ព្រះសង្ឃស្រីលង្កាធ្វើបាតុកម្មបរិហារថ្កោលទោស កុប្បកម្មប្រឆាំងជនជាតិអ៊ីស្លាម
ព្រះសង្ឃ រាប់រយអង្គ និងសកម្មជនការពារសិទ្ធិមនុស្សស្រីលង្កា នៅថ្ងៃសុក្រម្សិលមិញ បានចុះថ្នល់ ធ្វើបាតុកម្ម ដើម្បីថ្កោលទោស បរិហារកុប្បកម្ម ប្រឆាំងអ៊ីស្លាម ដែលបានសម្លាប់មនុស្ស ៣នាក់ នៅសប្តាហ៍នេះ។ កុប្បកម្មដ៏ហិង្សា ប្រឆាំងអ៊ីស្លាម បានធ្វើឲ្យរដ្ឋាភិបាលស្រីលង្កា សម្រេចដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នរយៈពេល ១០ថ្ងៃ។
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រ ថ្ងៃសូត្រធម៌សំខាន់របស់អ្នកកាន់សាសនាអ៊ីស្លាម ចលនាព្រះសង្ឃពុទ្ធសាសនា នៅស្រីលង្កា បានបង្ហាញសាមគ្គីភាព ជាមួយ សហគមន៍អ្នកកាន់សាសនាអ៊ីស្លាម នៅ៤ថ្ងៃក្រោយ ដែលកុប្បកម្ម ប្រឆាំងអ៊ីស្លាម បានសម្លាប់មនុស្ស៣នាក់។ សម្រាប់ចលនាព្រះសង្ឃពុទ្ធសាសនា កុប្បកម្មប្រឆាំងអ៊ីស្លាម កំពុងបំផ្លាញ ការរួបរួមជាតិ នៅស្រីលង្កា។ នៅថ្ងៃសុក្រ ប៉ូលិស ទាហានស្រីលង្កាត្រូវបានពង្រាយនៅគ្រប់ច្រកល្ហក នៅតាម ទីប្រជុំជន និងវិហារ អ៊ីស្លាម ដើម្បីការពារ ក្រែងកើតមានផ្ទុះ សាជាថ្មី កុប្បកម្មប្រឆាំងសហគមន៍អ៊ីស្លាម។
រដ្ឋាភិបាលស្រីលង្កា នៅថ្ងៃអង្គារ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ១០ថ្ងៃ។ ប៉ុន្តែ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ផ្ទះសម្បែង ហាងជំនួញ និងវិហារអ៊ីស្លាម ជាង២០០កន្លែងរបស់ប្រជាជនស្រីលង្កា កាន់សាសនាអ៊ីស្លាម ត្រូវបានកុប្បករដុតបំផ្លាញ នៅទូទាំងប្រទេស ស្រីលង្កា។ នៅថ្ងៃសុក្រ រដ្ឋាភិបាលបានបើកឲ្យមានឡើងវិញ បណ្តាញអ៊ីនធ័រនែត ប៉ុន្តែ នៅបន្តបិទ បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីប៉ូលិសស្រីលង្ការកឃើញថា ក្រុមពុទ្ធសាសនាជ្រុលនិយម បានប្រើបណ្តាញហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយ លើកទឹកចិត្តឲ្យគេប្រព្រឹត្តអំពើហិង្សាប្រឆាំងសហគមន៍អ៊ីស្លាម នៅទូទាំងប្រទេសស្រីលង្កា។
នៅក្នុងសន្និសីទកាសែត នៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់ប៉ូលិសស្រីលង្កា បាននិយាយថា គេបានចាប់ឃាត់ខ្លួនមនុស្ស ១៤៥នាក់ ដែលមានជាប់ពាក់ព័ន្ធ ប្រព្រឹត្តអំពើហិង្សា នៅក្នុងកុប្បកម្ម ប្រឆាំងអ៊ីស្លាម ដែលនៅក្នុងនោះ មានម្នាក់ជាមេភ្លើង (Amith Weerasinghe ) ជាពុទ្ធសាសនិក ជ្រុលនិយម ដែល បានញុះញង់ អុជអាល ឲ្យមានគេស្អប់ វាយប្រហារទៅលើសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម។
នៅស្រីលង្កា ប្រជាជន៧៥ភាគរយ កាន់ពុទ្ធសាសនា នៅក្នុងពេលប្រជាជនកាន់សាសនាអ៊ីស្លាមមានប្រមាណតែ១០ភាគរយប៉ុណ្ណោះ។ ស្រីលង្កា ក៏ដូចភូមា កំពុងស្គាល់ការកើនឡើងនៃចលនាសង្ឃជ្រុលនិយម ដែលស្អប់អ្នកកាន់សាសនាអ៊ីស្លាម។ ក្រុមសង្ឃជ្រុលនិយម កំពុងប្រឈមនឹងការជំនុំជម្រះ នៅតុលាការ សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងអំពើហិង្សា ទៅលើអ្នកកាន់សាសនាអ៊ីស្លាម ដែលបានសម្លាប់មនុស្ស៤នាក់ កាលពីឆ្នាំ ២០១៤។
មួយវិញទៀត សន្តិសុខដ៏ផុយស្រួយ ដោយសារកុប្បកម្មដ៏ហិង្សា ផ្ទុះដំបូងគេ នៅស្រុកកណ្ឌី កំពុងធ្វើឲ្យអ្នកជំនួញ ព្រួយបារម្ភពីការធ្លាក់ចុះនៅស្រុកទេសចរណ៍ មួយនេះ ដែលមានប្រាសាទ តម្កល់ធ្មេញ របស់ព្រះពុទ្ធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ