rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សព្វាវុធ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Sipri៖​មជ្ឈិមបូព៌ា និង​អាស៊ី​ជា​តំបន់​ដែល​ទិញ​អាវុធ​ច្រើន​ជាង​គេ​នា​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ

media
ឥណ្ឌា​គឺ​ជា​ប្រទេស​នាំចូល​អាវុធ​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក REUTERS

វិទ្យាសា្ថន Sipri ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែត​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការ​ជួញដូរ​គ្រឿងសព្វាវុធ​ក្នុង​លោក។ របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី១២ មីនា​ឲ្យ​ដឹង​ថា ការ​លក់​អាវុធ​ទៅ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាស៊ី​បាន​កើន​ឡើង​ខ្ពស់​នា​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ តម្រូវ​ការ​អាវុធ​ក៏​ដោយសារ​តែ​តំបន់​ទាំង​ពីរ​នេះ​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ។


របាយការណ៍​របស់​វិទ្យាស្ថាន Sipri បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា បើ​គិត​ជា​លក្ខណៈ​សកល ការ​លក់​អាវុធ​ដែល​មាន​ការ​កើន​ឡើង​តាំង​ពី​ឆ្នាំ ២០០៣ បាន​កើន​ឡើង​ចំនួន ១០% ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៧។ តែ​គ្រឿង​សព្វាវុធ​ដែល Sipri បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន គឺ​ទាក់ទង​តែ​គ្រឿងសព្វាវុធ​សំខាន់ៗ​ដូច​យ៉ាង​យន្តហោះចម្បាំង ប្រព័ន្ធ​ការពារ​ផ្លូវអាកាស រថក្រោះ គ្រាប់មីស៊ីល នាវាចម្បាំង ឬ​មួយ​ក៏​ផ្កាយរណប​យោធា។ ចំណែក​ប្រទេស​ដែល​លក់​អាវុធ​ច្រើន​ជាង​គេ គឺ​អាមេរិក​ដោយ​បាន​ស្រូប​យក​តែ​ម្នាក់​ឯង​ដល់​ទៅ ៣៤% នៃ​ទីផ្សារ​អាវុធ​ក្នុង​លោក។

តាម Sipri អាស៊ី អូសេអានី​ជា​តំបន់​នាំ​អាវុធ​ចូល​ច្រើន​ជាង​គេ​ដល់​ទៅ ៤២% នៅ​ពី​មុខ​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន ៣២% តែ​គឺ​តំបន់​មួយ​នេះ​ដែល​ការ​នាំ​អាវុធ​ចូល​មាន​ការ​កើន​ឡើង​លឿន។ អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ទិញ​អាវុធ​លំដាប់​ទី២ ក្នុង​លោក​ជាមួយ​នឹង​កំណើន ២២៥% បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ហើយ​គឺ​អាមេរិក​ដែល​បាន​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ច្រើន​ជាង​គេ បន្ត​ដោយ​ប្រទេស​អង់គ្លេស។ ជាក់ស្តែង​នា​ថ្ងៃ​សុក្រ ទី៩ មីនា​កន្លង​ទៅ ទីក្រុង​ឡុងដ៏​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះចម្បាំង​ឲ្យ​អារ៉ាប៊ីសាអូឌីត​ក្នុង​ទឹកប្រាក់​ច្រើន​ពាន់​លានដុល្លារ។

នៅ​តំបន់​អាស៊ី ឥណ្ឌា​ជា​ប្រទេសទី១ ទិញ​អាវុធ​ពី​គេ ព្រោះ​នៅ​មិន​ទាន់​មាន​រោងចក្រ​ផលិត​អាវុធ​ដោយ​ខ្លួន​ឯង​ទេ ពោល​ខុស​ពី​ប្រទេស​ចិន។ រុស្ស៊ី​ជា​ប្រទេស​ដែល​លក់​អាវុធ​ច្រើន​ជាង​គេ​ឲ្យ​ឥណ្ឌា​ក្នុង​អត្រា​ដល់​ទៅ ៦២%។ តម្រូវការ​ខ្ពស់​របស់​ឥណ្ឌា​ក៏​ដោយសារ​តែ​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​បន្ត​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ប៉ាគីស្ថាន និង​ចិន។ ចិន​ខ្លួន​ឯង​ក៏​ជា​ប្រទេស​លក់​អាវុធ​ដែល​ការ​នាំ​ចេញ​បាន​កើន​ចំនួន ៣៨% ពិសេស​លក់​ទៅ​ឲ្យ​ប្រទេស​ភូមា៕