អានតួអត្ថបទ

ប៉េកាំង​ធ្វើ​សមយុទ្ធ​មួយ​ខ្សែ​ថ្មី​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី​ជីនពីង មាន​កម្មវិធី​​ធ្វើ​ទំនើប​កម្ម​វិស័យយោធា​ យ៉ាង​ខ្លាំងក្លា​ណាស់ និង​ផ្តល់​អាទិភាព​ជាពិសេស​ទៅ​វិស័យ​យោធា​ជើង​អាកាស​និង​ជើង​ទឹក។ ថ្ងៃ​អាទិត្យ​ទី ២៥ មីនា នេះ យោធា​ជើង​អាកាស​របស់​កង​ប្រដាប់​អាវុធ​ចិន បាន​ប្រកាស​នៅ​ ថា​បាន​ធ្វើ​សមយុទ្ធ​​មួយ​ខ្សែ​ថ្មី​ទៀត នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង និង​នៅ​ភាគ​ខាង​លិច​នៃ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ បន្ទាប់​ពីបាន​បញ្ចប់​​សមយុទ្ធ​នៅ​ក្នុង​នៅ​ច្រក​សមុទ្ទ​មីយ៉ាកូ​រួច។

ទាហាន​ចិន​ល្បាត​នៅលើ​កោះ​មួយ​ក្នុង​​សមុទ្ទ​ចិន​ខាងត្បូង
ទាហាន​ចិន​ល្បាត​នៅលើ​កោះ​មួយ​ក្នុង​​សមុទ្ទ​ចិន​ខាងត្បូង REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

កាលបរិច្ឆេទពិត​ប្រាកដ​​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ មិន​ត្រូវ​បាន​យោធា​ជើង​អាកាស​ចិន​ប្រកាស​បញ្ជាក់​ឱ្យ​ដឹង​ទេ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ យោធា​អាកាស​ចិន បាន​ត្រឹម​អះអាង​ថា សមយុទ្ធ​នេះ​គឺ​ជា​លំហាត់​សម​ត្រៀម​ធ្វើ​សង្គ្រាម​នា​ពេល​អនាគត​ និង​ដើម្បី​ត្រៀម​លក្ខណៈ​បាន​ប្រសើរ​ឡើង​នៅ​ពេល​ចេញ​ប្រយុទ្ធ។ ចិន​ត្រូវ​​មាន​ជំហរ​និង​ជា​តំណាង​កម្លាំង​យោធា​​ដ៏​សំខាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​អាច​ទប់​ទល់​រាល់​គ្រប់​សង្គ្រាម ហើយ​នឹង​ត្រូវ​យក​ឈ្នះ​លើ​គ្រប់​សមរភូមិ។ ​នេះ​ជា​ខ្លឹម​សារ​លម្អិត​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

សម្រាប់​ប៉េកាំង​ ហេតុ​ផល​នៃ​សមយុទ្ធ​ត្រូវ​បាន​ពន្យល់​ជា​ញឹកញាប់​មក​ហើយ និង​ក្នុង​ន័យ​ដដែលៗ​ថា កម្មវត្ថុ​នៃ​សមយុទ្ធ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ភាព​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ប្រទេស​ ឬ​អ្នក​ជិត​ខាង​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​ជម្រើស​​​ធ្វើ​លំហាត់​យោធា នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង និង​ជុំ​វិញ​​​កោះ​តៃវ៉ាន់ បាន​ធ្វើ​ប្រទេស​ជិត​ខាងជាប់​ជម្លោះ​ និង​សហរដ្ឋ​អាមេរិក​ នៅមិន​ស្រណុក​ឡើយ។

ចិន​តែង​តែ​​អះអាង​ និង​ទាមទារ​គ្រប់គ្រង​តែ​ម្នាក់​ឯង​មួយ​ធំ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជា​ច្រក​​ពាណិជ្ជកម្ម​ផ្លូវ​ទឹក​ដ៏​សំខាន់​ ព្រម​ទាំង​មាន​សម្បត្តិ​ធម្មជាតិ​ក្រោម​ទឹក​យ៉ាង​សម្បូរ​បែប ដូច​ជា​ប្រេង​និង​ឧស្ម័ន​ជា​ដើម។ ការទាមទារ​នេះ​បាន​បង្ក​ឱ្យ​ប្រទេស​ជិត​ខាង​ជាប់ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដូចយ៉ាង ហ្វីលីពីន និង​​ម៉ាឡេស៊ី​ជា​ដើម​ ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង។ ចំណែក​អាមេរិក​ ដែល​ចាត់​ទុក​មហិច្ឆតា​នៅ​​សមុទ្ទចិន​ខាង​ត្បូង​ ថា​ជា​ដើម​ហេតុ​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​តំបន់ ក៏​បាន​ចេញ​មុខ​ធ្វើ​សកម្មភាព​ការពារ​ក្រោម​ហេតុ​ផល​ការពារ​សេរីភាព​នៃ​ចរាចរណ៍​​ផ្លូវ​សមុទ្ទ​អន្តរជាតិ។

កាលពី​ថ្ងៃ​សុក្រ នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង បាន​បង្ហាញ​ខ្លួន​យ៉ាង​កៀក​កើយ​បំផុត ទៅ​នឹង​កោះ​សម្បនិម្មិត​មួយ​របស់​ចិន ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ដែ​លមាន​ឈ្មោះ​ថា សេរីភាព​នៃ​ចរាចរណ៍​ផ្លូវ​ទឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ