អានតួអត្ថបទ
កូរ៉េខាងត្បូង

ហេតុអ្វី​បាន​ជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ភាគច្រើន ជាប់​ក្នុង​សំណាញ់​តុលាការ?

រដ្ឋអាជ្ញា​កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​កោះហៅ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យ៉ុងបាក់ ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាមជា​ជនសង្ស័យ។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ដែល​ទើប​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​លោកស្រី​អតីត​ប្រធានាធិបតី​បាក់ គុនហេ ជាប់ពន្ធនាគារ ៣០​ឆ្នាំ បាន​បើក​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​អាស្រូវ​ពុករលួយ មួយទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ អតីត​ប្រធានាធិបតី លី ម្យ៉ុងបាក់ ក្រុមគ្រួសារ និង​អ្នកជំនួយការ​របស់​អតីត​ប្រធានាធិបតី។ 

លោក​លី ម្យ៉ុងបាក់​ជា​ប្រធានាធិបតីកូរ៉េខាងត្បូង ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣ និង​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​​នាយករដ្ឋមន្រ្តី​ហ៊ុន សែន
លោក​លី ម្យ៉ុងបាក់​ជា​ប្រធានាធិបតីកូរ៉េខាងត្បូង ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣ និង​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ©Jewel SAMAD / AFP
ផ្សាយពាណិជ្ជកម្ម

លោក​លី ម្យ៉ុងបាក់ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង មុន​អាណត្តិ​របស់លោកស្រី​ប៉ាក់ គុនហេ ត្រូវ​បាន​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង កោះហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ ក្នុង​នាមជា​ជនសង្ស័យ  ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល​សំណូកសូកប៉ាន់ នៅក្នុង​ពេល​លោក​កាន់តំណែង​ជា​ប្រធានាធិបតី កូរ៉េខាងត្បូង ពី​ឆ្នាំ ២០០៩​ដល់​ឆ្នាំ ២០១៣។

ដីកា​កោះហៅ​លោក​លី ម្យ៉ុងបាក់ ពី​សំណាក់ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អតីត​ប្រធានាធិបតី កូរ៉េខាងត្បូង ទាំងអស់ សុទ្ធ​តែ​ជាប់ក្នុង​សំណាញ់​របស់​តុលាការ ក្នុង​សំណុំរឿង​ពុករលួយ ពោលគឺ បើ​មិន​ត្រូវ​ជាប់​សង្ស័យ ទេ ក៏​ត្រូវ​ជាប់ចោទ ឬ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារដែរ។

តាម​មន្រ្តី​អាយ្យការ​កូរ៉េខាងត្បូង ម្នាក់ ដែល​ស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ គេ​ត្រូវការ​ស៊ើបអង្កេត​លើ​លោក​លី ម្យ៉ុងបាក់ ដើម្បី​ជជីក​រក​ការពិត  នៅក្នុង​សំណុំរឿង​ពុករលួយ។ ក្នុង​អាយុ​៧៦​ឆ្នាំ លោក​លី ម្យ៉ុងបាក់ បាន​រង​ការចោទ​ប្រកាន់បាន ចូលរួម ដោយ​ផ្ទាល់ ឬ​អនុញ្ញាត​ឲ្យ​ជំនួយការ សាច់ញាតិ​គ្រួសារ​របស់​លោក ទទួល​សំណូកសូកប៉ាន់ ប្រាក់​រាប់ពាន់​លាន​ដុល្លារ ពីក្រុមហ៊ុន​ឯកជន ជាថ្នូរ នឹង​ការលើកលែង​ទោស របស់ប្រធាន​ក្រុមហ៊ុន​សាំស៊ុង ឬ​ក៏​ជាថ្នូរ​ការទទួល​បាន​គម្រោង​វិនិយោគ​ពី​រដ្ឋាភិបាល។

ទាំង​ក្រុមហ៊ុន​សាំស៊ុង និង​លោក​លី ម្យ៉ុងបាក់​បានបដិសេធ​ការចោទប្រកាន់។ លោក លី ម្យ៉ុងបាក់ នៅ​បាន​ហៅ​ការស៊ើបអង្កេត​ប្រឆាំង​នឹង​លោក​ថា ជា​ការសងសឹក​ផ្នែក​នយោបាយ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ភាគច្រើន ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ឬ​ត្រូវ​ក្ស័យ​ជីវិត នៅក្រោយ ពេលខ្លួន​អស់​អាណត្តិ ជា​ប្រធានាធិបតី ជាពិសេស នៅពេល​ដែល​បក្សគូប្រជែង​របស់ពួកគេ ឡើង​កាន់​អំណាច​បន្ត។ លោក​រ៉ូ មូយុន អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ធ្វើ​អត្តឃាត សម្លាប់​ខ្លួន នៅក្រោយ​តុលាការ នៅក្នុង​អាណត្តិ​របស់លោក លី ម្យ៉ុងបាក់ កោះហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពី​សំណុំរឿង​ពុករលួយ ដែល​មាន​ជាប់ពាក់ព័ន្ធ​គ្រួសារ​សាច់ញាតិ​របស់​ប្រធានាធិបតី។

នៅ​កូរ៉េខាងត្បូង ប្រធានាធិបតី​ទាំងអស់​សុទ្ធ​តែ​រង​ការចោទប្រកាន់ ពី​ការតុលាការ​ក្នុង​រឿងប្រព្រឹត្ត​អំពើពុករលួយ នៅក្នុង​ពេល​កាន់តំណែង​ជា​ប្រធានាធិបតី បើសិន​មិនធ្វើ​ផ្ទាល់ ក៏​មាន​បងប្អូន​សាច់ញាតិ ដែល​ប្រើ​អំណាច​របស់​ប្រធានាធិបតី​ដើម្បី​ទទួល​សំណូកសូកប៉ាន់ ពី​ក្រុមហ៊ុន​ឯកជន។ លោក មូន ចៃអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង បច្ចុប្បន្ន មក​ពី​គណបក្ស​ឆ្វេងនិយម ដែល​ធ្លាប់​ជា​គូ​ប្រជែង​របស់​គណបក្ស​ស្តាំនិយម​របស់​លោក​លី ម្យ៉ុងបាក់ និង​លោកស្រី​បាក់ គុនហេ ធ្លាប់​បាន​សន្យា​កែកំហុស​ឆ្គង របស់​អតីត​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង។

តាមដីកា​របស់​រដ្ឋអាជ្ញា លោក​លី ម្យ៉ុងបាក់​ត្រូវ​បង្ហាញ នៅ​ចំពោះ​អ្នកស៊ើបអង្កេត នៅ​ថ្ងៃ​ពុធ ទី ១៤​មីនា​សប្តាហ៍ក្រោយ។ ការិយាល័យ​របស់​លោក​លី ម្យ៉ុងបាក់​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​ម្សិលមិញថា លោក​លី ម្យ៉ុងបាក់​នឹងគោរព​ធ្វើ​តាម​ការបង្គាប់​របស់​តុលាការ ប៉ុន្តែ នៅក្នុង​កាលបរិច្ឆេទ​មួយ​ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ