rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន អាមេរិក ពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្រ្គាមពាណិជ្ជកម្ម៖​ចិន​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ១២៨មុខ​ដែល​នាំ​ចូល​ចិន

media
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគីចិន​លោក​ស៊ី ជីនពីង Reuters/路透社

បន្ទាប់​ពី​បាន​ព្រមាន និង​គំរាម​ដាក់​គ្នា​អស់​ជា​ច្រើន​សប្តាហ៍​មក សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បាន​ឈាន​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង។ នៅ​ថ្ងៃ​អាទិត្យ ទី២ មេសា​នេះ ចិន​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិផល​អាមរិកចំនួន ១២៨មុខ​ដែល​នាំ​ចូល​ប្រទេស​ចិន មាន​តាំង​ពី​បន្លែ​ផ្លែឈើ​រហូត​ដល់​សាច់ជ្រូក។ វិធានការ​ជាក់ស្តែង​របស់​ចិន​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​ចិន​នាំ​ចូល​អាមេរិក។


សម្រាប់​ប្រទេស​ចិន​គឺ​ច្បាស់​ណាស់ ចំណាត់ការ​ពាណិជ្ជកម្ម​នឹង​ត្រូវ​ឆ្លើយ​តប​វិញ​ដោយ​ចំណាត់ការ​ពាណិជ្ជកម្ម។ ចាប់​ពី​ពេល​នេះ​ត​ទៅ ចិន​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​អាមេរិក​នាំ​ចូល​ប្រទេស​ចិន​ចំនួន ១២៨មុខ​មាន​តាំង​ពី​បន្លែ​ផ្លែឈើ​រហូត​ដល់​សាច់ជ្រូក។ នៅ​ក្នុង​ផលិតផល​ទាំង ១២៨មុខ​នេះ ចិន​នឹង​ដំឡើង​ពន្ធ​បន្ថែម​ពី ១៥% ទៅ ២៥%។ វិធានការ​របស់​ក្រុង​ប៉េកាំង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​អាមេរិក​ពី​ប្រទេស​មួយ​ចំនួន។

កាល​ណោះ លោក​ដូណាល់ ត្រាំ​បាន​លើក​យក​ហេតុផល​សន្តិសុខជាតិ​ដើម្បី​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក។ តែ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឆ្លៀត​វាយប្រហារ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី២ មេសា​នេះ​ថា ទង្វើ​របស់​លោក​ត្រាំ​របៀប​នេះ​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​ចែង​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ក្រសួង​ពាណិជ្ជកម្ម​ចិន​ដដែល​បាន​បន្ថែម​ថា វិធានការ​របស់​អាមេរិក​ប្រឆាំង​តែ​លើ​ប្រទេស​មួយ​ចំនួន ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​នៃ​ការ​មិន​រើសអើង​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។ ទង្វើ​នេះ​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរដល់​ផលប្រយោជន៍​របស់​ចិន។

ក្រសួង​ពាណិជ្ជកម្ម​ចិន​សង្ឃឹម​ថា អាមេរិក​នឹង​បោះបង់​ចោល​នូវ​វិធានការ​របស់​ខ្លួន​ដែល​រំលោភ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ គួរ​រម្លឹក​ជូន​ថា​នៅ​ដើម​ខែ​មីនា​កន្លង​ទៅ លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែកថែប​ពី​ប្រទេស​ខ្លះ​នាំ​ចូល​អាមេរិក​ចំនួន ២៥% និង​អាលុយមីញ៉ូម​ចំនួន ១០%។ តែ​នៅ​ចំពោះ​មុខ​ប្រតិកម្ម​តប ត ខ្លាំងៗ​របស់​ប្រទេស​ពាក់ព័ន្ធ ពិសេស​ប្រទេស​អឺរ៉ុប លោក​ដូណាល់ ត្រាំ​ក៏​បាន​លុបចោល​ចំពោះ​ប្រទេស​ខ្លះ​វិញ តែ​គ្មាន​ប្រទេស​ចិន​ទេ៕