អានតួអត្ថបទ

លេខាបក្ស​កុម្មុយនិស្ត​វៀតណាម​បំពេញ​ទស្សនកិច្ច​នៅ​បារាំង

ប្រធានបក្ស​កុម្មុយនិស្ត​​វៀតណាម លោក Nguyen Phu Trong ដែល​ជា​ប្រមុខ​ដឹកនាំ​កំពូល​របស់​វៀតណាម កំពុង​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង និង​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​ទទួល​ជួប នៅ​ថ្ងៃ​ទី ២៧ មីនា ម្សិលមិញ។ នៅក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​រវាង​ក្រុមហ៊ុន​បារាំង​​និង​វៀតណាម​​ត្រូវ​បាន​ចុះហត្ថលេខា។ ប៉ុន្តែប្រធានាធិបតី​បារាំង មិន​សូវ​ចេញ​មុខ​ចេញ​មាត់​បន្ទោស​រឿង​សិទ្ធិមនុស្ស​ទេ ទោះបី​មាន​ក្តី​​អំពាវនាវខ្លាំងពី​សំណាក់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន​ក៏ដោយ​។

ប្រធានាធិបតី​បារាំង លោក  Emmanuel Macron និង​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong នៅ​វិមាន​អេលីហ្សេ​ថ្ងៃទី ២៧ មីនា ២០១៨
ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong នៅ​វិមាន​អេលីហ្សេ​ថ្ងៃទី ២៧ មីនា ២០១៨ CHARLES PLATIAU / POOL / AFP
ផ្សាយពាណិជ្ជកម្ម

គ្មាន​មួយ​ម៉ាត់​សោះ​ ទាក់ទង​នឹង​ការ​គាប​សង្កត់ បំបិទ​សេរីភាព​​នយោបាយ​នៅ​ក្នុង​ប្រទេស​វៀតណាម ! រដ្ឋាភិបាល​កុម្មុយនិស្ត​ដែល​ បាន​រឹត​បន្តឹង និង​បង្កើន​គំនាប​លើ​ពី​ក្រុម​អ្នក​ចង់​បះបោរ ​យ៉ាងខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​សកម្មជនសិទ្ធិមនុស្ស​ភាគ​ច្រើន​នាំ​គ្នា​រត់​គេច​ពី​ប្រទេស។ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ​២០១៧-២០៨​របស់ Amnesty International និង​បើ​តាម​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Right Watch មាន​មនុស្ស​ប្រមាណ​១២៩​នាក់ កំពុង​ជាប់​ឃុំ​ឃាំង​នៅ​វៀតណាម​ ពីបទ​បានតវាប្រឆាំង និង​រិះគន់​រដ្ឋាភិបាល។

វិមាន​ប្រធានាធិបតី​បារាំង បាន​ត្រឹម​អះអាង​ថា បញ្ហា​សិទ្ធិមនុស្ស​ពិត​ជា​ត្រូវ​បាន​បារាំង​លើក​មក​និយាយ​ជាមួយ​ប្រធាន​បក្ស​កុម្មុយនិស្ត​ ក្នុង​ជំនួប​ជា​ឯកជន ប៉ុន្តែ​ជា​សាធារណៈ​ លោក​ម៉ាក្រុង ជ្រើសរើស​សង្កត់​ធ្ងន់​តែ​លើ​វិស័យ​សេដ្ឋកិច្ច។

ប្រទេស​មាន​​ជោគជ័យ​ដ៏​អស្ចារ្ស ! ផលិតផលសរុប​ក្នុង​ស្រុក កើន​មួយ​ជាបី ក្នុង​រយៈ​ពេល​១០​ឆ្នាំ ! នេះ​ជាសេចក្តី​ថ្លែងការណ៍​​របស់​លោក អេម៉ាណុយអែល​ ម៉ាក្រុង នៅ​វិមាន​ប្រធានាធិបតី​អេលីហ្សេ ក្បែរ​​​ប្រធានបក្ស​កុម្មុយនិស្ត Nguyen Phu Trong ដែល​បាន​អះអាង​ទៀត​​ថា វៀតណាម​បាន​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់​ផ្នែក​នីតិ​រដ្ឋ​ តែយើង​អាច​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត !

គម្រោង​កិច្ច​សហប្រតិបត្តិការ​ ២០១៨-២០១៩ ត្រូវ​បាន​ចុះ​ហត្ថលេខា រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បារាំង​និង​វៀតណាម។ កិច្ចសន្យា​ពាណិជ្ជកម្ម​ ក្នុង​វិស័យ​ទូរគមនាគមន៍ និងសំណង់​​ផ្លូវ​ដែក​ក្រោម​ដីនៅ​ក្រុង​ហាណូយ តម្លៃ ១,៥ពាន់​លាន​ដុល្លារ​ ព្រមទាំង​គម្រោង​កិច្ចព្រមព្រៀង ក្នុង​វិស័យ​ថាមពល​ អាកាសចរណ៍ ជា​ច្រើន​ពាន់​លាន​ដុល្លារ​ទៀត ត្រូវ​បាន​ចុះ​ហត្ថលេខា​ នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ប្រមុខ​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ទីក្រុង​ប៉ារីសនេះ។

វៀតណាម​ រីករាយ​និង​ចង់​បាន​កិច្ចសហប្រតិបត្តិការ និង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ឱ្យ​បាន​កាន់​តែ​ច្រើន​ជាមួយ​បារាំង​ ព្រមទាំង​ពង្រឹក​​ទំនុក​ចិត្ត​នយោបាយ​លើ​គ្នា​ ប៉ុន្តែ​មិនចង់​ឃើញ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម​ទេ ! នេះ​ជា​ប្រសាសន៍​តប​របស់​លោក​។

សម្រាប់​បារាំង របប​កុម្មុយនិស្ត​វៀតណាម ជា​ច្រក​ទ្វារ​សម្រាប់​ចូល​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​ម៉ាក្រុង បាន​ប្រកាស​ថា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ក្រុង​ហាណូយ នៅ​ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ