rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន​និង​អាមេរិក ដេញ​ថ្លៃ​ឡើង​ដល់​១០០​ពាន់​លានដុល្លារ

media
សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក​និង​ចិន រីក​កាន់​តែ​ធំឡើងៗ Patrik STOLLARZ / AFP

តើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន នឹងប្រ​ដេញ​ថ្លៃគ្នា​​ឡើង​ដល់​ប៉ុន្មាន​ពាន់​លាន ?! នៅ​ថ្ងៃ​ពុធ​ទី ៤ មេសា នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​វិធានការ​របស់​លោក​ត្រាំ យក​ពន្ធ​លើ​ផលិតផល​នាំចូលពី​ចិន​ ក្នុង​តម្លៃ​ដល់​ទៅ​៥០ពាន់​លាន ប៉េកាំងក៏​​បាន​បញ្ចេញ​ធ្មុង​ដ៏​មុត​ស្រួច​របស់​​ខ្លួន​មក​​​ប្រើ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​បាន​ប្រកាស​​យក​ពន្ធ​នាំ​ចូល​លើ​ផលិតផល​នាំ​ចូល​ពីអាមេរិក​ជា​ច្រើន រាប់​ទាំង​ផលិតផល​សណ្តែក​បាយ រថយន្ត និង​អាកាសចរណ៍។


មួយ​ទៅ​មួយ​មក ! ចិន​មិន​បណ្តោយ​ឱ្យ​អាមេរិក​ជំពាក់​យូរទេ ! កាលពី​ថ្ងៃ​ចន្ទទី២មេសា​ ចិន​​បាន​បង្ហាញ​បញ្ជីទណ្ឌកម្ម​ ​ ចំនួន​១២៨​មុខ​ តម្លៃ​​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​លោក​ត្រាំ ដំឡើង​ពន្ធ​លើ​ដែកថែបនិ​ង​អាលុយមីញ៉ូម​ ក្នុងនៅ​ថ្ងៃពុធ​ទី​៤មេសា​នេះ ពីរបី​ម៉ោងក្រោយ សេចក្តី​ប្រកាស​របស់​រដ្ឋបាល​លោក​ត្រាំ ដំឡើង​ពន្ធ​លើ​​ផលិតផល​នាំ​ចូល​ពី​​ចិន ចំនួន​១៣០០​មុខ ក្នុង​​វិស័យ​អាកាសចរណ៍ បច្ចេកវិទ្យាព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ ឬម៉ាស៊ីន​រ៉ូបូ ​តម្លៃ​៥០ពាន់​លាន​ដុល្លារ ចិន​បាន​បញ្ចេញ​បញ្ជី​​ដំឡើង​ពន្ធ​លើ​​ផលិតផល​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិកថ្មី​មួយ​ទៀត សង​ស្មើ​ក្នុង​តម្លៃ​​ ៥០ពាន់​លាន​ដុល្លារដូច​គ្នា។

មាន​ន័យ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ពេល​នេះ បាន​ឡើងថ្លៃ​​ដល់​១០០ពាន់​លាន​ដុល្លារ​អាមេរិក​ ពោលគឺ​ស្មើ​នឹង​១៧%​នៃ​តម្លៃ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា​ក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​បោះជំហាន​ចូល​ដំណាក់កាល​ថ្មី ដែល​ប៉ះពាល់​ដល់​វិស័យ​នាំ​ចូល​សំខាន់ៗ​របស់​ប្រទេស ដូច​ជា​វិស័យ​យានយន្ត អាកាសចរណ៍ និង​ផលិតផល​សណ្តែក។

នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​ ចិន​បាន​រាប់​បញ្ចូល​​ផលិតផល​ជាប់​ពន្ធនាំ​ចូល​​ឡើង​ដល់​ទៅ​២៥% ​ ចំនួន​ប្រមាណ​១០៦​មុខ​ ដូច​ជា ដំឡើង​ពន្ធ​លើ​រថយន្ត4x4​ អាមេរិកជា​ច្រើន​ប្រភេទ ផលិតផល​គីមី ផលិតផល​ស្រាវីស្គី បារី និង​យន្តហោះ​ទម្ងន់​ក្រោម​៤៥តោន (មាន​តែ​ប៊ូអ៊ីងទេដែល​​បាន​រួច​ខ្លួន​នាពេល​នេះ) ព្រមទាំង​ផលិតផល​សណ្តែក​បាយ ដែល​ចិន​ធ្លាប់​ទិញ​ពី អាមេរិក​ដល់​ទៅ ១៤ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។ សណ្តែក​បាយ​ជា​ផលិតផល​ទី​មួយ​ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​ទិញ​ពីអាមេរិក​ច្រើន​ជាងគេ ក្នុង​កំរិត ១/៣ នៃផលិតផល​សណ្តែក​បាយ​​អាមេរិកនាំ​ចេញសរុប។

សូម​បញ្ជាក់​ថា បញ្ជី​​ទណ្ឌកម្ម​​អាមេរិក​និង​ចិន​ រីក​ប៉ោង​កាន់តែ​ធំឡើងៗ​រៀង​ខ្លួនមែន ប៉ុន្តែ​ នៅ​ជា​បញ្ជី​បណ្តោះ​អាសន្ន​នៅ​ឡើយ និង​ជា​ការ​ស្រែក​គំរាម​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ! ​ពុំ​ទាន់​មាន​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ឡើយទេ ! ​គ្មាន​​​ភាគីខាង​ណា​បាន​បញ្ជាក់អំពី​កាល​បរិច្ឆេទ​ថា​តើ​ថ្ងៃ​ណា​វិធានការ​នេះ​នឹង​ត្រូវចាប់​ផ្តើម​​ជា​ធរមាន​ទេ៕