rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ពាណិជ្ជកម្ម អង្គការពាណិជ្ជកម្មពិភពលោក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន​នឹង​មិន​ឈរ​ឱបដៃ បើសិន​អាមេរិក​បង្កើត​សង្រ្គាម​ពាណិជ្ជកម្ម

media
លោក​Zhang Yesuiអ្នកនាំពាក្យ​របស់​សភា​ប្រជាជន​ចិន (NPC)​និយាយ​ទៅកាន់​អ្នកកាសែត នៅថ្ងៃ​អាទិត្យទី​៤​មីនា ២០១៨ នៅ​មុន​បើក​កិច្ចប្រជុំ​សភា​ពេញអង្គ © REUTERS/Damir Sagolj

ចិន​មិន​ចង់​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម ប៉ុន្តែ ចិន​ក៏​មិន​នៅ​ឈរ​ឱបដៃ ទុក​ឲ្យ​នយោបាយ​បិទទ្វារ​របស់​អាមេរិក គំរាមកំហែង ពាណិជ្ជកម្ម​ចិន នោះដែរ។ នៅថ្ងៃ​អាទិត្យ អ្នកនាំពាក្យ​របស់​សភា​ប្រជាជន​ចិន នៅ​បាន​និយាយ​ព្រមាន​ថា ទីក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​សងសឹក​ណាមួយ ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​ចិន។ សង្រ្គាម​ពាក្យសំដី រវាង​អាមេរិក និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​បាន​កើនឡើង​ខ្លាំង​នៅ​សប្តាហ៍នេះ នៅបន្ទាប់​ពី​ប្រធានាធិបតី អាមេរិក លោកដូណាល់​ត្រាំ នៅថ្ងៃព្រហស្បតិ៍​បាន​ប្រកាស​ដំឡើង​ពន្ធ ២៥%លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម បរទេស ដែល​នាំចូល​ទៅ​អាមេរិក។

 


តាម​អ្នកនាំពាក្យ​របស់​សភា​ប្រជាជន​ចិន ទីក្រុង​ប៉េកាំង​មិន​ចង់​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នោះទេ ប៉ុន្តែ បើសិន​នយោបាយ​ការពារ​ជាតិ​និយម​អាមេរិក​ប៉ះពាល់ បំផ្លាញ​ផលប្រយោជន៍​របស់​ចិន នោះ​ចិន​ក៏​មិន​អាច​នៅ​ឈរស្ងៀម មិន​ចាត់វិធានការ​អ្វីដែរ។

 

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោកដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើងពន្ធ​២៥ភាគរយ លើ​ការនាំចូល​ដែកថែប បរទេស នៅក្នុង​ហេតុផល​ការពារ​សន្តិសុខ​ជាតិ។ ការប្រកាស​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​ប្រឆាំង​ជាពិសេស ពី​កាណាដា និង​សហភាព​អឺរ៉ុប ដែល​ជាអ្នកនាំចូល​ដែកថែប​ច្រើនជាងគេ​ទៅ​អាមេរិក។ កាណាដា​ដែល​ជា​ប្រទេស​ធំទី​១​នាំចូល​ដែកថែប​ទៅ​អាមេរិក​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​វាយបកវិញ ចំណែក​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​គំរាម​ដំឡើង​ពន្ធ លើ​ផលិតផល​អាមេរិក នាំចូល​ទៅ​អឺរ៉ុប ដូចជា​ខោខូវប៊យ​ឡេវី ស្រាវីស្គី ឬ​ម៉ូតូ​របស់​អាមេរិក។

 

នៅ​ថ្ងៃសៅរ៍ ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​អឺរ៉ុប លោកដូណាល់ ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ លើ​រថយន្ត​អឺរ៉ុប​នាំចូល​ទៅ​អាមេរិក បើសិន​សហភាព​អឺរ៉ុប ហ៊ាន​ដំឡើង​ពន្ធ​លើ​ផលិតផលនាំចូល ពី​អាមេរិក។ អាមេរិក​ជា​ទីផ្សារ​រថយន្ត​ធំជាងគេ​របស់​អឺរ៉ុប ដែល​ស្រូប ទិញ​យក ២៥​ភាគរយ​នៃ​រថយន្ត​ផលិត​នៅ​អឺរ៉ុប (២៥ភាគរយ​នៃ​១៩២ពាន់​លាន​អឺរ៉ូ)។ អាល្លឺម៉ង់ ដែល​នាំចូល​ពាក់កណ្តាល​នៃ​រថយន្ត​អឺរ៉ុប​ទៅ​អាមេរិក​នឹង​រងប៉ះពាល់​ធ្ងន់ជាងគេ បើសិន​រដ្ឋបាល​អាមេរិក​ដំឡើងពន្ធ លើ​ការនាំចូល​រថយន្ត អឺរ៉ុប ពិត​មែន។

សូមអាន៖​តើ​សង្រ្គាម​ពាណិជ្ជកម្ម ចិន អាមេរិក​នឹង​អាច​ផ្ទុះឡើង​ដែរឬទេ?

លោក​ដូណាល់ សន្យា​នឹង​បង្កើត​ពន្ធ​នាំចូល ឲ្យ ​ដូច​ប្រទេស​ដទៃ ដែល​បាន​កំណត់​ពន្ធ​ធ្ងន់ លើ​ផលិតផល ដែល​នាំចូល​ពី​អាមេរិក។ សម្រាប់​លោកដូណាល់ ប្រទេស​ដទៃ បាន​កេង​ចំណេញ លើ​អាមេរិក​រហូត​មក។ លោក​បាន​ទម្លាក់កំហុស​លើ​ប្រធានាធិបតី អាមេរិកាំង​មុនៗ ដែល​បានធ្វើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម បើកផ្លូវ​ឲ្យ​បរទេស​នាំចូល​ផលិតផល​ទៅ​អាមេរិក ជាមួយ អត្រាពន្ធ​ដ៏ទាប។ “នៅពេល​ដែល​ឱនភាព​ពាណិជ្ជកម្ម​កើនឡើង​ដល់​៨០០​ពាន់​លាន​ដុល្លារ នោះ​អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេងទេ” នេះ​ជា​សារ​សរសេរ​របស់​លោក​ដូណាល់ ត្រាំ នៅក្នុង​បណ្តាញ Twitter កាល​ពី​ថ្ងៃសៅរ៍។

 

នៅថ្ងៃ​សៅរ៍ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF បាន​ព្រមាន​ថា នយោបាយ​ការពារនិយម​របស់​លោកដូណាល់ ត្រាំ នឹង​ធ្វើ​ឲ្យ​ខូចខាត ប៉ះពាល់​ផងដែរ ដល់​សេដ្ឋកិច្ច​អាមេរិក ជាពិសេស​វិស័យ​សំណង់ និង​រោងចក្រ ដែល​ត្រូវការច្រើន ដែកថែប និង​អាលុមីញ៉ូម ក្នុង​តម្លៃ​ថោក។ រដ្ឋមន្រ្តី​អូស្ត្រាលី​បាន​ព្រមាន​ពី​សង្រ្គាម​ពាណិជ្ជកម្ម ដែល គ្រោះថ្នាក់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ អូស្ត្រាលី និង​ចិន នាំចូល​ដែកថែប តិចតួច​ទៅ​អាមេរិក ប៉ុន្តែ ប្រទេស​ទាំងពីរ​បារម្ភថា នយោបាយ​ដំឡើងពន្ធ​លើ​ដែកថែប​នាំចូល​ទៅ​អាមេរិក នឹង​ធ្វើ​ឲ្យ​ប្រទេស​នាំចេញ​ដែកថែប បែរសំដៅ ទិស ទៅ​ប្រទេស​ផ្សេងទៀត ក្រៅពី អាមេរិក។ នៅពេល​ដែល​ការផ្គត់ផ្គង់​មាន​ច្រើន តម្លៃ ដែកថែប នឹង​ធ្លាក់ចុះ​ថ្លៃ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់ ឧស្សាហកម្ម​ផលិត​ដែកថែប ក្នុង​ស្រុក​របស់​អូស្ត្រាលី និង​ចិន ជាដើម៕