rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឧបទ្វីបកូរ៉េ៖​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរនឹង​បើក​ធ្វើ​នៅ​ថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨

media
ឧបទ្វីបកូរ៉េ៖​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរនឹង​បើក​ធ្វើ​នៅ​ថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨ Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មីនា​នេះ កូរ៉េ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​យក​ថ្ងៃទី២៧ មេសា​ដើម្បី​រៀបចំ​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន។ ចំណែក​ទីកន្លែង​រៀបចំ​ជំនួបកំពូល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទះសន្តិភាព​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​ស្រុក Panmunjom។ បន្ទាប់​ពី​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី២៧ មេសា លោក​គីម ជុងអ៊ុន​ក៏​នឹង​ត្រូវ​មាន​ជំនួបកំពូល​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុង​ខែ​ឧសភា។


កិច្ចព្រមព្រៀង​ស្តីពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មីនា។ កិច្ចព្រមព្រៀង​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ជួប​ចរចា​គ្នា​រវាង​គណៈប្រតិភូ​ខាងជើង និង​ខាងត្បូង​ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន៣នាក់​នៅ​ក្នុង​អាគារ​នៃ​ការ​រួបរួម​ក្នុង​ស្រុក Panmunjom ស្ថិត​ប៉ែក​ទឹកដី​កូរ៉េខាងជើង។ តាម​កិច្ចព្រមព្រៀង ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើ​នៅ​ថ្ងៃទី២៧ មេសា​នៅ​ក្នុង​ផ្ទះសន្តិភាព​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​ស្រុក Panmunjom។

ទាក់ទង​នឹង​របៀប​វារៈ​នៃ​ជំនួបកំពូល និង​ការ​រៀបចំ​សន្តិសុខ​នា​ឱកាស​ជំនួបកំពូល​ត្រូវ​បាន​គណៈប្រតិភូ​ទាំង​សង​ខាង​យល់ព្រម​លើក​យក​ទៅ​ជជែក​លំអិត​នៅ​ថ្ងៃ​ពុធ ទី៤ មេសា​សប្តាហ៍​ក្រោយ។ សូម​ជម្រាប​ជូន​ថា ជម្រើស​យក​ស្រុក Panmunjom ជា​ទីកន្លែង​រៀបចំ​ជំនួបកំពូល ព្រោះ​ជា​ស្រុក​ជាប់ព្រំដែន​ស្ថិត​ក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​បាន​ពុះចែក​ទឹកដី​កូរ៉េ​ជា​ពីរ និង​ក៏​ជា​ទីកន្លែង​ដែល​បងប្អូនបង្កើត​គូសត្រូវ​បាន​ចុះ​ហត្ថលេខា​លើ​យុទ្ធសន្តិភាព​ក្រោយ​សង្រ្គាម​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។

ជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នា​ពេល​ខាង​មុខ ជា​ជំនួបកំពូល​លើក​ទី៣ បន្ទាប់​ពី​ធ្លាប់​បាន​រៀបចំ​ចំនួន​ពីរ​ដង​ក្នុង​ឆ្នាំ ២០០០ និង ឆ្នាំ ២០០៧។ តែ​នៅ​ក្នុង​គម្រោង​ជំនួបកំពូល​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ពេល​នេះ លោក​គីម ជុងអ៊ុន​ជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង​គេ​ដែល​ត្រូវ​ដាក់​ជើង​ជាន់​ទឹកដី​កូរ៉េខាងត្បូង ព្រោះ​ជំនួបកំពូល​ក្នុង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០០៧ បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ព្យុងយ៉ាង ទឹកដី​កូរ៉េខាងជើង។

សូម​ជម្រាប​ជូន​ថា គឺ​ការ​រៀបចំ​កីឡាអូឡាំពិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នា​ខែ​កុម្ភៈ​កន្លង​ទៅ​ដែល​បាន​ធ្វើ​ឲ្យ​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​ផ្តើម​មាន​ភាព​ល្អូកល្អឺន និង​រំកិល​រក​គ្នា​កាន់​តែ​ជិត​នា​ពេល​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះ ភាព​តានតឹង​ក៏​ហាក់​បាន​ធូរស្រាល​រវាង​កូរ៉េខាងជើង និង​អាមេរិក​ដែល​លោក​គីម ជុអអ៊ុន និង​លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​ជួប​គ្នា​នា​ចុង​ខែ​ឧសភា​ខាង​មុខ៕