rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក កូរ៉េខាងត្បូង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងត្បូង និង​​អាមេរិក​បាន​ផ្តើម​សមយុទ្ធ​ប្រចាំ​ឆ្នាំ ​ក្នុង​​ពេល​​ដែល​ស្ថានការណ៍​កំពុង​ធូរស្រាល

media
កូរ៉េខាងត្បូង និង​​អាមេរិក​បាន​ផ្តើម​សមយុទ្ធ​ប្រចាំ​ឆ្នាំ ​ក្នុង​​ពេល​​ដែល​ស្ថានការណ៍​កំពុង​ធូរស្រាល JUNG Yeon-Je / AFP

នៅ​ថ្ងៃ​អាទិត្យ ទី១ មេសា​នេះ កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ផ្តើម​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន​រយៈពេល ៤សប្តាហ៍។ សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏​ដូច​ជា​រវាង​កូរ៉េខាងជើង និង​អាមេរិក​កំពុង​មាន​ដំណើរការ​ល្អ។ ដំណើរការ​ល្អ​ព្រោះ​មេដឹកនាំ​នៃ​កូរ៉េ​ទាំង​ពីរ​ត្រៀម​ជួប​គ្នា​នៅ​ថ្ងៃទី២៧ មេសា​ខាង​មុខ ហើយ​ប្រមុខដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក៏​គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុង​ខែ​ឧសភា​ដែរ។


សមយុទ្ធ​យោធា​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ជា​សមយុទ្ធ​មួយ​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​តែង​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ខែ​មីនា។ តែ​ត្រូវ​បាន​លើក​មក​ធ្វើ​ក្នុង​ខែ​មេសា​វិញ ដោយសារ​តែ​កូរ៉េខាងត្បូង​ជាប់​រវល់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​រដូវរងារ។ សមយុទ្ធ​យោធា​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ប្រភេទ ទី១ ជា​សមយុទ្ធ​លើ​សមរភូមិ​ពិត​ដោយ​មាន​ការ​ចូលរួម​ពី​ទ័ព​អាមេរិក​ប្រមាណ​ជា ១១ ៥០០នាក់ និង​ពី​ទ័ព​កូរ៉េខាងត្បូង​ចំនួន ២៩០ ០០០នាក់ ចំណែក​សមយុទ្ធ​ប្រភេទទី២ ជា​សមយុទ្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ។

អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​រវាង​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក៏​ដូច​ជា​រវាង​កូរ៉េខាងជើង និង​អាមេរិក​កំពុង​មាន​ដំណើរការ​ល្អ ពិសេស​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី២៧ មេសា។ បន្ទាប់​មក លោក​គីម ជុងអ៊ុន​ក៏​គ្រោង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុង​ខែ​ឧសភា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំង​ពីរ​នា​ពេល​ខាង​មុខ​បាន​ជំរុញ​ទ័ព​កូរ៉េខាងត្បូង និង​ទ័ពអាមេរិក​ឲ្យ​កាត់​បន្ថយ​រយៈពេល​ធ្វើ​សមយុទ្ធ​ឆ្នាំ​នេះ​មក​នៅ​ត្រឹម​តែ ៤សប្តាហ៍ និង​មិន​ដាក់​តាំង​គ្រឿង​សព្វាវុធ​យុទ្ធសាស្រ្ត​មួយ​មួយ​ចំនួន​ដូច​សព្វ​មួយ​ដង។

គេ​នៅ​មិន​ទាន់​ឃើញ​ប្រតិកម្ម​យ៉ាង​ណា​ពី​កូរ៉េខាងជើង​ទាក់ទង​នឹង​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ពេល​នេះ​ទេ។ កន្លង​មក ក្រុង​ព្យុង​យ៉ាង​តែង​ចេញ​មុខ​បរិហារ​ដោយ​បាន​ចាត់​ទុក​សមយុទ្ធ​របៀប​នេះ​ថា​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ចូល​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង។ តែ​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​គីម ជុងអ៊ុន​នា​ខែ​មីនា​កន្លង​ទៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​គីម ជុងអ៊ុន​បាន​យល់​ពី​ការ​សម្រេចចិត្ត​របស់​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ត​ធ្វើ​សមយុទ្ធ​នេះ៕