rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វៀតណាម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅ​វៀតណាម តុលាការ​បាន​កាត់ទោស​សកម្មជនប្រឆាំង ៦នាក់​ដាក់​ពន្ធនាគារ​ពី ៧ឆ្នាំទៅ​១៥ឆ្នាំ

media
អ្នកទោស​ជា​មេធាវី​វៀតណាម​លោក Nguyen Van Dai VNA/Lam Khanh via REUTERS

នៅ​ក្នុង​ប្រទេស​វៀតណាម សកម្មជនប្រឆាំង​ចំនួន ៦នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​៧ឆ្នាំ​ទៅ ១៥ឆ្នាំ​ក្នុង​បទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល។ សកម្មជនប្រឆាំង​ទាំង ៦នាក់​ស្ថិត​ក្នុង​ចលនា​តែ​មួយ​ឈ្មោះ « ភាតរភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ » ហើយ​ពួក​គេ​បាន​ជាប់ចោទ​ពី​បទ​បាន​ទទួល​លុយ​ពី​បរទេស និង​រៀបចំ​ឲ្យ​មាន​ការ​រៀនសូត្រ​ស្តីពី​សិទ្ធិមនុស្ស។ ក្នុង​ចំណោម​អ្នកទោស​ទាំង ៦នាក់​ក៏​មាន​លោក​មេធាវី​ម្នាក់​ឈ្មោះ​ង្វៀង វ៉ាន់ដាយ​ដែល​បាន​ជាប់ឃុំ​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៥ ក្នុង​បទ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប​ដើម្បី​និយាយ​ពី​សិទ្ធិមនុស្ស។ លោក​អូតូ ហ្វូលហ្កឺណង់ មន្រ្តី​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្នែក​ការពារ​សិទ្ធិមេធាវី​បាន​បញ្ជាក់​ថា ការ​គាប​សង្កត់​លើ​ពួក​ប្រឆាំង​នៅ​វៀតណាម​កំពុង​មាន​កាន់​តែ​ខ្លាំង។


« គណៈកម្មាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ​ធ្លាប់​បាន​និយាយ​ពី​ករណី​លោក​មេធាវី​ង្វៀង វ៉ាន់ដាយ​ដែល​ថា គាត់​ត្រូវ​តែ​ទទួល​បាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ តែ​ទីបំផុត គាត់​ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ឆ្នាំ និង​ឃុំខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ចំនួន ៥ឆ្នាំ។

នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​គ្មាន​យក​ត្រចៀក​ស្តាប់​នរណា​ទាំង​អស់ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​មិន​ស្តាប់ ក្រុម​ដាក់សម្ពាធ​ក៏​មិន​ស្តាប់ ហើយ​ប្រទេស​ផ្សេង​និយាយ​ក៏​មិន​ស្តាប់​ដែរ មាន​ន័យ​ថា វៀតណាម​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត។ គួរ​ឲ្យ​សោកស្តាយ ស្ថានការណ៍​ហាក់​កាន់​តែ​ធ្លាក់​ដុនដាប ហើយ​នរណា​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​ត្រូវ​ទទួល​ទោស។

កន្លង​មក មាន​ការ​ចាប់​ខ្លួន​សកម្មជន​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​មេធាវី និង​អ្នក​សរសេរ​អត្ថបទ​ក្នុង​ប្លុក ហើយ​ករណី​លោក​មេធាវី​ង្វៀង វ៉ាន់ដាយ​មិនមែន​ជា​ករណី​ពិសេស​ទេ។ នេះ​ជា​និន្នាការ​អវិជ្ជមាន​ទូទៅ​នៅ​ក្នុង​វិស័យ​សិទ្ធិមនុស្ស។ មាន​ប្រជាជន​វៀតណាម​ច្រើន​ណាស់​ដែល​ចង់​បាន​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ចូលចិត្ត​ចង់​និយាយ​ពី​លទ្ធិប្រជាធិបេតេយ្យ។

ពិត​ណាស់ កូដកម្ម​របស់​ប្រជាជន​វៀតណាម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មេសា​ជា​រឿង​ដែល​គេ​កម្រ​ឃើញ តែ​នៅ​ក្នុង​ឱកាស​ដូច​គ្នា​នា​ពេល​កន្លង​មក ក៏​យើង​បាន​ឃើញ​មាន​មនុស្ស​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​កូដកម្ម​ដែរ។ ដូច្នេះ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ប្រជាជន​វៀតណាម​អត់​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន​ឡើយ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​ស្តាប់​ប្រជាជន​ខ្លួន​ដែរ »៕