អានតួអត្ថបទ
អូស្ត្រាលី-អាហ្វ្រិកខាងត្បូង

អូស្រ្តាលី៖ជនជាតិ​អាហ្វ្រិកខាងត្បូង ស្បែកសក្តិ​​សម​នឹង​ទទួល​បាន​ទិដ្ឋាការ​ពិសេស

រដ្ឋាភិបាល​អភិរក្ស​និយម​របស់​អូស្ត្រាលី​គ្រោង​នឹង ផ្តល់​ទិដ្ឋាការ​ពិសេស​ដល់​កសិករ​ស្បែកស អាហ្វ្រិកខាងត្បូង ដែល​កំពុង​រង​ការធ្វើ​ទុក្ខបុកម្នេញ នៅ​អាហ្វ្រិកខាងត្បូង។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី លោក​Peter Dutton បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះថា ក្រសួង​កំពុង​ពិចារណា លើ​ការបង្កើត​ទិដ្ឋាការ​ពិសេស សម្រាប់​ជនជាតិអាហ្វ្រិកខាងត្បូង ស្បែកស ដែល​ចង់​រត់គេចខ្លួន​ពី​ការធ្វើបាប នៅ​អាហ្វ្រិកខាងត្បូង និងដែល​ចង់​ស្វែងរក​ជំរក​ថ្មី នៅក្នុង​ទឹកដី​ស៊ីវិល័យ ដូចជា​អូស្ត្រាលី។ 

លោកHannes Visser អាយុ ៤៧ឆ្នាំជាជនជាតិ​អាហ្វ្រិកខាងត្បូង​ស្បែក​ស ទី​១​ដែល​ត្រូវ​បាន​រដ្ឋ​រឹបអូស​យក​ដី​ធ្លី នៅក្រោមហេតុផល​កំណែទម្រង់ដីធ្លីនៅឆ្នាំ ២០០៥ នៅស្រុក Leeuwspruit អាហ្វ្រិកខាងត្បូង
លោកHannes Visser អាយុ ៤៧ឆ្នាំជាជនជាតិ​អាហ្វ្រិកខាងត្បូង​ស្បែក​ស ទី​១​ដែល​ត្រូវ​បាន​រដ្ឋ​រឹបអូស​យក​ដី​ធ្លី នៅក្រោមហេតុផល​កំណែទម្រង់ដីធ្លីនៅឆ្នាំ ២០០៥ នៅស្រុក Leeuwspruit អាហ្វ្រិកខាងត្បូង ©AFP PHOTO / ALEXANDER JOE
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ​អូស្ត្រាលី លោក​Peter Dutton បាន​និយាយ​ថា ជនជាតិ​អាហ្វ្រិកខាងត្បូង ស្បែកស សក្តិសម​នឹង​ទទួល​ឲ្យ​រស់នៅ​អូស្ត្រាលី តាមរយៈ ទិដ្ឋាការ​ពិសេស ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្តល់​ទៅ​ឲ្យ​ជនភៀសខ្លួន ឬ​ទៅ​ក្រុម​មនុស្ស​ដែល​រង​ការធ្វើទុក្ខ​បុកម្នេញ ដោយ​ប្រការ​ណាមួយ នៅក្នុង​ប្រទេស​កំណើត​របស់ខ្លួន។ តើ​អូស្ត្រាលី​កំពុង​រើសអើង និង​ជ្រើសរើស​ក្រុម​ជនភៀសខ្លួន? អូស្ត្រាលី​ធ្លាប់ បាន បដិសេធ​ដាច់ណាត់ មិន​ទទួល​ជនភៀសខ្លួន​មកពី អាស៊ី និង​ដើមបូព៌ា។ ពួកគេ​ទាំងនោះ រាប់ពាន់​នាក់ ដែល​ធ្វើដំណើរ​តាមទូកសំដៅ អូស្ត្រាលី ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី ចាប់​បញ្ជូន យកទៅដាក់ ក្នុង​ជំរំភៀសខ្លួន នៅ​ទឹកដី​បរទេស ក្រៅ​ទឹកដី​អូស្ត្រាលី។

សូមអាន៖អង្គការ​Amnesty និង HRW ដៀល​យុទ្ធសាស្ត្រឃុំ​ជនភៀស​ខ្លួន​របស់​​អូស្ត្រាលី

ក្នុង​ករណី​ជនជាតិស្បែកស នៅ​អាហ្វ្រិកខាងត្បូង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​និយាយ​យោង​ដល់ព័ត៌មាន​របស់​កាសែត​ដែលថា សហគមន៍​ស្បែកស នៅក្នុង​ទឹកដី​អាហ្វ្រិក​ខាងត្បូង កំពុង​ខាតបង់ រងគ្រោះ ដោយសារ​ការដកហូត​ដីធ្លី ដោយ​ខុសច្បាប់ ហើយនិង​អំពើហិង្សា​លើ​រូបរាងកាយ។ សម្រាប់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​អន្តោប្រវេសន៍​អូស្ត្រាលី ជនជាតិ​អាហ្វ្រិកខាត្បូង ស្បែកស​ប្រឹងធ្វើការ​ធ្ងន់ ដែល​សក្តិសម​នឹង​ទទួល​បាន​ជំនួយ​ពិសេស ពី​ប្រទេស​ដែល​មាន​អរិយធម៌​ខ្ពស់​ដូចជា​អូស្ត្រាលី។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង នៅថ្ងៃ​ព្រហស្បតិ៍នេះ​វិញ បាន​បដិសេធ​ថា គ្មាន​ការធ្វើ​ទុក្ខបុកម្នេញ លើ​ជនជាតិ​ ​ស្បែកស នៅ​អាហ្វ្រិកខាងត្បូង​នោះទេ។

នៅ សប្តាហ៍មុននេះ លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា ដែល​បាន​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី ថ្មី​របស់​អាហ្វ្រិកខាងត្បូង កាលពី​ខែ​កុម្ភៈ បាន​សន្យា កែកំហុស​អតីតកាល ដែល​អយុត្តិធម៌ សម្រាប់​ជនជាតិ​ស្បែកខ្មៅ​នៅ​អាហ្វ្រិកខាងត្បូង។ លោក​បានប្រកាស​ធ្វើ​កំណែទម្រង់ លើ​ការគ្រប់គ្រង​ដីធ្លី តាមរយៈ ការចែករំលែក​ដី​មួយចំនួន​របស់​សហគមន៍​អ្នកមាន ស្បែកស ទៅ​ឲ្យ​ជនជាតិ​អាហ្វ្រិកខាងត្បូង ស្បែកខ្មៅ ដែល​ក្រីក្រ។ តាម​ជំរឿន​របស់​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង ដី​កសិកម្ម​ប្រមាណ​៧០ភាគរយ ស្ថិតក្នុង​ដៃ​គ្រប់គ្រង​របស់​ជនជាតិ​ស្បែកស ចំណែក​ជនជាតិ​អាហ្វ្រិកខាងត្បូង ស្បែកខ្មៅ កាន់កាប់​តែ​៤ភាគរយ​ប៉ុណ្ណោះ​នៃ​ដី​កសិកម្ម​អាហ្វ្រិកខាងត្បូង។ គណបក្ស​កាន់អំណាច អាហ្វ្រិក​ខាងត្បូង​វិញ គាំទ្រ ចំណាត់​ការដកហូត​ដីធ្លីពី​សហគមន៍​ស្បែកស ដោយ​គ្មាន​ការបង់​សងជម្ងឺចិត្ត។

សម្រាប់ អនុប្រធាន​ប្រតិបត្តិ​វេទិកា​ជនជាតិ​អាហ្រ្វិក ដែល​តំណាង​ឲ្យ​សហគមន៍​ស្បែកស នៅ​អាហ្វ្រិកខាងត្បូង ជំហរ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ចង់​ផ្តល់​ទិដ្ឋាការ​ពិសេស ដល់​ជនជាតិ​អាហ្វ្រិកខាងត្បូង​ស្បែកស នឹងអាច​ជា​សញ្ញា ដាស់តឿន រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង ឲ្យ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ពីការខាតបង់​ផ្នែក​សេដ្ឋកិច្ច បើសិន​រដ្ឋាភិបាល​បែរខ្នង រំលោភ​សិទ្ធិ​គ្រប់គ្រង​ដីធ្លី របស់​ជនជាតិ​របស់ខ្លួន ប៉ុន្តែ ស្បែកស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ