rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េ​ខាង​ជើង អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិកថា កូរ៉េខាងជើង​ត្រៀមខ្លួន​ដើម្បី​ជជែក​ពី​ភាព​គ្មាន​នុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ

media
លោកគីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ REUTERS/KCNA handout via Reuters

នៅ​ថ្ងៃ​អាទិត្យ ទី៨ មេសា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ចំនួន ២រូប​ក្នុង​រដ្ឋបាល​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា នា​គម្រោង​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្នុង​ខែ​ឧសភា​ខាង​មុខ ក្រុម​ព្យុងយ៉ាង​បាន​បញ្ជាក់​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជជែក​ពី​ភាព​គ្មាន​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។  នេះ​ជា​លើកទី១ ដែល​កូរ៉េខាងជើង​បាន​បញ្ជាក់​ប្រាប់​អាមេរិក​ជា​ផ្លូវការ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ទាំង​ ២រូប​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ណា​ទេ។


នៅ​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ទាំង ២រូប​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ មាន​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េខាងជើង និង​រដ្ឋបាល​អាមេរិក​បាន​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ និង​ដោយ​សម្ងាត់​នា​ពេល​ថ្មីៗ​កន្លង​ទៅ និង​ដែល​នា​ឱកាស​នោះ ក្រុង​ព្យុងយ៉ាង​បាន​ប្រាប់​ដៃគូ​សន្ទនា​ត្រង់ៗ​ថា នៅ​ក្នុង​គម្រោង​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​ដូណាល់ត្រាំ​នា​ពេល​ខាង​មុខ កូរ៉េខាងជើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជជែក​ពី​ភាព​គ្មាន​នុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ។ ចំណែក​អ្នក​ទី២ បាន​អះអាង​ពី​ការ​ដែល​រដ្ឋបាល​អាមេរិក​បាន​ទទួល​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​រូប​លោក​គីម ជុងអ៊ុន​ផ្ទាល់។

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​ដែល​លើក​ឡើង​ដោយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ទាំង ២រូប​នេះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​ទទួល​បាន​ប្រតិកម្ម​យ៉ាង​ណា​ពី​កូរ៉េខាងជើង​ដែរ។ អ្វី​ដែល​គេ​ដឹង​មក​ដល់​ពេល​នេះ កូរ៉េខាងត្បូង​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​រវាង​អាមេរិក និង​កូរ៉េខាងជើង ពិសេស​ការ​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​គម្រោង​ជំនួប​រវាង​លោក​គីម ជុងអ៊ុន និង​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ ក៏​ដូច​ជា​នៅ​ក្នុង​ទំនាក់ទំនង​ផ្សេង​ទៀត។

ការ​ដែល​កូរ៉េខាងជើង​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​ពិត​ជា​ដំណឹង​ល្អ ព្រោះ​វា​ក៏​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​ដែរ។ តែ​សំណួរ​ដែល​កំពុង​ចោទ​នៅ​ត្រង់​ថា តើ​អ្វី​ដែល​ក្រុង​ព្យុងយ៉ាង​ចង់​បាន​ពិត​ជា​ដូច​គ្នា​នឹង​ការ​ចង់​បាន​របស់​អាមេរិក​ដែរ ឬ​អត់។ ចូរ​កុំ​ភ្លេច​ថា កូរ៉េខាងជើង​ធ្លាប់​បាន​បញ្ជាក់​ជា​ហូរហែ​ថា ខ្លួន​សន្យា​ពី​លទ្ធភាព​នៃ​ការ​បោះបង់​អាវុធ​នុយក្លេអ៊ែរ ប្រសិន​បើ​អាមេរិក​សុខចិត្ត​ដក​ទ័ព​របស់​ខ្លួន​ទាំង ២៨ ៥០០នាក់​ពី​ទឹកដី​កូរ៉េខាងត្បូង។

គម្រោង​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​នា​ដំណាច់​ខែ​ឧសភា​ខាង​មុខ​ជា​រឿង​ប្រវត្តិសាស្រ្ត និង​ដែល​លោក​ត្រាំ​បាន​និយាយ​ថា លោក​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា៕