អានតួអត្ថបទ
បារាំង-ឥណ្ឌា

ឥណ្ឌា​រៀបចំ​ជំនួបកំពូល​នៃ​សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ

ផ្តួចផ្តើម​គំនិត​ដោយ​បារាំង និង​ឥណ្ឌា​នៅក្រោយ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្តីពី​អាកាសធាតុ នៅ ឆ្នាំ ២០១៥ ជំនួបកំពូល នៃសម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ ត្រូវ​បើកធ្វើ​ជា​លើកទី១ នៅទីក្រុង​ញូវដេលី នៅថ្ងៃ​អាទិត្យ​ទី​១១​មីនា​នេះ។ ប្រធានាធិបតី បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង នឹង​ទៅចូលរួម​បើក​ជំនួបកំពូល មុន​នឹង​បញ្ចប់​ទស្សនកិច្ច​បីថ្ងៃ​របស់​លោក នៅ​ប្រទេស​ឥណ្ឌា នៅថ្ងៃ ចន្ទ​ស្អែក។

ផ្ទាំងផ្សព្វផ្សាយ​របស់​សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ
ផ្ទាំងផ្សព្វផ្សាយ​របស់​សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ ©International Solar Alliance
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ​មាន​គោលដៅ​ប្រមូលផ្តុំ​ប្រទេស​១២១ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខ្សែបន្ទាត់​អេក្វាទ័រ។ ក្នុង​ចំណោម​ប្រទេស ៦០​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង មាន​ពាក់កណ្តាល​ដែល​បាន​ផ្តល់​សច្ចាប័ន ចូលជា​សមាជិក​របស់​សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ។

ផ្តួចផ្តើម​គំនិត​ដោយ​បារាំង និង​ឥណ្ឌា សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ បានកើត​ចេញ​ជា​រូបរាង​ឡើង ដោយសារ​តែ គេ​កត់សំគាល់​ឃើញថា បណ្តា​ប្រទេស​ដែល​នៅ​ក្បែរ​ខ្សែបន្ទាត់​អេក្វាទ័រ ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ដល់ទៅ ៣០០​ថ្ងៃ​ក្នុង​មួយឆ្នាំ គ្មាន​ជំនាញ មធ្យោបាយ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កំដៅ​ព្រះអាទិត្យ។ ជាពិសេស​ទៅទៀត ប្រជាជន​របស់​ប្រទេស​ទាំងនោះ ពី​២០ ទៅ​៥០​ភាគរយ គ្មាន​បាន​ទទួល​ប្រើប្រាស់ ភ្លើង​អគ្គិសនី។

ទិសដៅ​របស់​សម្ព័ន្ធ​ព្រះអាទិត្យ​អន្តរជាតិ​គឺ​ជួយ​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​ឲ្យ​មាន​ឧបករណ៍​ស្រូបកំដៅ​ព្រះអាទិត្យ ដើម្បីយក​ទៅ​ធ្វើ​ជា​ថាមពល​អគ្គសនី។ ឧបសគ្គ​សំខាន់​នៃ​ការដំឡើង​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ គឺ​ថវិកា និង​ការវិនិយោគ។ សម្ព័ន្ធ​ព្រះអាទិត្យ សង្ឃឹមថា នឹង​អាច​ប្រមូល រៃអង្គាស​ថវិកា ១០០០ ពាន់​លាន​ដុល្លារ ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ ក្រុមហ៊ុន​វិនិយោគ​ឯកជន ហើយនិង​ស្ថាប័ន​ហិរញ្ញវត្ថុ ដូចជា​ទីភ្នាក់ងារ​បារាំង ដើម្បី​អភិវឌ្ឍ ឬ​ធនាគារ​ពិភពលោក​ជាដើម នឹង​ដើរតួ​ជា​ដៃគូ​សំខាន់​សម្រាប់​គម្រោងធ្វើ​អាជីវកម្ម លើ​ថាមពល​ដែល​បានមកពី​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ។ គេ​រំពឹងថា ក្នុង​រយៈពេល ៥​ឆ្នាំ ទៅមុខ គេត្រូវ​បណ្តុះបណ្តាល​យុវជន​ជំនាញ​ប្រមាណ ១សែននាក់ ដើម្បី​អាច​មាន​សមត្ថភាព​ដំឡើង និងថែទាំ​ផ្ទាំង​ស្រូបកំដៅ​ព្រះអាទិត្យ។

សូមអាន៖ ឥណ្ឌា​អភិវឌ្ឍន៍​ថាមពល​​ព្រះអាទិត្យ​ តែ​មិន​បោះបង់​ថាមពល​ធ្យូងថ្ម

ឥណ្ឌា​ដែល​ជាប្រទេស​ធំទី​៣​ខាងបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ប្តេជ្ញាចិត្ត​ចង់​ចាប់​យក​ថាមពល​បាន​មកពី​ព្រះអាទិត្យ សម្រាប់​តម្រូវការ​សេដ្ឋកិច្ច ដែល​រហូតមកដល់​សព្វថ្ងៃ ពឹងផ្អែក​ខ្លាំង​ទៅលើ​ថាមពល​បានមកពី​ធ្យូងថ្ម។ រដ្ឋាភិបាល​ឥណ្ឌា​របស់លោក​ណារិនដ្រា ម៉ូឌី ចង់​បង្កើន​ការផលិត​ថាមពល​បានមកពី​កំដៅព្រះអាទិត្យ ពី​១៣ ទៅ​ដល់​១០០​ជីហ្គាវ៉ាត នៅ​ឆ្នាំ ២០២២។ ផែនការ​របស់​លោក​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ព្រោះថា ជាជាង​ដំឡើង​នៅ​តាម​ភូមិ ទីជនបទ ជា​លក្ខណៈ​តូចៗ លោក​ម៉ូឌី​ចង់​បង្កើត​ឧទ្យាន​ផ្ទាំង​ស្រូបកំដៅ​ព្រះអាទិត្យ។ គេ​បារម្ភថា ការប្រមូលផ្តុំ​ផ្ទាំងកញ្ចក់​ស្រូបកំដៅ​ព្រះអាទិត្យ ដែល​ត្រូវការ​ទឹកច្រើន នឹង​ប៉ះពាល់​ធ្វើឲ្យ​ស្រទាប់ទឹក​ក្រោមដី​ត្រូវ​ខះ ដោយសារ​តែ​ឧទ្យាន​ផ្ទាំង​ស្រូបកំដៅ​ព្រះអាទិត្យ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ