rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​ភូមា​លាលែង​តំណែង​

media
លោក Htin Kyaw សុំលាតំណែង​ប្រធានាធិបតី​ភូមា នៅថ្ងៃ​ពុធ​២១មីនា​២០១៨។ © REUTERS/Franck Robichon/Pool

ប្រធានាធិបតី​ភូមា ​លោក ​Htin Kyaw បាន​លាលែង​តំណែង​នៅ​ថ្ងៃពុធ​នេះ ដោយ​មិនបាន​ប្រាប់​ពី​មូលហេតុ​ពិតប្រាកដ​ទេ។ ការ​លាតំណែងរបស់​លោក​​ធ្វើឡើង​ចំពេល​អង្គការ​សហប្រជាជាតិ​ចោទ​ភូមា​ ថា​ធ្វើការ​បោសសម្អាត​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ ​


ថ្ងៃ​ពុធ​២១មីនា​នេះ លោក ​Htin Kyaw បាន​​សូម​លាតំណែងប្រធានាធិបតីភូមា។ លោក​កាន់អំណាច​មក​ជិត​​២ឆ្នាំ​ហើយ គឺតាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦មក។ ​គេមិនដឺង​មូលហេតុ​​នៃ​ការ​លាតំណែង​នេះទេ តែ​ដោយសារ​ប៉ុន្មានខែចុងក្រោយ​នេះ គេឃើញ​លោក​ចុះស្គម ​ធ្វើអោយ​គេគិតថា អាច​មកពី​លោក​មា​នបញ្ហា​សុខភាព។ ជិត​២ឆ្នាំ​មកនេះ លោក​ ​Htin Kyaw គ្រប់គ្រង​ភូមា​ក៏ពិតមែន ​ប៉ុន្តែ លោក​មិនសូវ​ជា​បាន​និយាយអ្វី​ច្រើនទេ។ គួរ​រំលឹក​ថា ​លោក​ ​Htin Kyaw ជា​​មិត្តភក្តិ​ពីកុមារភាព​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ គិត​ប៉ុន្មានទសវត្ស​មកនេះ ​លោក​​ជា​ជនស៊ីវិល​ទី១​ដែល​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ភូមា។ ​

ពេលនេះ​​ លោកស្រី​អ៊ុងសាន ស៊ូជី មានពេល​៧ថ្ងៃ ដើម្បី​រក​​ប្រធានាធិបតី​ថ្មី។ ​ក្រុមជំនាញ​គិតថា បើ​លោកស្រី​ស៊ូជី ដាក់ ​អ្នកជំនិត​នឹងលោកស្រី​អោយ​កាន់តំណែង​ប្រធានាធិបតី នោះ​អ្វីៗ​នឹង​ដំណើរការទៅ​ធម្មតា។ ​​តំណែង​ប្រធានាធិបតី​ភូមា ជា​តំណែង​កិត្តិយស ព្រោះ​តំណែង​សំខាន់​គឺតំណែង​ជា​ទីប្រឹក្សារដ្ឋដែល​ភូមា​បាន​បង្កើត​សម្រាប់​លោកស្រី​ស៊ូជី​ឯណោះទេ។ លោកស្រី​ស៊ូជី គ្មានសិទ្ធិ​​ធ្វើ​ជា​ប្រធានាធិបតី​ភូមា ដោយសារ​តែ​លោកស្រី​មាន​កូនជា​ជនជាតិ​អង់គ្លេស ដែល​នេះ​ជាការហាមប្រាម​របស់​រដ្ឋធម្មនុញ្ញ​ភូមា។  ​

ការលាតំណែង​របស់​លោក​Htin Kyaw ​ធ្វើឡើង​ចំពេល​ភូមា​កំពុង​រងការ​ចោទប្រកាន់​ថា ធ្វើការបោសសម្អាត​ប្រជាជន​រ៉ូហ៊ីងយ៉ា ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ យុទ្ធនាការ​យោធា​ធ្វើអោយ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជិត​៧សែននាក់នៅភាគខាងលិច​ប្រទេស​ ភៀសខ្លួន​ទៅបង់ក្លាដែស។ ​លោកស្រី​ស៊ូជី​ត្រូវគេ​ចោទ​ថា ធ្វើមិនដឹងមិនលឺពី​ហិង្សា​កងទ័ព និង​គ្មានការ​អាណិតអាសូរ​ចំពោះជនជាតិ​រ៉ូហ៊ីងយ៉ា។ រដ្ឋអំណាច​លោកស្រី​ស៊ូជី កំពុង​យឺតយ៉ាវ​ក្នុង​ការ​កសាង​ប្រទេស ដោយសារ​បញ្ហា​រ៉ូហ៊ីងយ៉ា​ បូករួម​​​កំណែទម្រង់​សេដ្ឋកិច្ច​​សង្គម និង​ការរិះគន់​ពី​អន្តរជាតិ។ នេះ​នៅ​មិននិយាយ​ពី​​នយោបាយ​ក្នុង​ស្រុក​ដែល​មាន​ការរិះគន់​ថា លោកស្រីអ៊ុងសាន​ស៊ូជី ​​​​ក្តោបក្តាប់​អំណាច​ក្នុង​ដៃហួសហេតុ៕ ​ ​