rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ឥណ្ឌា សព្វាវុធ ការពារជាតិ ភេរវកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី បារាំង​ធ្វើ​​ទស្សនកិច្ច​ទៅ​ចែចង់​​ឥណ្ឌា

media
ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ​ដែល​ដំឡើង​នៅ​ស្រុក​ឥណ្ឌា © REUTERS/Amit Dave

ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល​ម៉ាក្រុង បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា នៅថ្ងៃ​សុក្រ នេះ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ចន្ទ ទី ១២​មីនា។ នៅ​ឥណ្ឌា លោក​អេម៉ានុយអែល ម៉ាក្រុង មាន​គោលដៅ ចង់​បង្កើន​វត្តមាន​របស់​ក្រុមហ៊ុន​បារាំង ដែល​មានចំនួន​តិចតួច​នៅឡើយ នៅ​ក្នុង​វិស័យ​ការពារជាតិ បរិស្ថាន ហើយ​និង​ថាមពល។

 


ឥណ្ឌា ប្រទេស​ដែល​មាន​ប្រជាជន​១ពាន់ ២រយ​លាន​នាក់ ច្រើនជាងគេ លើលោក បន្ទាប់​ពី​ប្រទេស​ចិន ជាទីផ្សារ​ដ៏មាន​សក្តានុពល ដែល​គ្មាន​ថ្នាក់ដឹកនាំ ឬ​ក្រុមហ៊ុន​បរទេស​ណាមួយ អាច​មើល​រំលង។ ប៉ុន្តែ នៅ ឥណ្ឌា វត្តមាន​របស់​ក្រុមហ៊ុន​បារាំង នៅ​មាន​កំណត់​នៅឡើយ។ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​បារាំង នៅ​មាន​កម្រិត នៅពេល​ឥណ្ឌា​ជាអតិថិជន​លេខ​ទី​១៨​ឯណោះ​របស់​បារាំង។ លោក​ប្រធានាធិបតី​បារាំង អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​ឥណ្ឌា លើកនេះ គឺ​ដើម្បី កែតម្រង់​ឡើងវិញ យុទ្ធសាស្រ្ត​ការទូត និង​សេដ្ឋកិច្ច​របស់​បារាំង។

បារាំង និង​ឥណ្ឌា​មានទំនាក់ទំនង​ល្អ​នឹងគ្នា ជាពិសេស នៅក្នុង​រឿង​ទិញលក់​សម្ភារៈយោធា។ សម្រាប់​សាស្ត្រាចារ្យ​Brahma Chellaney នៅមជ្ឈមណ្ឌល​ដើម្បី​ស្រាវជ្រាវ​នយោបាយ បារាំង និង​ឥណ្ឌា នៅ​មាន​កិច្ចការ​ត្រូវ​និយាយ​គ្នាច្រើន តាំង​ពី​រឿង​សន្តិសុខ នៅក្នុង​តំបន់​ឥណ្ឌា ប៉ាស៊ីហ្វិក ហើយ​និង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម។ តាមធម្មតា ប្រទេស​ទាំងពីរ ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​នឹង​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​ឥណ្ឌា​ចូលចត នៅមូលដ្ឋាន​ទ័ព​របស់​បារាំង ប្រចាំការ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ជាទី ឥណ្ឌា​កំពុង​បារម្ភ​ពី​ការពង្រីក​ឥទ្ធិពល​របស់​មហាអំណាច​ចិន។

សូមអាន៖ប្រមុខ​ការទូត​បារាំងនាំ​​​ក្រុមហ៊ុនបារាំង​ទៅ​បង្អួត​ឥណ្ឌា​ដល់​ផ្ទះ

តាម​វិមាន​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​នឹង​ចំណាយ​ពេល​ច្រើន ជជែក ជាមួយ លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​លោក​ម៉ាក្រុង​បាន​ទទួល​យ៉ាងរាក់ទាក់ នៅទីក្រុង​ប៉ារីស កាលពី​ខែ​កក្កដា ឆ្នាំទៅ។ តាម​វិមាន​ប្រធានាធិបតី បារាំង នឹង​មាន​ការប្រកាស​ស្តីពី​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​វិនិយោគ​ជាច្រើន ដែល​អាច​ធ្វើឡើង នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង នៅទីក្រុង​ញូវដេលី។

វិមាន​អេលីហ្សេ​មិន​បាន​លម្អិត​ពី​កិច្ចសន្យា​នោះទេ។ ប៉ុន្តែ គេ​ដឹង​ហើយថា ប្រមុខរដ្ឋ​បារាំង ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ ឥណ្ឌា នៅក្នុង​វិស័យ​សំខាន់​បី។ នៅ​ក្នុង​វិស័យ​សន្តិសុខ បារាំង ដែល​សម្រេច​លក់​យន្តហោះចម្បាំង​Rafale ឲ្យ​ឥណ្ឌា បាន​៣៦​គ្រឿង ចង់​បញ្ចុះបញ្ចូល​ឲ្យ​ឥណ្ឌា ដែល​ជា​ប្រទេស​ទិញនាំចូល​សព្វាវុធ​ច្រើនជាងគេ នៅក្នុង​លោក ទិញ​បន្ថែម​ទៀត ឧទ្ធម្ភាគចក្រ ចម្បាំង និង​នាវាមុជទឹក​របស់​បារាំង។ នៅក្នុង​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ប៉ារីស​ចង់​បង្កើន​ល្បឿន ការដ្ឋាន​សាងសង់​ម៉ាស៊ីន​ប្រតិករ នុយក្លេអ៊ែរ ដែល​ជា​គម្រោងការ​សំខាន់ របស់​បារាំង នៅ​ប្រទេស​ឥណ្ឌា។ ចុងក្រោយ ក្រុមហ៊ុន​វិនិយោគ​បារាំង ចង់​ឆ្លៀត​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌា កំណត់​ទិសដៅ កាត់បន្ថយ​ការបញ្ចេញ​ផ្សែងពុល បរិស្ថាន ដើម្បី​វិនិយោគ លក់​ចំណេះធ្វើ និង​ជំនាញ​របស់បារាំង ខាង​ផ្នែក​ផលិត​ថាមពល​មិន​ចេះ​រីងស្ងួត។ ជាក់ស្តែង នៅថ្ងៃ​ចន្ទ អម​ដោយ​អ្នកវិនិយោគ​បារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹង​ទៅ​សម្ពោធ រោងចក្រ​ផលិតថាមពល​អគ្គិសនី​ដែល​ដើរដោយ​ថាមពល​ព្រះអាទិត្យ នៅ​Mirzapur ដែល​សង់​ដោយ​ក្រុមហ៊ុន​បារាំង Engie៕