rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន នុយក្លេអ៊ែរ គ្រោះធម្មជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជប៉ុន​ប្រារព្ធ​ខួប​៧ឆ្នាំ​នៃ​គ្រោះមហន្តរាយ​ស៊ូណាមី និង​នុយក្លេអ៊ែរ

media
នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ពិធី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី ស៊ូណាមី​និង​នុយក្លេអ៊ែរ © Reuters

១១មីនា ២០១១ -១១ មីនា ២០១៨ ថ្ងៃ​នេះ​ជា​ខួប​៧​ឆ្នាំ​គត់ នៃ​គ្រោះ​មហន្តរាយ​​រញ្ជួយ​ដី និង​រលក​ស៊ូណាមី ដែល​បង្ក​ជា​គ្រោះ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិមនុស្សជាតិ។ ដូច​ជា​រៀង​រាល់​ឆ្នាំ ជប៉ុន​តែ​ង​ប្រារព្ធ​ពិធី​ជា​ផ្លូវការ នៅ​ក្រុង​តូក្យូ ក្រោម​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ស្ហ៊ីនហ្សូ អាបេ ព្រះ​អង្គ​ម្ចាស់ អាគីស្ហ៊ីណូ និង​ភរិយា​គីកូ ជា​ប្អូន​ពៅ​និង​ជា​តំណាង​ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគីហ៊ីតូ ព្រមទាំង​ជន​រងគ្រោះ​រួច​ពី​ស្លាប់​។ ៧​ឆ្នាំ​ក្រោយ​ តើស្ថានភាព​ ​ហ្វូគូស្ហ៊ីម៉ា វិវឌ្ឍ​យ៉ាងណាខ្លះ ?


នៅ​តំបន់​ភាគ​ឦសាន​ប្រទេស កន្លែង​រង​មហន្តរាយ​ផ្ទាល់ ពលរដ្ឋ​រស់​នៅ​ទីនោះ ក៏​បាន​នាំ​គ្នា​ប្រារព្ធពិធី​ស្មឹងស្មាធ​មួយ​នាទី ឧទ្ទិសដល់​វិញ្ញាណក្ខន្ត​ជន​រងគ្រោះ​បាត់​បង់​ជីវិត​។

ជាសរុប មាន​មនុស្ស ១៨៤៣៤​នាក់ បាន​ស្លាប់​និ​ងបាត់​ខ្លួន នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី និង​រលកស៊ូណាមី និង​នុយក្លេអ៊ែរ​ កាលពី​៧​ឆ្នាំ​មុន និង​ជាង​៣៦០០​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​​ ដោយ​ជំងឺ ឬ​អត្តឃាត ក្រោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​នុយក្លេអ៊ែរ ព្រមទាំង​៧៣០០០នាក់​បាន​ក្លាយ​ជា​ជនភៀស​ខ្លួន​គេច​ពី​សារធាតុ​វិទ្យុ​សកម្ម។

មហន្តរាយនុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា ត្រូវ​បានគេ​ចាត់​ទុក​​ជា​គ្រោះថ្នាក់​នុយក្លេអ៊ែរ ដ៏​ធ្ងន់ធ្ងរជាង​គេ​បំផុត​របស់​មនុស្ស​ជាតិ បន្ទាប់​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅឆែរណូប៊ីល កាលពី​ឆ្នាំ​១៩៨៦ បើ​ទោះ​បី​ជា​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​ក៏​ដោយ។ រដ្ឋាភិបាល​បាន​លើក​បម្រាម​ជម្លៀស​ពលរដ្ឋ​ ពីភូមិ​ឃុំ​ខ្លះបន្ថែម​ទៀត​ហើយ កាលពី​ឆ្នាំ​ទៅ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ចង់​ត្រលប់​ចូល​វិញ​ទេ។

ឯចំណែកការ​​រុះ​រើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា ដៃឈី ដែល​ជា​ប្រតិបត្តិការ​ដ៏​លំបាក​និង​ប្រើ​ពេល​យូរ ទើប​បានឈាន​ចូល​​ដំណាក់កាល​​ដ៏​សំខាន់​ នៅ​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ។ នោះ​គឺ​ការ​ចាប់​ផ្តើម​ទាញ​ចេញ​គ្រឿង​ចំហេះ​នុយក្លេអ៊ែរ​ប្រើ​រួច​ចេញ​ពី​ម៉ាស៊ីន​ប្រតិករ​ទី​បី ក្នុង​ចំណោម​តួ​ប្រតិករ​ចំនួន​៣​ដែល​រងការ​ខូច​ខាត​ខ្លាំង​ជាងគេ។ ម៉ាស៊ីនប្រតិករ​១និង​២ គ្រោង​នឹង​ចាប់​ផ្តើមរើ​នៅ​ឆ្នាំ​​២០២៣។ ដំណើរការ​រុះ​រើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ ទំនង​ជា​នឹងអាច​បញ្ចប់​បាន​នៅ​រវាង​ពី​៣០​ទៅ​៤០​ទៀត​ឯណោះ។

ទឹក​មាន​ជាតិ​វិទ្យុសកម្ម​ដែល​ប្រើ​សម្រាប់​ទប់​កម្តៅ​​ម៉ាស៊ីនប្រតិករ ក៏​មិន​ទាន់​រក​ដំណោះ​ស្រាយ​បន្សាប​បាន​ទេ។ អ្នក​ជំនាញ​ជប៉ុន​បាន​ត្រឹម​​ កាត់​បន្ថយ​មួយ​ជា​បួន​បរិមាណ​ទឹក​មាន​ជាតិ​ពុល​កើន​ឡើង​លឿន​ពេក​តែ​ប៉ុណ្ណោះ។ ​តែ​​លក្ខខណ្ឌការងារ​ ​ ចាប់​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ពលករ​ទទួល​ថ្នាំ​ប្រឆាំង​វិទ្យុសកម្ម​ មាន​ចំនួន​ត្រឹម​តែ​៥៨​នាក់​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៧ ទល់​នឹង​២១៦​នាក់​កាលពី​ឆ្នាំ​២០១៦៕