rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ហ្វីលីពីន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿង​ទៅ​ហ្វីលីពីន​ដើម្បី​ពង្រឹង​វត្តមាន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

media
បារាំង​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿង​ទៅ​ហ្វីលីពីន​ដើម្បី​ពង្រឹង​វត្តមាន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក Romeo Ranoco / REUTERS

នៅ​ថ្ងៃ​អាទិត្យ ទី១១ មីនា នាវាចម្បាំង​បារាំង​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ចូលចត​នៅ​ក្នុង​ទឹកដី​ហ្វីលីពីន បន្ទាប់​ពី​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​ទ័ពអាមេរិក ជប៉ុន និង​ចិន។ នាវាចម្បាំង​នេះ​នឹង​ត្រូវ​បំពេញ​បេសកកម្ម​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​រយៈពេល ៣ខែ។ តាម​រយៈ​វត្តមាន​នាវាចម្បាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ បារាំង​ចង់​បញ្ជាក់​ពី​ការ​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដែល​ត្រូវ​បាន​ចិន​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​អស់ ៩០% ព្រម​ទាំង​បាន​សាងសង់​កោះសិប្បនិមិត្ម​ជា​ច្រើន​នៅ​ទីនោះ។


សម្រាប់​ប្រទេស​បារាំង វត្តមាន​នាវាចម្បាំង​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​ហ្វីលីពីន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ជិត​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ម៉ានីល។ ការ​រំកិល​ជិត​គ្នា បន្ទាប់​ពី​គណៈកម្មាធិការ​នៃ​កិច្ចសហប្រតិបត្តិការ​ការពារ​របស់​ប្រទេស​ទាំង​ពីរ​ទើប​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​រួម​គ្នា។ សូម​ជម្រាប​ជូន​ថា បារាំង​ជា​ប្រទេស​អឺរ៉ុប​មួយ​គត់​ដែល​មាន​វត្តមាន​កម្លាំង​យោធា​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ តាម​លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​ហ្វីលីពីន Nicolas Galey បារាំង​មាន​ទ័ព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជា​អចិន្រ្តៃយ៍​ចំនួន ៨ ០០០នាក់។

លោក Nicolas បាន​បញ្ជាក់​បន្ថែម​ថា តួនាទី​របស់​ទាហាន​បារាំង​នៅ​ក្នុង​តំបន់ គឺ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ទឹកដី​បារាំង ត្រួតពិនិត្យ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​បារាំង និង​ចូលរួម​ចំណែក​លើក​ដំកើង​សន្តិសុខពិភពលោក ព្រម​ទាំង​ឃ្លាំ​មើល​ឲ្យ​មាន​ការ​គោរព​សិទ្ធិសេរីភាព​ចរាចរណ៍​ផ្លូវសមុទ្រ និង​ការ​ការពារ​បរិស្ថាន​ផង​ដែរ។ វត្តមាន​របស់​នាវាចម្បាំង​បារាំង​នៅ​កំពង់ផែ​ហ្វីលីពីន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​វត្តមាន​ជា​ហូរហែ​របស់​នាវាចម្បាំង​អាមេរិក និង​ជប៉ុន​ដែល​ចង់​បង្ហាញ​សាច់ដុំ​ដាក់​ចិន។

នៅ​ក្នុង​ន័យ​នេះ មេបញ្ជាការ​កងទ័ព​បារាំង​លោក Denis Bertrand បាន​អះអាង​ថា វត្តមាន និង​ចរាចរណ៍​របស់​នាវាចម្បាំង​បារាំង​នៅ​ក្នុង​សមុទ្រ​ចិន​ពេល​នេះ​មិន​មាន​គោលដៅ​បង្ក​រឿង ឬ​ដំឡើង​សាច់ដុំ​ដាក់​ប្រទេស​ណា​មួយ​ទេ តែ​ចង់​បញ្ជាក់​ពី​គោលការណ៍​នៃ​សេរីភាព​នៃ​សមុទ្រ​ដែល​ជា​គោលការណ៍​សកល។ នៅ​ខាង​រដ្ឋាភិបាល​បារាំង​វិញ ទីក្រុង​ប៉ារីស​បាន​ព្យាយាម​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ទេ៕