ថៃ ៖ មហាសេដ្ឋីវ័យក្មេងម្នាក់បង្កើតបក្សនយោបាយផ្ចាញ់របបសឹក
នយោបាយថៃកំពុងស្គាល់ជំនោរខ្យល់ថ្មី ! នៅថ្ងៃព្រហស្បតិ៍ទី ១៥ មីនា ២០១៨ នេះ អ្នកជំនួញវ័យក្មេងម្នាក់បានប្រកាសបង្កើតបក្សនយោបាយ ដ៏ថ្មីស្រឡាង ដែលមានឈ្មោះថា « Future Forward » អនាគតទៅមុខ។ ជាបក្ស ដែលប្រមូលផ្តុំយុវជនជំនាន់ថ្មី និងមានគោលការណ៍ផ្សះផ្សាជាតិ ចេញពីភាពវិលវល់ក្នុងវិបត្តិអស់រយៈពេលជិត១៥ឆ្នាំ។ អ្នកជំនាញនយោបាយយល់ថា បក្សថ្មីនេះ អាចដើរតួនាទី ដ៏សំខាន់នៅក្នុងការបោះឆ្នោតសភថៃ ដែលគ្រោងធ្វើនៅខែកុម្ភៈ ២០១៩។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៩
ក្នុងវ័យ៣៩ឆ្នាំ មហាសេដ្ឋីវ័យក្មេង លោក ថាណាថន ចឹងរូងរឿងកិច (Thanathorn Juangroongruangkit) ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុនលក់គ្រឿងបំលាស់រថយន្តដ៏ធំមួយនៅប្រទេសថៃ គ្មានបទពិសោធន៍ក្នុងនយោបាយទេ។ ប៉ុន្តែលោកមានឆន្ទៈចង់សំអិតសំអាងមុខមាត់នយោបាយថៃឡើងវិញ។ ដើម្បីសម្រេចបំណងនេះ លោក បានអំពាវនាវ និងប្រមែប្រមូលសិល្បករ អ្នកច្បាប់ អ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសកម្មជនសិទ្ធិមនុស្សឱ្យមកចូលរួមបង្កើតបក្សជាមួយលោក។
“ខ្ញុំអាចមានសំណាងច្រើននឹងចូលពន្ធនាគារ ... ប៉ុន្តែនេះជាគ្រោះហានិភ័យដែលខ្ញុំត្រៀមទទួលជាស្រេចហើយ”។ នេះជាប្រសាសន៍របស់លោក ថាណាថន ចឹងរូងរឿងកិច ក្នុងសន្និសីទកាសែតបង្កើតគណបក្សនាទីក្រុងបាងកក ដោយបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ បរិហារដោយចំៗរដ្ឋាភិបាលដែលបានឡើងកាន់អំណាចដឹកនាំប្រទេសដោយអាវុធ។ ជាពាក្យវាយប្រហារដែលសំដៅលើរបបសឹក ដែលបានធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ ដើម្បីបានក្តាប់អំណាចរហូតមកទល់ថ្ងៃនេះ។ ក្រៅអំពីរិះគន់រដ្ឋប្រហារជាច្រើនលើកច្រើនសា លោកថាណាថន ក៏បានលើកឡើងដែរអំពីវិសមភាពសង្គម និងកង្វះឯករាជ្យផ្នែកប្រព័ន្ធតុលាការ។
សម្រាប់ប្រជាពលរដ្ឋថៃជាច្រើន ដែលធុញទ្រាន់នឹងមុនមេដឹកនាំយោធាចាស់ៗ និងមេក្លោងនយោបាយដដែលៗ ការបង្កើតបក្ស Future Forward “អនាគតទៅមុខ” របស់លោកថាណាថន ប្រៀបដូចជាបានផ្តល់កម្លាំងនិងពន្លកនៃក្តីសង្ឃឹមថ្មី។ អ្នកជំនាញនយោបាយមួយចំនួន គិតថាបក្សនេះ មានគ្រប់លក្ខណៈសម្រាប់ទាក់ទាញម្ចាស់ឆ្នោតក្មេងៗ និងជាតំណាងបក្សនយោបាយដ៏សក្តិសមនៅក្នុងការបោះឆ្នោតសភា ដែលគ្រោងជាគោលការណ៍រៀបចំធ្វើនៅខែកុម្ភៈ២០១៩។ បក្សនេះខុសប្លែកពីបក្សថ្មីៗជាច្រើនផ្សេងទៀត ដែលភាគច្រើន រណបមេដឹកនាំយោធា។ អ្នកវិភាគខ្លះទៀត សំលឹងឃើញថាលោកថាណាថន ជាលោកថាក់ស៊ីនថ្មី ព្រោះគ្រាន់តែចូលប្រលូកនយោបាយភ្លាម លោកក៏បានទទួលប្រជាប្រិយភាពខ្ពស់នៅតាមតំបន់ជនបទ តាមរយៈកម្មវិធីនយោបាយជួយសង្គម។
មានបក្សនយោបាយថ្មីៗជាច្រើនទើបត្រូវបានបង្កើតឡើង ដោយអ្នកនយោបាយថ្មីថ្មោង ជាអ្នកជំនួញ ជាបញ្ញាវន្ត ជាកសិករ ឬតារាយូថូបផង សម្រាប់ចូលបោះឆ្នោតនៅឆ្នាំក្រោយ មានជាអាទិ៍បក្សប្រជាធិបតេយ្យSiam បក្សបង្រួបបង្រួមថៃ ... ។ល។ និង។ល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ