rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង អំពើពុករលួយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងត្បូង៖​តុលាការ​កាត់ទោស​លោកស្រី​ប៉ាក់ គុនហេ​ឲ្យ​ជាប់គុក​ចំនួន ២៤ឆ្នាំ​ក្នុង​បទពុករលួយ

media
​តុលាការ​ក្រុង​សេអ៊ូល​កាត់ទោស​លោកស្រី​ប៉ាក់ គុនហេ​ឲ្យ​ជាប់គុក​ចំនួន ២៤ឆ្នាំ​ក្នុង​បទពុករលួយ REUTERS/Kim Hong-Ji

នៅ​ថ្ងៃ​សុក្រ ទី៦ មេសា​នេះ លោកស្រី​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​ត្រូវ​បាន​តុលាការ​ក្រុង​សេអ៊ូល​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ២៤ឆ្នាំ​ក្នុង​បទ​ពុករលួយ។ គឺ​ជា​រឿង​អាស្រូវ​ពុករលួយ​មួយ​ដែល​បាន​បែក​ខ្ចរខ្ចាយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោកស្រី​ឆយ ស៊ុនស៊ីល​ដែល​ជា​មិត្តស្និទ្ធ​ម្នាក់​របស់​លោកស្រី​ប៉ាក់ គុនហេ និង​ដែល​បាន​ធ្វើ​ឲ្យ​រូបលោកស្រី​​ធ្លាក់​ពី​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៧។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​ប៉ាក់ គុនហេ​អាច​បន្ត​ប្តឹង​ឧទ្ធរណ៍ តែ​លោកស្រី​ត្រូវ​គេ​យក​ទៅ​ឃុំ​ក្នុង​ពេល​រង់ចាំ​សវនាការ​ថ្មី។


លោកស្រី​ប៉ាក់ គុនហេ​ដែល​ជា​ស្រ្តីទី១ ជាប់​ឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១៣ ត្រូវ​បាន​តុលាការ​ក្រុង​សេអ៊ូល​កាត់ទោស​ឲ្យ​ជាប់​គុក​ចំនួន ២៤ឆ្នាំ​ពី​បទ​ពុករលួយ និង​រំលោភអំណាច។ គឺ​ជា​រឿងអាស្រូវ​ពុករលួយ​ដែល​មាន​ជាប់​ជំពាក់​វាក់វិន​ជាមួយ​លោកស្រី​ឆយ ស៊ុនស៊ីល​ដែល​ជា​មិត្តស្និទ្ធ​តាំង​ពី ៤០ឆ្នាំ​របស់​លោកស្រី​ប៉ាក់ គុនហេ។ ក្រៅ​ពី​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ២៤ឆ្នាំ តុលាការ​ក៏​បាន​ផាកពិន័យ​ជា​ប្រាក់​ដោយ​តម្រូវ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​បង់​ជាង ១៦លានដុល្លារ។

នៅ​ក្នុង​សវនាការ លោក​ចៅក្រម​គីម ស៊ី យុន​បាន​បញ្ជាក់​ថា លោកស្រី​ប៉ាក់ គុនហេ​បាន​បង្ខំ​រោងចក្រ សហគ្រាស​កូរ៉េខាងត្បូង​ឲ្យ​ផ្តល់​លុយ​ជា​ច្រើន​រយលាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ២ របស់​លោកស្រី​ឆយ ស៊ុនស៊ីល។ តាម​លោក​ចៅក្រម​គីម ស៊ីយុន រោងចក្រ សហគ្រាស​បាន​បង្ខំចិត្ត​ផ្តល់​លុយ​យ៉ាង​ច្រើន​សម្បើម ហើយ​លោកស្រី​ប៉ាក់ គុនហេ​បាន​ទុក​ឲ្យ​លោកស្រី​ឆយ ស៊ុនស៊ីល​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​លោកស្រី​ប៉ាក់ គុនហេ​ក៏​បាន​ដឹង​ដែរ​ថា មិត្តស្និទ្ធ​តាំង​ពី ៤០ឆ្នាំ​របស់​លោកស្រី​គ្មាន​សិទ្ធិ​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ទាំង​នោះ​ទេ។

លោក​ចៅក្រម​គីម ស៊ីយុន​បាន​បន្ថែម​ថា ទឹកប្រាក់​ដែល​លោកស្រី​ប៉ាក់ គុនហេ​បាន​ទទួល​ខ្លួន​ឯង ឬ​ទទួល​រួម​គ្នា​ជាមួយ​លោកស្រី​ឆយ ស៊ុនស៊ីល​មាន​ជាង ២១លានដុល្លារ។ មាន​អាយុ ៦៦ឆ្នាំ និង​ជា​កូនស្រី​ច្បង​របស់​មេដឹកនាំ​ផ្តាច់ការ​យោធា​លោក​ប៉ាក់ ជុងហ៊ី លោកស្រី​ប៉ាក់ គុនហេ​ដែល​តាំង​ខ្លួន​ជា​អ្នក​ស្អាតស្អំ​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៣។ តែ​បាន​ខ្ទាត​ពី​អំណាច​វិញ​ក្នុង​ឆ្នាំ ២០១៧ ដោយសារ​តែ​រឿងរ៉ាវ​ពុករលួយ​មួយ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​មហាជន​កូរ៉េខាងត្បូង។

សូម​រម្លឹក​ជូន​ថា​ពី​ដំបូង រដ្ឋអាជ្ញា​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លោកស្រី​ប៉ាក់ គុនហេ​ចំនួន ៣០​ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​ពិន័យ​ជាង ១១០លានដុល្លារ។ លោកស្រី​ប៉ាក់ គុនហេ​ដែល​តែង​ច្រានចោល​គ្រប់​ការ​ចោទ​អាច​បន្ត​ប្តឹង​ឧទ្ធរណ៍ តែ​ក្នុង​ពេល​រង់ចាំ​សវនាការ​ថ្មី លោកស្រី​ត្រូវ​គេ​យក​ទៅ​ឃុំ។ ចំណែក​លោកស្រី​ឆយ ស៊ុនស៊ីល​កំពុង​ស្ថិត​ក្នុង​គុក​ស្រាប់ ក្រោយ​ពី​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ២០ឆ្នាំ​កាល​ពី​ខែ​កុម្ភៈ៕