rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េ អាមេរិក និង​ស៊ុយអែត​បន្ត​ប្រើ​យុទ្ធសាស្រ្ត​ការទូត​ដើម្បី​ដោះលែង​អ្នកទោស​អាមេរិក​នៅ​កូរ៉េខាងជើង

media
ប្រមុខ​ការទូត​កូរ៉េខាងជើង​លោក Ri Yong-ho 资料照片

នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី១៩ មីនា​នេះ​ថា កូរ៉េខាងជើង​កំពុង​បន្ត​ចរចា​ជាមួយ​អាមេរិក និង​ប្រទេស​ស៊ុយអែត​ដើម្បី​ឈាន​ទៅ​ដោះលែង​អ្នកទោស​ជនជាតិ​អាមេរិកាំង​ដើមកំណើត​កូរ៉េ ៣នាក់​ដែល​កំពូង​ជាប់​ឃុំ​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ទូរទស្សន៍​កូរ៉េខាងត្បូង MBC បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា​ថា ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​ជិត​បញ្ចប់​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ដើម្បី​ដោះលែង​អ្នកទោស​អាមេរិក​ទាំង ៣នាក់​នោះ។


ភាគី​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​អ្នកទោស​ជនជាតិ​អាមេរិក​ដើមកំណើត​កូរ៉េ​ទាំង ៣នាក់ គឺ​កូរ៉េខាងជើង និង​អាមេរិក​ដែល​កំពុង​បន្ត​ចរចា​គ្នា​លើ​របៀប​វារៈ​ឈាន​ទៅ​ដោះលែង​អ្នកទោស​ទាំង ៣។ តែ​ទន្ទឹម​គ្នា​នេះ កូរ៉េខាងត្បូង និង​ស៊ុយអែត​ជា​តួអង្គ​សម្របសម្រួល​ដែល​គេ​មិន​អាច​មើល​រំលង​បាន​ឡើយ។ ទូរទស្សន៍​កូរ៉េខាងត្បូង MBC ដែល​ដក​ស្រង់​ប្រភព​ការទូត​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៨ មីនា​ថា កិច្ចចរចា​កូរ៉េខាងជើង និង​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ទីក្រុង​ញូយ៉ក​រវាង​មន្រ្តី​ការទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​មន្រ្តី​ការទូត​នៃ​ក្រសួង​ការបរទេស​អាមេរិក​ដោយ​ប្រើ​កាណាល់ ញូយ៉ក។

តាម​ទូរទស្សន៍ MBC ដដែល ភាគី​កូរ៉េខាងជើង និង​ភាគី​អាមេរិក​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ដើម្បី​ឈាន​ទៅ​ដោះលែង​អ្នកទោស​អាមេរិក​ទាំង ៣នាក់។ អ្វី​ដែល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ជជែក​បន្ថែម គឺ​របៀបវារៈ និង​កាលវិភាគ​នៃ​ការ​ដោះលែង។ ទន្ទឹម​នឹង​កិច្ចចរចា​ទ្វេភាគី​កូរ៉េខាងជើង និង​អាមេរិក​តាម​រយៈ​កាណាល់​ញូយ៉ក ជោគវាសនា​អ្នកទោស​អាមេរិក​ទាំង ៣នាក់​ក៏​ត្រូវ​បាន​លើក​យក​ទៅ​ជជែក​រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​រវាង​ប្រមុខ​ការទូត​កូរ៉េខាងជើង​លោក​រី ចុងហូ និង​សមភាគី​ស៊ុយអែត​លោក Margot Wallstrom។

នីតិវិធី​ប្រកប​ដោយ​វិជ្ជមាន​ក្នុង​គោលដៅ​​ដោះលែង​អ្នកទោស​អាមេរិក​ទាំង ៣នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​យល់ព្រម​សំណើ​សុំ​ជួប​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ ជំនួបកំពូល​ត្រាំ និង​គីម​ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ និង​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទីកន្លែង​នៅ​ឡើយ​ទេ។ សូម​ជម្រាប​ជូន​ថា អ្នកទោស​ជនជាតិ​អាមេរិក​ដើមកំណើត​កូរ៉េ​ទាំង ៣នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​កូរ៉េខាងជើង គឺ​លោក​គីម ហាក់សុង លោក​គីម សងឌុដ និង​លោក​គីម ដុង ជុល​ដែល​ត្រូវ​បាន​រដ្ឋអំណាច​កូរ៉េខាងជើង​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៥៕