អានតួអត្ថបទ
ចិន-អាមេរិក

ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​កែកំហុស​របស់​ខ្លួន​ស្តីពី​កោះតៃវ៉ាន់

ប្រទេស​ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​កែកំហុស​របស់​ខ្លួន​ទាក់ទង​នឹង​កោះ​តៃវ៉ាន់។ សំណើ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ការបរទេស​ចិន​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​សៅរ៍ ទី១៧ មីនា។ អ្វី​ដែល​ទីក្រុង​ប៉េកាំង​ចង់​បាន គឺ​សុំ​ឲ្យ​ទីក្រុង​វ៉ាស៊ីតោន​ដក​ច្បាប់ « Taiwan Travel Act » ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ទើប​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់។ សម្រាប់​ប៉េកាំង ច្បាប់​មួយ​នេះ​បាន​រំលោភបំពាន​លើ​គោលការណ៍​ចិន​តែ​មួយ។

លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន
លោក Lu Kang អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

ច្បាប់ « Taiwan Travel Act » ដែល​បាន​អនុម័ត​ដោយ​សភា និង​ព្រឹទ្ធសភា​អាមេរិក​មាន​កម្មវត្ថុ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​តៃវ៉ាន់​ដោយ​លើក​ទឹកចិត្ត​ថ្នាក់នាំ​អាមេរិក​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តៃវ៉ាន់​ដើម្បី​ជួប​សមភាគី​តៃវ៉ាន់។ តែ​ចិន​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក​លូ កាង​បាន​ប្រឆាំង​លើ​ច្បាប់​នោះ​យ៉ាង​ដាច់​អហង្ការ និង​បាន​ចាត់​ទុក​ច្បាប់​នោះ​ថា ជា​ការ​រំលោភបំពាន​លើ​គោលការណ៍​ចិន​តែ​មួយ និង​ជា​ការ​ផ្តល់​សញ្ញា​អាក្រក់​ដល់​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​តៃវ៉ាន់។

« យើង​ស្នើ​ឲ្យ​អាមេរិក​កែកំហុស​ឆ្គង​របស់​ខ្លួន និង​បញ្ឈប់​រាល់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តែវ៉ាន់​ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​លូ កាង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ក្រសួង​ការពារជាតិ​ចិន​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន និង​បាន​យល់​ឃើញ​ថា ច្បាប់ « Taiwan Travel Act » របស់​អាមេរិក​ជា​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការពារជាតិ​ចិន​ក៏​ស្នើ​អាមេរិក​ឲ្យ​ឈប់​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់ទំនង​យោធា​រវាង​ចិន និង​អាមេរិក។

គួរ​រម្លឹក​ជូន​ថា អាមេរិក​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ទេ តែ​អាមេរិក​បាន​បន្ត​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​បន្ត​លក់​អាវុធ​ឲ្យ​តៃវ៉ាន់។ ក្រោយ​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​យល់​ព្រម​ទទួល​ទូរស័ព្ទ​សាទរ​ពី​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ហើយ​នា​រដូវក្តៅ​ឆ្នាំ ២០១៧ លោក​ត្រាំ​បាន​យល់​ព្រម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ក្នុង​ទឹកប្រាក់ ១ ៣០០លានដុល្លារ។ សម្រាប់​ចិន កោះ​តៃវ៉ាន់​ដែល​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ចិន​ក្រោយ​សង្រ្គាម​ស៊ីវិល​ឆ្នាំ ១៩៤៩ នៅ​ជា​ដែនដី​របស់​ខ្លួន និង​បាន​ព្រមាន​ថា នឹង​ប្រើ​កម្លាំងបាយ​វាយប្រហារ​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ