rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើង-ចិន៖​លោក​គីម ជុងអ៊ុន​ពិត​ជា​បាន​ទៅ​ជួប​លោក​ស៊ី ជីនពីង​នៅ​​ក្រុង​ប៉េកាំង​មែន

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ពុធ ទី២៨ មីនា​នេះ កាសែត​ផ្លូវការ​ចិន​ស៊ីនហួរ និង​កាសែត​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ចិន និង​ថា លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​វិមានប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង។

បន្ទាប់​មក ឥស្សរជនកំពូល​ទាំង​ពីរ​ក៏​បាន​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួម​គ្នា​ដោយ​មាន​វត្តមាន​ភរិយា​រៀងៗ​ខ្លួន​ផង។ ទស្សនកិច្ច​របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន​បាន​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី២៥ ដល់​ថ្ងៃ​ពុធ ទី២៨ មីនា​នេះ។

គេ​ត្រូវ​រង់ចាំ​លោក​គីម ជុងអ៊ុន​ត្រឡប់​ចូល​ដល់​ប្រទេស​វិញ​ទើប​ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាផ្លូវការ ព្រម​ទាំង​មាន​រូបថត​នៃ​ការ​ចាប់ដៃ​គ្នា​យ៉ាង​រលាក់​វាង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ផង។ នៅ​ក្នុង​ទីក្រុង​ប៉េកាំង មនុស្ស​ខ្លាំង​កូរ៉េខាងជើង​រូប​នេះ​ត្រូវ​បាន​លោក​ស៊ី ជីនពីង​ទទួល​យ៉ាង​អធិកអធម​ដូច​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ដែរ។ គួរ​បញ្ជាក់​ជូន​ថា ក្រុង​ព្យុងយ៉ាង និង​ក្រុង​ប៉េកាំង​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​តាំង​ពី​បាន​ចូលប្រឡូក​ក្នុង​សមរភូមិ​រួម​គ្នា​នៅ​ក្នុង​សម័យ​សង្រ្គាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។

តាំង​ពី​ជំនាន់​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​របស់​លោក​គីម ជុងអ៊ុន​រហូត​ដល់​ជំនាន់​លោក​គីម ជុងអ៊ីល​ដែល​ជា​ឳពុក កូរ៉េខាងជើង និង​ចិន​បាន​បន្ត​រក្សា​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរមួត ហើយ​ចិន​ជា​ជម្រើស​ប្រទេស​ទី១ នៃ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​តាំង​ពី​ជំនាន់​ជីតា​រហូត​ដល់​ជំនាន់​ចៅ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក​ស៊ី ជីនពីង លោក​គីម ជុងអ៊ុន​បាន​ថ្លែង​ច្បាស់ៗ​ថា ដំណើរ​មក​កាន់​ប្រទេស​ចិន​ពេល​នេះ ជា « កាតព្វកិច្ច​ដ៏​ឳឡារិក » ដែល​លោក​បាន​ដើរ​តាម​គន្លង​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​ជីតា និង​ឳពុក។

បន្ទាប់​មក លោក​គីម ជុងអ៊ុន​បាន​អញ្ជើញ​លោក​ស៊ី ជីនពីង​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​វិញ។ ជា​ការ​ឆ្លើយ​តប លោក​ស៊ី ជីនពីង​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​លោក​គីម ជុងអ៊ុន និង​បាន​ចាត់​ទុក​ដំណើរ​មក​កាន់​ចិន​របស់​មនុស្សខ្លាំង​កូរ៉េខាងជើង​រូប​នេះ​ថា ជា​ជម្រើស​យុទ្ធសាស្រ្ត និង​ជា​ជម្រើស​ល្អ​មួយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រវត្តិសាស្រ្ត និង​ការពិត។ សូម​ជម្រាប​ជូន​ថា​តាំង​ពី​បាន​ស្នង​តំណែង​ពី​ឳពុក​លោក​គីម ជុងអ៊ីល​នា​ដំណាច់​ឆ្នាំ ២០១១ មក នេះ​ជា​លើក​ទី១ ដែល​លោក​គីម ជុងអ៊ុន​បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន និង​បាន​ជួប​សន្ទនា​ជាមួយ​លោក​ស៊ី ជីនពីង។

លោក​គីម ជុងអ៊ុន​បញ្ជាក់​ពី​គម្រោង​ជួប​លោក​ដូណាល់ ត្រាំ និង​សន្យា​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ

វត្តមាន​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​សំខាន់​ចំនួន​ពីរ ទី១ ចំ​ពេល​ដែល​លោក​គីម ជុងអ៊ុន​មាន​គម្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ខែ​មេសា និង​ទី២ ចំ​ពេល​ដែល​លោក​គីម ជុងអ៊ុន​ក៏​គ្រោង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ដំណាច់​ខែ​ឧសភា​ដែរ។ គឺ​នៅ​មុន​គម្រោង​ជំនួប​ទាំង​ពីរ​នេះ​ហើយ​ដែល​លោក​គីម ជុងអ៊ុន​ត្រូវ​ការ​មតិយោបល់ ការ​ណែនាំ ដំបូលន្មាន និង​ការ​គាំទ្រ​ពី​បងធំ​ចិន​លោក​ស៊ី ជីនពីង។

លោក​ស៊ី ជីនពីង​ដែល​មក​ទល់​ពេល​នេះ​ត្រូវ​បាន​ប្អូនតូច​លោក​គីម ជុងអ៊ុន​ធីប​ចោល​មួយ​កន្លែង។ ចូរ​កុំ​ភ្លេច​ថា អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​គម្រោង​ជំនួប​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​មិនមែន​ចិន​ទេ តែ​កូរ៉េខាងត្បូង។ ដូច្នេះ​សម្រាប់​លោក​ស៊ី ជីនពីង វត្តមាន​របស់​លោក​គីម ជុងអ៊ុន​នៅ​ចិន​ពេល​នេះ​មិនត្រឹម​តែ​បាន​ឲ្យ​តម្លៃ និង​លើក​កិត្តិយស​ចិន​ដែល​ជា​បងធំ​ប៉ុណ្ណោះ​ទេ តែ​បាន​អូស​ចិន​ឲ្យ​ត្រឡប់​ចូល​ឆាកការទូត​ឡើង​វិញ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ។ ក្រៅ​ពី​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ជួប​លោក​ដូណាល់ ត្រាំ លោក​គីម ជុងអ៊ុន​ក៏​បាន​សន្យា​ជាមួយ​លោក​ស៊ី ជីនពីង​ពី​ការ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ។

សូម​ជម្រាប​ជូន​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងជើង​ក្នុង​ជំនាន់​លោក​គីម ជុងអ៊ុន​បាន​ឡើង​តានតឹង​ខ្លាំង។ តានតឹង​ក៏​ដោយសារ​តែ​ចិន​ដែល​ជា​ប្រទេស​ជិតខាង ជា​សម្ព័ន្ធមិត្ត​ប្រពៃណី និង​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​ដ៏​ធំ​បាន​ចេញ​មុខ​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េខាងជើង​ក្នុង​សំណុំរឿង​គ្រាប់មីស៊ីលបាលីស្ទិក និង​កម្មវិធី​នុយក្លេអ៊ែរ។ ក្រុង​ប៉េកាំង​មាន​ការ​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ទង្វើ​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុង​សំណុំរឿង​ដ៏​រស៊ើប​ទាំង​ពីរ​នេះ។

ចិន​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ តែ​មិន​ចង់​ឃើញ​កូរ៉េ​រួបរួម​គ្នា

អ្វី​ដែល​មេដឹកនាំ​កូរ៉េខាងជើង​វ័យ ៣០ឆ្នាំ​ប្លាយ​ត្រូវ​ការ​ជា​អាទិភាព គឺ​ការ​ធានា​សន្តិសុខ​ពី​ចិន​ចំពោះ​របប​កុម្មុយនិស្ត​របស់​ខ្លួន។ លោក​គីម ជុងអ៊ុន​យល់​មិន​ច្រឡំ​ទេ​ថា បើ​ជំនួប​រវាង​លោក និង​លោក​ដូណាល់ ត្រាំ​មាន​ដំណើរ​ដោយ​រលូន និង​ស្មោះស្រង់ វា​ពិត​រឿង​ត្រេកត្រអាល​មួយ។ តែ​បើ​ជំនួប​នោះ​បែរ​ជា​បាន​បញ្ចប់​ដោយ​ភាព​តានតឹង និង​ការ​គំរាម​គ្នា វា​ពិត​ជា​រឿង​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​របប​របស់​លោក។

ក្តីបារម្ភ ឬ​មួយ​ក៏​ថា ការ​បង្ការ​របស់​លោក​គីម ជុងអ៊ុន​មិន​សូវ​ជា​ខុស​ទេ ព្រោះ​លោក​ដូណាល់ ត្រាំ​ទើប​បាន​តែងតាំង​លោក​ចន បុលតុន​ជា​ទីប្រឹក្សាសន្តិសុខជាតិ។ លោក​ចន បុលតុន​ដែល​ជា​ឥស្សរជន​ម្នាក់​មាន​និន្នាការ​ប្រើ​កម្លាំងបាយ​ជាង​កម្លាំង​ការទូត​នៅ​ក្នុង​ដំណោះស្រាយ​បញ្ហា​អន្តរជាតិ។ ដូច្នេះ​បើ​កិច្ចចរចា​រវាង​លោក​គីម ជុងអ៊ុន និង​លោក​ដូណាល់ ត្រាំ​បញ្ចប់​ដោយ​ការ​ដំឡើង​សាច់ដុំ​ដាក់​គ្នា លោក​បុលតុន​អាច​នឹង​ជំរុញ​លោក​ត្រាំ​ឲ្យ​វាយប្រហារ​កូរ៉េខាងជើង។ នៅ​ពេល​នោះ លោក​គីម ជុងអ៊ុន​មាន​ខ្នង​បង្អែក​ពី​លោក​ស៊ី ជីនពីង​រួច​ជា​ស្រេច។

ជំហរ និង​ការ​ចង់​បាន​របស់​ចិន​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ពេល​នេះ​ក៏​មិន​ខុស​គ្នា​នឹង​ជំហរ និង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ដែរ គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ។ តែ​ទន្ទឹម​គ្នា​នេះ ចិន​ក៏​ចង់​បន្ត​រក្សា​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យ​នៅ​ដដែល​ដោយ​មិន​ចង់​ឃើញ​ការ​រួបរួម​កូរ៉េ​តែ​មួយ​ទេ។ អ្វី​ដែល​ក្រុង​ប៉េកាំង​បារម្ភ​ខ្លាំង​មាន​ពីរ ទី១ ការ​ដួល​រលំ​របប​កុម្មុយនិស្ត​នៅ​ក្រុង​ព្យុងយ៉ាង​ដែល​អាច​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ហូរ​ចូល​ក្នុង​ទឹកដី​ខ្លួន និង​ទី២ ការ​រួបរួម​កូរ៉េ​តែ​មួយ​នឹង​អនុញ្ញាត​ឲ្យ​ទ័ពអាមេរិក​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ស្រាប់​លើក​ទៅ​បោះ​ទីតាំង​នៅ​ក្បែរ​ព្រំដែន​ចិន៕

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?

គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

លោក​ដូណាល់ត្រាំ​បញ្ជាក់ថា​ប្រមុខ​សេអ៊ីអា​ពិតជា​បានទៅជួប​លោក​គីមជុងអ៊ុន​ដោយ​សម្ងាត់

ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម មាន​លើកដំបូងគេ នៅ​ទឹកដី​បរទេស

ណាសា​នឹង​បញ្ជូន​TESS ទៅ​ថតរក​ភព​ផ្សេង នៅជុំវិញ​ផ្កាយ ក្រៅ​ប្រព័ន្ធព្រះអាទិត្យ

អាមេរិក បារាំង និងអង់គ្លេស​រួមគ្នា វាយប្រហារ​ទីតាំង​ស្តុកអាវុធ​គីមី នៅ​ស៊ីរី

ហេតុអ្វី​លោកត្រាំ ចង់​វិល​មក​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​វិញ ?

ចរន្ត​ទឹកសមុទ្ទ​ចុះ​ខ្សោយ ដោយ​ការប្រែប្រួល​អាកាសធាតុ

ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ចិន៖​លោកស៊ី ជីនពីង​ចាត់​វិធានការ​ទប់​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​ប្រកាស​​បើក​ចំហ​ទីផ្សារ​ចិន

តើអ្នកណា​ដែល​បាញ់មីស៊ីល វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី?

តើប្រជាជន​ហុងគ្រី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​ស្អប់ជនអន្តោប្រវេសន៍?

លោក​ណាហ្ស៊ីប រ៉ាហ្សាក់ប្រកាស​រំលាយ​សភាម៉ាឡេស៊ី

ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

ហេតុអ្វី​បាន​ជា​ក្រុម​ប្រទេស​សមាជិក​អូតង់​ស្ថិតជុំវិញ​សមុទ្របាល់ទិច​ងាក​ទៅ​រក​អាមេរិក​ជា​ថ្មី?

កូដកម្ម​នៅ​បារាំង ជា​វិញ្ញាសា​ល្បង​កម្លាំង​សម្រាប់​លោក​ម៉ាក្រុង​និង​សហជីព ឬ ?

ហិង្សា​​ហ្កាហ្សា៖​អ៊ីស្រាអែល​​ទាត់ចោល​​ការទាមទារ​​ស៊ើប​អង្កេត​​ការស្លាប់​​​ជនជាតិ​​ប៉ាឡេស្ទីន​​

ហ្កាហ្សា៖ កំដៅ​នៃ​ភាព​តានតឹង អាច​បង្ក​ជា​ភ្លើង​សង្រ្គាម​សាជាថ្មី​ បាន​គ្រប់​ពេល​វេលា

តុលាការបារាំង​នាំ​ខ្លួនអតីត​ប្រធានាធិបតី​ ​​លោក នីកូឡា សាកូហ្ស៊ី ​ទៅ​ជំនុំជម្រះ​ រឿង​ពុករលួយ

បារាំង​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក​ផ្នែក « បញ្ញាសិប្បនិម្មិត”