អានតួអត្ថបទ
ឧបទ្វីប

គណៈប្រតិភូ​កូរ៉េខាងត្បូង នឹង​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​កូរ៉េខាងជើង នៅថ្ងៃ​ចន្ទ

ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​បញ្ជូន​គណៈប្រតិភូ​តំណាង​កូរ៉េខាងត្បូង ទៅ​ទីក្រុង​ព្យុងយ៉ាង នោថ្ងៃ​ចន្ទ​ស្អែកនេះ។ គោលដៅ គឺ​បើក​ការពិភាក្សា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ល្អប្រសើរ​ឡើងវិញ។ នៅ​ក្រុង​ព្យុងយ៉ាង គណៈប្រតិភូ​កូរ៉េខាងត្បូង មាន​បំណង​ផងដែរ បញ្ចុះ​បញ្ចូល​ភាគី​កូរ៉េខាងជើង ឲ្យជួប​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​វ៉ាស៊ីនតោន។

គីម ជុងអ៊ុន ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើងចាប់ដៃ​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូងនៅទីក្រុង​សេអ៊ូល ថ្ងៃទី ១០​ កុម្ភៈ២០១៨
គីម ជុងអ៊ុន ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើងចាប់ដៃ​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូងនៅទីក្រុង​សេអ៊ូល ថ្ងៃទី ១០​ កុម្ភៈ២០១៨ ©KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅថ្ងៃ​អាទិត្យ​នេះ បាន​ប្រកាស​ថា នៅថ្ងៃ​ចន្ទ ស្អែកនេះ គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់កូរ៉េខាងត្បូង ហើយ​និង​ទីប្រឹក្សា​ផ្នែកសន្តិសុខ​ជាតិ​របស់​លោកប្រធានាធិបតី​មូន ចៃអ៊ីន នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី ពិភាក្សា រិះរក ជាមួយ​ភាគី កូរ៉េខាងជើង ពី​ចំណុច​ដែល​ធ្វើ​ប្រសើរ​ឡើងវិញ នៃ​ទំនាក់ទំនង​បងប្អូន​កូរ៉េទាំងពីរ។ ទិសដៅ​សំខាន់​មួយទៀត នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង នៅ​ក្រុងព្យុងយ៉ាង​គឺ ជំរុញ​ផងដែរ ឲ្យ​មាន​ជំនួប​ទ្វេភាគី រវាង​អាមេរិក ហើយ​និង​កូរ៉េខាងជើង។

សូមអាន៖ JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅព្យុងយ៉ាង

តាម​អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅបន្ទាប់​ពី​វិលត្រលប់​ពី​កូរ៉េខាងជើង នៅថ្ងៃ​អង្គារ ក្រុមប្រេសិត​ពិសេស​របស់​កូរ៉េខាងត្បូង ធ្វើ​ដំណើរ​បន្ត ទៅទីក្រុង​វ៉ាស៊ីនតោន ដើម្បី ទៅ​រាយការណ៍​ប្រាប់​ភាគី​អាមេរិក ពី​លទ្ធផល​នៃ​ជំនួបចរចា នៅ​ទីក្រុង​ព្យុងយ៉ាង។ ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​មាន​និន្នាការ​ចង់​ផ្សះផ្សារ សន្តិភាព ជាមួយ កូរ៉េខាងជើង បាន​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក កាត់បន្ថយ ការទាមទារ របស់ខ្លួន​បន្តិច ដើម្បី អាច​បើកការចរចា​ជាមួយ ក្រុង​ព្យុងយ៉ាង។

 

នៅ​មុខ​អ្នកកាសែត នៅ ថ្ងៃ​សៅរ៍ ម្សិលមិញ លោកប្រធានាធិបតី​ដូណាល់ ត្រាំ ហាក់​បង្ហាញ​ថា លោក​ចង់​ជួបពិភាក្សា​ជាមួយ ថ្នាក់ដឹកនាំ​កូរ៉េខាងជើង។ ប៉ុន្តែ នៅក្នុង​លក្ខខណ្ឌ​ថា កូរ៉េខាងជើង​ត្រូវ​លះបង់​ចោល​មហិច្ឆតា ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​មុន​សិន។ សេតវិមាន នាពេលថ្មីៗនេះ បាន​សម្រេច​ជាឯកតោភាគី ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត លើ​កូរ៉េខាងជើង។ នៅថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​អំពាវនាវ​ឲ្យ​វ៉ាស៊ីនតោន​លះបង់​ចោលទៅ រាល់​គំនិត​​ដាក់លក្ខខណ្ឌ លើ​កូរ៉េខាងជើង។ កូរ៉េខាងជើង បាន​បញ្ជាក់​រាល់លើក​ថា ខ្លួន​នឹង​មិនលះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​ដួងព្រលឹង ជួយ​ឲ្យ​កូរ៉េខាងជើង អាច​ទប់ទល់ ប្រឆាំង​រាល់​ការឈ្លានពាន​ពី​អាមេរិក។

 

សម្រាប់អ្នកជំនាញ គេ​មិនអាច​សង្ឃឹមថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង ទៅព្យុងយ៉ាងនឹង​អាច​ធ្វើ​ឲ្យ​កើត​មាន​កិច្ចព្រមព្រៀង សំខាន់ ណាមួយ​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កូរ៉េទាំងពីរ ដែល​តានតឹង​នឹងគ្នា​រហូតមកនេះ នឹង​អាច​ជួយ​ទប់ស្កាត់ មិន​ឲ្យ​កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក សាជាថ្មី។ ការបាញ់​សាកល្បង​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ជា​ចំណុច​ធ្វើ​ឲ្យ​ក្តៅក្រហាយ ព្រួយបារម្ភ​របស់​ជប៉ុន និង​អាមេរិក សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ