rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង នុយក្លេអ៊ែរ ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នុយក្លេអ៊ែរកូរ៉េខាងជើង ៖ សេអ៊ូលបង្កើន​សកម្មភាព​​ការទូត​ ដោយ​មិនភ្លេច​​ចិន​និង​ជប៉ុន

media
ប្រតិភូ​កូរ៉េខាង​ត្បូង​ទទួល​បន្ទុក​ចរចា​ជាមួយ​កូរ៉េខាងជើង​ ធ្វើ​ដំណើរ​ទៅ​ចិន និង​ជប៉ុន​ទៀត REUTERS/Leah Millis

គ្រាន់​តែ​ត្រលប់​មក​ពីជួប​លោក​ដូណាល់​ត្រាំភ្លាម ក្រុម​ប្រតិភូ​​កូរ៉េខាង​ត្បូង ដែល​ជា​តំណាង​ពិសេស​របស់​លោក​ប្រធានាធិបតី​ មូន ចែអ៊ីន និង​ដែល​បាន​ជួប​ពិភាក្សា​​ផ្ទាល់​ជាមួយ​ប្រមុខ​គីម ជុន​អ៊ុន​នៅ​ព្យុងយ៉ាង ត្រូវ​បន្ត​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទៀត នៅ​ថ្ងៃ​ចន្ទ​និង​អង្គារ​ស្អែក។ នេះ​បើ​តាម​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូង។


លោក ជុង អ៊ឺយុងChung Eui-yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ត្រូវ​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​ថ្ងៃ​ចន្ទ​ទី ១២​មីនា។ ចំណែក​លោក ស៊ុ ហូន Suh Hoon ប្រធាន​ភ្នាក់ងារ​ចារកិច្ច​កូរ៉េខាង​ត្បូង​ នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក ស្ហ៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​អង្គារ​​បន្ទាប់។

ជំនួប​ទាំង​ពីរ​ដាច់​ឡែក​ពី​គ្នា នៅ​ចិន និង​នៅ​ជប៉ុន នេះ គឺ​ដើម្បី​ជជែក​អំពី​ខ្លឹម​សារ​នៃ​ជំនួប​រវាង​ប្រតិភូ​កូរ៉េខាង​ត្បូង ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន កាល​ពី​សប្តាហ៍​មុន។ បន្ទាប់​ពី​ប្រទេស​ចិន ប្រធាន​ប្រតិភូ​កូរ៉េខាង​ត្បូងនេះ ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅរុស្ស៊ី​ទៀត ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ពូទីន ប៉ុន្តែ​ ​ការិយាល័យ​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ពុំ​ទាន់អាច​លម្អិត​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ សម្រាប់​ពេល​នេះ។

អ្វី​ដែល​ច្បាស់ បន្ទាប់​ពី​តាន​តឹង​យ៉ាង​ខ្លាំង នៅ​ចុងឆ្នាំ២០១៧ សំណុំ​រឿង​កូរ៉េខាង​ជើង បាន​ស្គាល់​របត់​ថ្មី គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ! មេ​ដឹកនាំ​អាមេរិក​និង​កូរ៉េខាង​ជើង នឹង​មាន​ជំនួប​ដោយ​ផ្ទាល់ ចំណែក​កូរ៉េខាង​ត្បូង នឹង​ត្រូវ​ដើរ​តួនាទី​ត្រឹម​ជា​អន្តរការី​សម្រាប់​ភាគី​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវកូរ៉េខាង​ត្បូង។

សូម​បញ្ជាក់​ថា ​ប្រតិភូ​កូរ៉េខាង​ត្បូង​ទាំង​ពីរ​រូប​នេះ​ ទើប​ត្រលប់​មកដល់​មាតុ​ប្រទេស​វិញ នៅ​ថ្ងៃអាទិត្យ​​ បន្ទាប់​ពី​បាន​ជួប និង​បាន​ផ្តល់​សំណើ​របស់​គីមជុងអ៊ុន ចង់​ជួប​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​​ជាមួយ​លោក​ត្រាំ។ លោក ដូណាល់ ត្រាំ​ បាន​ទទួល​យល់​ព្រមភ្លាម​​ ហើយ​លោក​ជឿជាក់​ថានឹង​​សម្រេច​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ពិត​ជា​ជួប​ពិភាក្សា​គ្នាមែន។

​ជំនួបទំនង​ជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា​។ ភូមិជាប់​ព្រំដែន​ ​អាច​ជា​កន្លែង​ទទួល​រៀប​ចំ​ជំនួប​លើក​ដំបូង​រវាង លោក​ត្រាំ និង​លោក​គីម។ នេះ​បើ​តាម​ប្រភព​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ដែល​បាន​បង្ហើប​ឈ្មោះ​កន្លែង​បី​ទៀត ៖ ​ប្រទេស​ស្វីស ឬ​ស៊ុយអែត ឬ​កោះ​Jeju​ កូរ៉េខាង​ត្បូង៕