក​ស៊ី ជីនពីង​ដូច​នេះ​បាន​ចូលរួម​កាត់​បន្ថយ​កំដៅ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​មួយ​ចំនួន និយាយ​ជា​រួម និង​រវាង​អាមេរិក និង​ចិន និយាយ​ដោយឡែក។

ក្រុម​សមាគមន៍​អ្នក​វិនិយោគ​បរទេស​នៅ​ចិន​បាន​សាទរ​ការ​សន្យា​របស់​លោក​ស៊ី ជីនពីង​ក្នុង​ការ​បន្ត​កំណែទម្រង់ តែ​ពួក​គេ​ក៏​បាន​កំពុង​រង់ចាំ​មើល​ការ​អនុវត្ត និង​លទ្ធផល​ដែល​ទទួល​បាន​ជាក់ស្តែង​ជា​មុន​សិន។ សូម​ជម្រាប​ជូន​ថា ជម្រើស​វិធានការ​របស់​លោក​ស៊ី ជីនពីង​តប​នឹង​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពេល​នេះ​មក​ពី​លោក​ស៊ី ជីនពីង​យល់​ថា ការ​គំរាមកំហែង​របស់​លោក​ត្រាំ​ក្នុង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​អស្ថិរភាព។ ដូច្នេះ​ចង់​ឬ​មិន​ចង់ អាទិភាព​ទី១ របស់​លោក​ស៊ី ជីនពីង​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ ការពារ​ផលប្រយោជន៍​ចិន​ជា​ធំ​ដូច​ដែល​លោក​ធ្លាប់​បាន​ថ្លែង​តាំង​ខ្លួន​ជា​អ្នក​ការពារ​ដោះដូរ​សេរី​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​កាល​ពី​ជាង ១ឆ្នាំ​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ