អានតួអត្ថបទ
ចិន​

ស្ថានីយ​អវកាស​ចិនTiangong1 ត្រូវ​​ធ្លាក់​មកបរិយាកាស​​ផែនដី​វិញ ថ្ងៃចន្ទ​នេះ​​

ស្ថានីយ​អវកាស​របស់​​ចិនTiangong1 ត្រូវ​​​ធ្លាក់​មក​ផែនដី​វិញ នៅថ្ងៃចន្ទ២មេសា​​នេះ ក្នុង​​ល្បឿន​ដែល​អាច​ហួសពី​២ម៉ឺន៦ពាន់​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ នៅ​បារាំង គេអាច​មើល​វាឃើញ​ដោយ​ភ្នែកទទេ។ ស្ថានីយ​នេះ​អាច​​​ធ្លាក់​​ក្នុង​តំបន់​​លាតរវាង​ពី​នូវែលហ្សេឡង់ ទៅ​​Midwest សហរដ្ឋ​អាមេរិក។ ក្រុមជំនាញ​អវកាស​ប្រាប់ថា ​ការបង្កគ្រោះថ្នាក់​ដល់​មនុស្ស​មានតិចតួច​បំផុត ស្ទើរ​​កម្រិតសូន្យ។

រូបភាព​ម៉ូដែល​ស្ថានីយ​អវកាស​ចិន Tiangong-1
រូបភាព​ម៉ូដែល​ស្ថានីយ​អវកាស​ចិន Tiangong-1 Jiuquan Space Centre / AFP
ផ្សាយពាណិជ្ជកម្ម

ស្ថានីយ​អវកាស​ចិន Tiangong1 ប្រែថា​ វិមាន​សួគ៌ា ត្រូវបាន​បង្ហោះ​ទៅ​តារាវីថី ​តាំងតែ​ពី​ខែកញ្ញា​ឆ្នាំ​២០១១។ Tiangong1មាន​ទំងន់​៨តោន ប្រើ​សម្រាប់​បទពិសោធន៍​​​​ផ្នែក​វេជ្ជសាស្ត្រ។ ​​យោងតាម​ក្រុម​ជំនាញអវកាសចិន​ ​ការបង្កគ្រោះថ្នាក់​ ដោយ​​ស្ថានីយ​អវកាស​ Tiangong1 មានតិចតួច​ស្ទើរ​កម្រិត​សូន្យ​ ដោយសារ​តែ​​​​ស្ថានីយ​នេះធ្លាក់​ក្នុង​ល្បឿន​លើសលុប ដូច្នេះ វា​បង្ក​ជា​កំដៅ​ធ្វើអោយ​​ឆេះស្ថានីយ​ស្ទើរ​ទាំងស្រុង​​​។ បើតាម​ខាង​អវកាស​​ ការឆេះធ្លាក់​មក​នេះ​ ដូចជា​​ទស្សនីយភាព​ភ្លៀង​អាចម៍​ផ្កាយ​ ធ្លាក់​មក​​ផែនដី​ដូច្នោះដែរ។ ​

Tiangong1 ​​​ធ្លាប់​ទទួល​​​​ក្រុមអវកាស​ចិន​​២លើក​​ហើយ។​ ​តាមធម្មតា ការត្រលប់​នៃ​ស្ថានីយ​អវកាស​ Tiangong1 ចូល​ផែនដីវិញ ​​ត្រូវស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​ចិន។ ប៉ុន្តែ បើយោងតាម​ខាង​អវកាស​អឺរ៉ុប​ ចិន​បាន​បាត់​ទំនាក់ទំនង​ជាមួយ​ Tiangong1 តាំងពី​ដើមឆ្នាំ​២០១៦​មក។ ដូច្នេះ ​ចិន​មិនអាច​ត្រួត​​​បញ្ជា​ដំណើរ​របស់​ Tiangong1បានទេ។ ក្រុងប៉េកាំង​បាន​បដិសេធ​ការចោទ​ប្រកាន់របស់​អឺរ៉ុប​។ បើ​តាម​ព័ត៌មាន​ដែល​ទីភ្នាក់ងារ​AFP ចុះផ្សាយ​វិញ Tiangong1 ឈប់ដំណើរការ​តាំងពី​ខែមីនា ឆ្នាំ២០១៦ ទើបបាន​ជា​ធ្វើអោយ​គេ​បារម្ភ​ពី​ដំណើរ​ធ្លាក់ចុះ​របស់​វា មក​ផែនដី​វិញ​ដូច្នេះ។ ​

យោងតាម​ក្រុមជំនាញ ​Tiangong1 ជា​យាន​ធំបំផុត​មួយ ដែលត្រលប់មក​បរិយាកាស​ផែនដី​វិញ​ដោយគ្មាន​ការត្រួតពិនិត្យ។ គេចាត់ទុកថា ​បទពិសោធន៍​ចិនជាមួយ​ស្ថានីយ​មួយ​នេះ ថា​ជា​ដំណាក់កាល​ដំបូង ដើម្បី​ឈានទៅដល់​ការ​សាងសង់ស្ថានីយ​អវកាស​អន្តរជាតិ។ ចិន​មាន​មហិច្ឆតា ​បញ្ជូន​យានអវកាស​ទៅ​ភព​ព្រះអង្គារ​ ​នៅឆ្នាំ​២០២០។ ចិន​ក៏​ចង់​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ​ដែរ។ ​ ​

ដោយឡែក ​៦០ឆ្នាំមកនេះ ក្នុង​បទពិសោធន៍​អវកាស​របស់​មនុស្ស មាន​យាន​អវកាស​ប្រហែល​​៦០០០គ្រឿង ​​បាន​ត្រលប់​មក​បរិយាកាស​ផែនដី​វិញ ដោយគ្មាន​ការត្រួតពិនិត្យ​។ ​៦០ឆ្នាំ​មកនេះ ​មាន​មនុស្ស​ម្នាក់​ ​​បាន​​រង​ការប៉ះ​នៃ​បំណែក​យាន​ដែលធ្លាក់ចុះ​មកនោះ ប៉ុន្តែ គាត់​នោះ​មិនបាន​រងរបួស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ