អានតួអត្ថបទ

លោក​អូបាម៉ា​៖ ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​ ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​

ខណៈ​ពេល​ដែល​ ព័ត៌មាន​ស្តីពី​ គម្រោង​ជួប​ពិភាក្សា​គ្នា រវាង​មេដឹក​នាំ​កូរ៉េ​ខាងជើង​ និងលោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ​ត្រាំ កំពុង​តែ​ល្បី​សុសលាយ​នៅ​តាម​បណ្តា​សារព័ត៌មាន​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​ បារ៉ាក់​ អូបាម៉ា​ អតីត​ ប្រធានាធិបតី​អាមេរិក​ បាន​លើកឡើង​ថា​ កូរ៉េ​ខាងជើង​ នៅតែ​ជា​ការ​គំរាម​កំហែង​ពិតៗ​ ដ៏គួរ​ឲ្យ​ព្រួយបារម្ម​។ ព្រួយ​បារម្មណ៍ ​ក៏​ព្រោះ​តែ​កូរ៉េ​ខាងជើង​ នៅតែ​មាន​មហ្ឆិតា ផលិត​អាវុធ​នុយក្លេអ៊ែរ​ ដូច្នេះ​ហើយ​សហគមន៍​អន្តរ​ជាតិ​ គួរ​តែ​ ឆាប់​ចាត់​វិធានការ​ដោះស្រាយ​រួមគ្នា​មួយ​ ប្រកប​ដោយ​ប្រសិទ្ឋិភាព​។

លោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក
លោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក Benoit Tessier / Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ ទៅ​កាន់​ប្រទេស​ជប៉ុន​ លោក​អតីត​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បានបង្ក​ ឲ្យ​មាន​ការ​គំរាម​កំហែង​ពិត​ប្រាកដ​មួយ​។  លោក​បន្ត​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​កូរ៉េ​ខាងជើង​ ត្រូវ​ទាមទារ​ជា​ដាច់​ខាត​ បង្កើត​ឱ្យ​មាន​ កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​មួយ​។

ដំណឹង​ស្តី​អំពី​ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាងជើង​ និង​ សហរដ្ឋអាមេរិក​ នា​ពេល​ថ្មីៗ​នេះ​ បាន​បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ គេ​កំពុង​តែ​រងចំា​មើល​ពី​លទ្ឋផល​នៃ​ជនួប​នេះ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​។

ចំណែក​ឯ​ លោក​អូបាម៉ា​ វិញ​ លោក​មើល​មិន​ឃើញ​ឡើយ​ថា​ មាន​ ភាព​ជឿន​លឿន​ច្រើន​ទាក់​ទង​នឹង​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​ ដូច​ដែល​គ្រប់​គ្នា​ចង់​បាន​នោះ​ទេ​។ ប៉ុន្តែ​លោក​យល់​ថា​ រឿង​មួយ​ ដែល​មាន​សារៈ​សំខាន់​បំផុត​នោះ​ គឺ ​គេ​ត្រូវ​ទទួល​ស្គាល់​ថា ​គ្មាន​នរណា​ម្នាក់​ ឬ ​ប្រទេស​ណា​មួយ​ អាច​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ តែ​ឯង​បាន​ឡើយ​។ លោក​សង្កត់​ធ្ងន់​ថា​ ដើម្បី​ដោះស្រាយ​រឿង​នេះ​ ឱ្យ​មាន​ប្រសិទ្ធភាព​ សហគមន៍​អន្តរជាតិ​ ចំា​បាច់​ត្រូវ​ធ្វើ​ការ​ជា​ធ្លុង​តែ​មួយ​។

គួរ​រំឭក​ថា​ នៅ​ក្រោម​រដ្ឋបាល​ របស់​លោក​អូបាម៉ា​ សហរដ្ឋអាមេរិក​ បាន​អនុវត្តន៍​នូវ​គោលនយោបាយ​ អត់ធ្មត់​ជា​យុទ្ធសាស្រ្ត​ ឆ្ពោះ​ទៅ​រក​កូរ៉េ​ខាងជើង​ ដោយ​សង្ឃឹម​ថា​ ការ​ដាក់​ទណ្ឌកម្ម​ នឹង​ជុំរុញ​ទី​ក្រុង​ព្យុងយ៉ាង​ឱ្យ​បាក់ស្បាត ​ហើយ​បោះ​បង់​ចោល​មហិច្ឆតា​អាវុធនុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ ផ្ទុយ​ទៅ​វិញ​ ក្នុង​អំឡុង​ពេល​នោះ​ កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​តេស្ត​អាវុធនុយក្លេអ៊ែរ​ ហើយ​ថែម​ទាំង​បាញ់​មីស៊ីល​ជា​ច្រើន​ដង​ ដែល​នេះ​ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ វិធាន​ការ​ដាក់​ទណ្ឌកម្ម​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​ គ្មាន​ប្រសិទ្ធភាព​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ