អានតួអត្ថបទ
ការប្រែប្រួល​អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​មនុស្ស​១៤៣​លាន​នាក់​ធ្លាក់ខ្លួន​ជា​ជនអន្តោប្រវេសន៍ នៅ​ឆ្នាំ ២០៥០

ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៥០ ចំនួន​ប្រជាជន​ដែល​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ធ្វើអន្តោប្រវេសន៍ ដោយសារ​បញ្ហា​អាកាសធាតុ នឹង​កើនឡើង រហូត​ដល់​ចំនួន ១៤៣​លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ តាមរបាយការណ៍​របស់​ធនាគារ​ពិភពលោក ចេញផ្សាយ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ចំនួន​ជនអន្តោប្រវេសន៍ ដោយសារ​កត្តា​ប្រែប្រួល​អាកាសធាតុ នឹងទៅ​បន្ថែម​ទំងន់​ពី​លើ​វិបត្តិ​ជនភៀសខ្លួន​ដោយសារ​សង្រ្គាម ឬ​ជនអន្តោប្រវេសន៍​សេដ្ឋកិច្ច ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នាពេលបច្ចុប្បន្ន។ 

អ្នកលក់​ចំណីអាហារ​នៅ​កំពង់ផែ​មួយ នៅ​ទីក្រុង​ហ្សាការតា ដែល​លិចលង់​ដោយ​ការឡើង​កំពស់ទឹកសមុទ្រ​នៅថ្ងៃទី ៣​មករា ២០១៨
អ្នកលក់​ចំណីអាហារ​នៅ​កំពង់ផែ​មួយ នៅ​ទីក្រុង​ហ្សាការតា ដែល​លិចលង់​ដោយ​ការឡើង​កំពស់ទឹកសមុទ្រ​នៅថ្ងៃទី ៣​មករា ២០១៨ ©REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

អ្នកដែល​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះសម្បែង ស្រុក​កំណើត ដោយសារ​ការកើនឡើង​នៃ​កំពស់​ទឹកសមុទ្រ ឬ​ការខ្វះខាត​ទឹក​ប្រើប្រាស់ ជាដើម ត្រូវ​បាន​ចាត់ចូល​ជា​ជនអន្តោប្រវេសន៍ ដោយសារ​បញ្ហា​អាកាសធាតុ។ តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ចំនួន​ជនអន្តោប្រវេសន៍​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នឹង​កើនឡើង រហូត​ដល់ ១៤៣​លាននាក់ នៅ​ឆ្នាំ ២០៥០ បើសិនជា គេ​គ្មាន​ចាត់​វិធានការ​អ្វី សោះ ក្នុង​រឿង ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

នេះ ជាលើក​ទី១ ដែល​មានគេ​ធ្វើ​របាយការណ៍​ផ្តោត​ពិសេស​តែ​ទៅលើ​ជនអន្តោប្រវេសន៍ អ្នកដែល​ផ្លាស់ទី ដោយសារ​បញ្ហា​អាកាសធាតុ។ “ក្នុងមួយថ្ងៃៗ ការប្រែប្រួល​អាកាសធាតុ បាន​ក្លាយ​ជា​ការគំរាមកំហែង សេដ្ឋកិច្ច សង្គម ដែល​តម្រូវ​ឲ្យ​មនុស្ស​ទាំង​គ្រួសារ ឬ​សហគមន៍ ត្រូវ​ចាកចេញ​ពី​ស្រុកកំណើត ទៅ​រកទីកន្លែង​ថ្មី ដែល​ពួក​អាច​រស់នៅ​បាន។ នេះ​បើតាម​បញ្ជាក់​របស់​លោកស្រី Kristalina Georgieva អគ្គនាយិកា​របស់ធនាគារ​ពិភពលោក ដែល​មានទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

សូមអាន៖ របាយការណ៍​អន្តរជាតិ ​ថា​ពិភពលោក​កំពុង​រងឥទ្ធិពល​អាក្រក់ ​នៃ​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ

ជារួម នៅក្នុង​ចំណោម​ប្រជាជន​១៤៣​លាននាក់ ដែល​នឹង​ផ្លាស់ទី ធ្វើអន្តោប្រវេសន៍​ដោយសារ​បញ្ហាអាកាសធាតុ មាន​៨៦លាននាក់ ជា​ប្រជាជន​អាហ្វ្រិក​នៅ​តំបន់​សាហារ៉ា ៤០​លាន​នាក់ នៅ​អាស៊ី​ខាងត្បូង និង​១៧​លាននាក់ នៅ​តំបន់​អាមេរិកឡាទីន។ តាមអ្នកសរសេរ​របាយការណ៍​របស់​ធនាគារ​ពិភពលោក តំបន់​ទាំងបី​ខាងលើ​តំណាង​ឲ្យ​៥៥ភាគរយ​នៃ​ប្រជាជន​រស់នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

នៅមុន​របាយការណ៍​របស់​ធនាគារ​ពិភពលោក នេះទៅទៀត អង្គការ​Oxfam ធ្លាប់​បាន​វាយតម្លៃថា (នៅក្នុង​រយៈពេល​៨ឆ្នាំ) នៅ​ចន្លោះ ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៦ មនុស្ស​ប្រមាណ ២១​លាននាក់ ក្នុង​មួយឆ្នាំៗ បាន​ផ្លាស់ទី​កន្លែង​រស់នៅ ដោយសារ​តែ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។។ ចំនួនជនអន្តោប្រវេសន៍​ដោយសារ​បញ្ហា​អាកាសធាតុ បាន​ទៅ​បង្កើន បន្ថែម​ពី​លើ​ចំនួន​មនុស្ស​ផ្លាស់ទី រាប់​លាននាក់ ដែល​បាន​រត់ភៀសខ្លួន ដោយសារ​សង្រ្គាម ឬ​ធ្វើ​អន្តោប្រវេសន៍ ​ដោយសារ​បញ្ហា​សង្គម សេដ្ឋកិច្ច។ សម្រាប់​អ្នកសរសេរ​របាយការណ៍ ចំនួន​មនុស្ស​ផ្លាស់ទី ដោយសារ​អាកាសធាតុ​នេះ នឹង​អាច​ថយចុះ ៨០ភាគរយ បើសិន​អ្នកធ្វើ​នយោបាយ ចាត់វិធានការ​គ្រប់មុខព្រួញ ដើម្បី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ឬ វិនិយោគ បង្កើត កម្មវិធី អភិវឌ្ឍន៍ បន្ថែម សម្រាប់​ឆ្លើយតប​ដល់​តម្រូវការ​របស់​ប្រជាជន ដែល​រងគ្រោះ​ដោយសារ​កត្តាប្រែប្រួល​អាកាសធាតុ។

គ្មានផែនការ​សមស្រប និង​ការគាំទ្រ​ច្បាស់លាស់​ពីថ្នាក់ដឹកនាំ ប្រជាជន​កាន់តែ​ច្រើន​នឹង​ធ្វើ​ចំណាកស្រុក ពី​ខេត្ត ទៅ​ប្រមូលផ្តុំ នៅតាមទីក្រុង។ សម្រាប់​អ្នកជំនាញ​ខាងបរិស្ថាន របស់​ធនាគារ​ពិភពលោក ការប្រមូលផ្តុំ តែ​នៅ​ក្នុង​ទីក្រុង នឹង​បង្ក​ឲ្យ​មាន​ភាពតានតឹង ជម្លោះ ដណ្តើម​ប្រើប្រាស់​ធនធាន​ដែល​មាន​កាន់តែ​តិចៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ