rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកដូណាល់​ត្រាំ​នឹង​ដំឡើង​ពន្ធលើ​ដែកថែបបរទេស​នាំចូល​ទៅ​អាមេរិក

ដោយ ឈាង បុប្ផា

ប្រធានាធិបតី​អាមេរិកាំង លោកដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម រិះគន់​ខ្លាំង​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក នៅពេល​លោក​ប្រកាស​ថា នឹង​ដំឡើងពន្ធ លើ​ដែកថែប ២៥% និង​អាលុយមីញ៉ូម១០% ដែលនាំចូល​ទៅ​អាមេរិក។ សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី បាន​រិះគន់​ចំណាត់ការ​អាមេរិក និង​សន្យា​ចាត់វិធានការ​សងសឹក​អាមេរិក​វិញ បើសិន ឧស្សាហកម្ម​ផលិត​ដែក​របស់​អឺរ៉ុប​ប៉ះពាល់​ដោយសារ​ការដំឡើង​ពន្ធ របស់​អាមេរិក។ ការប្រកាស​ដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក អាច​នាំ​ឲ្យ​ផ្ទុះសង្រ្គាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ក្រុមប្រទេស​ផលិត​ដែកថែប ដែលក្នុង​នោះ​មានផងដែរ ចិន។

ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍​ទី១ មីនា បាន​ប្រកាស​ថា លោក​នឹង​សម្រេច​ដំឡើង​ពន្ធ លើ​ដែកថែប ​នាំចូល​ទៅ​អាមេរិក ដល់​២៥ភាគរយ ហើយ​និង​១០​ភាគរយ លើ​អាលុយមីញ៉ូម។ លោកដូណាល់ ត្រាំ នៅ​មិនទាន់ បញ្ជាក់​នៅឡើយ​ទេ​ថា តើ​ប្រទេស​ផលិត​ដែកថែប​ណាមួយ ដែល​នឹង​អាច​រងគ្រោះ​ដោយសារ​ការដំឡើង​ពន្ធ​របស់​អាមេរិក។

អាមេរិក​ប្រកាស​សង្រ្គាម​ពាណិជ្ជកម្ម​មិនថា ជាមួយ​មិត្ត ឬ​គូរប្រជែង

សម្រាប់​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប ការសម្រេច​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ គឺ​ជា​ការរំលោភ យ៉ាងច្បាស់​ក្រឡែត​ទៅនឹង​បទបញ្ជារ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បាន​ហាម​ប្រទេស​សមាជិក មិន​ឲ្យ​ប្រើ​រនាំង​ពន្ធគយ សម្រាប់​ការពារ​ប្រយោជន៍ ក្នុងស្រុកខ្លួន។

យ៉ាងណាក៏ដោយ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បើកផ្លូវ​អនុញ្ញាត​ឲ្យ​គេ​ប្រើ​របាំងពន្ធគយ តែ​សម្រាប់​ហេតុផល​ការពារ​សន្តិសុខ​ជាតិ​តែមួយ​ប៉ុណ្ណោះ។ តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ការដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម គឺ​ដើម្បី ការពារ​សន្តិសុខ​ជាតិអាមេរិក។ សម្រាប់​រដ្ឋបាល​លោកដូណាល់ ត្រាំ អាមេរិក ត្រូវ​តែ​ផលិត​រថក្រោះ នាវាចម្បាំង​របស់ខ្លួន ជាមួយ​នឹង​ដែកថែប​របស់​អាមេរិក។ កាណាដា​ដែល​ជាប្រទេស​នាំចូល​ដែកថែប​សំខាន់​មួយ​ទៅ​អាមេរិក ចាត់ទុក​ចំណាត់ការ​ដំឡើង​ពន្ធរបស់​អាមេរិក ជារឿង​ដែល​មិនអាច​ទទួល​យកបាន ចំណែក​សហភាព​អឺរ៉ុប បាន​គំរាម​ថា នឹង​ចាត់វិធានការ​សងសឹក​វិញ បើសិន​ឧស្សាហកម្ម​ផលិតដែក​ថែប​របស់​អឺរ៉ុប រង​ប៉ះពាល់​ដោយសារ​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ។ កូរ៉េខាងត្បូង​ដែល​ជា​ប្រទេស​ធំទី​៣​បន្ទាប់​ពី​កាណាដា និង​ប្រេស៊ីល នាំចូល​ដែកថែប​ទៅ​អាមេរិក និយាយ​ថា ខ្លួន​នឹង​ចរចា​ជាមួយ អាមេរិក និង​ថា អត្រា ២៥ភាគរយ​នៅ​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយទេ ប៉ុន្តែ វា​ប្រាកដ​ជា​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​នាំចូល​របស់​កូរ៉េខាងត្បូង ទៅ​អាមេរិក។

រដ្ឋាភិបាល បារាំង និង​អាល្លឺម៉ង់ នៅថ្ងៃ​សុក្រ​បាន​រិះគន់​ការសម្រេច​ដំឡើងពន្ធ​ជា​ឯកតោភាគី​របស់​អាមេរិក។

លោកដូណាល់​អះអាងថា បានធ្វើ​តាមការសន្យា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

លោកដូណាល់ ត្រាំ​ដែលអះអាង ថា ដោយ​ដំឡើង​ពន្ធ​លើដែក និង​អាលុយមីញ៉ូម​បរទេស លោក​បានធ្វើតាម​ការសន្យា​របស់លោក នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​នៅក្នុង​នោះ លោក​បាន​សន្យា​ការពារ​ការងារ ប្រយោជន៍​របស់​ប្រជាជន​អាមេរិកាំង។

នៅក្នុង​សារTwitter នៅថ្ងៃ​ព្រហស្បតិ៍ លោកដូណាល់ ត្រាំ សរសេរ​ថា ឧស្សាហកម្ម​ដែកថែប និង​អាលុយមីញ៉ូម និង​ផលិតផលផ្សេងទៀត ត្រូវ​បាន​បំផ្លាញ​អស់​ជាច្រើន​ទសវត្សរ៍ ដោយសារ​តែ​ពាណិជ្ជកម្ម​មិនស្មើភាព និង​នយោបាយ​ដ៏​អាក្រក់​របស់​ប្រទេស​ដទៃ នៅជុំវិញ​ពិភពលោក។ សម្រាប់លោក ប្រជាជន​អាមេរិក ក្រុមហ៊ុន និង​កម្មករ​មិន​ត្រូវ​បណ្តោយ​ទុក​ឲ្យ​អាមេរិក​រង​អំពើ​អយុត្តិធម៌​តទៅទៀត​នោះទេ។

ពលរដ្ឋ​អាមេរិកាំង បាន​បាត់បង់​ការងារ​របស់ខ្លួន នៅ ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក។ ចាប់ពី​ឆ្នាំ ១៩៦២ ដល់​ឆ្នាំ ២០០៥ ការងារ​ប្រមាណ ៣ភាគ ៤ នៃ​ការងារ សរុប​ក្នុង​វិស័យ​ផលិតដែកថែប​អាមេរិក​បានបាត់​ស្រមោល។ ប៉ុន្តែ តាម​ការសិក្សា​របស់​សមាគម​សេដ្ឋកិច្ច​អាមេរិក ចំនួន​ការងារ​ថយចុះ នៅក្នុង​វិស័យ​ផលិតដែកថែប អាមេរិក ក៏ដោយសារ​តែ​មានការរីកចម្រើន​នៃ​បច្ចេកវិទ្យា ដែល​បាន​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន ជ្រើសរើស​ប្រើ គ្រឿងម៉ាស៊ីន គ្រឿងយន្ត ដែល​អាច​ធ្វើការ​ជំនួស​កម្លាំងមនុស្ស យ៉ាងប្រសិទ្ធិភាព។ បណ្តាញ​សកលវិទ្យាល័យ​ឯករាជ្យ​មួយ ឈ្មោះ Econofact បាន​ចេញផ្សាយ​ឯកសារ​មួយ ដែល​បង្ហាញថា ទោះបី​ជា​រដ្ឋបាលលោកដូណាល់ ត្រាំ ធ្វើ​នយោបាយ ដាក់​រនាំង​ពាណិជ្ជកម្ម ដើម្បី ការពារ​ឧស្សាហកម្ម ផលិតកម្ម ក្នុងស្រុក​ក្តី ក៏​វា​នឹង​មិនអាច​ទៅ​ជួយ​បង្កើន​ការងារ​ធ្វើ​ច្រើន​សម្រាប់​ប្រជាជន​ដូច​ការរំពឹង​ទុក​ខ្លាំង​នោះទេ។

អ្នកខាត និងអ្នកចំណេញ

អ្នកដែល​ចំណេញ​ពី​នយោបាយ​ដំឡើង​ពន្ធ លើកនេះ គឺ​មាន​តែ​មនុស្ស​មួយក្តាប់​តូច ដូចជា​កម្មករ ប៉ុន្មាន​រយនាក់​របស់​រោងចក្រ​ផលិតដែកថែប ឬ​ក្រុមអ្នកជំនួញ ម្ចាស់​ ក្រុមហ៊ុន ឧស្សាហកម្ម​ផលិតដែកថែប​អាមេរិក ដែល​បាន​ទាមទារ​រហូត​មក​ឲ្យ​ដាក់ពន្ធ លើ​ដែកថែប​នាំចូល​ពី​ចិន រុស្ស៊ី និង​កូរ៉េខាងត្បូង ដែល​ពួកគេ​ចោទប្រកាន់​ថា បាន​ធ្វើ​ជំនួញ មិន​ស្មើភាព​ជាមួយ​អាមេរិក។

ប៉ុន្តែ បើនិយាយ​ពី​អ្នកដែល​រងគ្រោះ​ខាតបង់​ដោយសារ​តែ​ការដំឡើងពន្ធលើ​ការនាំចូល​ដែកថែប​ទៅអាមេរិក​វិញ គឺ​មាន​ច្រើន។ ទីមួយ គឺ​ប្រទេស​ដៃគូ ពាណិជ្ជកម្ម ដែល​នាំចូល​ដែកថែប​ទៅ​អាមេរិក។ កាណាដា ប្រេស៊ីល និង​កូរ៉េខាងត្បូង ដែល​ជា​ប្រទេស​ធំបី នាំចូល​ដែកថែប​ច្រើន​ជាងគេ​ទៅ​អាមេរិក នឹង​រងគ្រោះ​ដោយផ្ទាល់​ដោយសារ​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ។

អ្នកដែល​ខាតបង់​ប្រយោជន៍ មួយ​ទៀត គឺក្រុមហ៊ុន និង​ប្រជាជន​អាមេរិកាំង ដែលត្រូវការ​ប្រើដែកថែប និង​អាលុយមីញ៉ូម។ ការដំឡើងពន្ធ​លើ​ដែកថែក នាំចូល ទៅ​អាមេរិក នឹង​ធ្វើ​ឲ្យ​តម្លៃ របស់​វា កាន់តែ​ឡើងថ្លៃ ដែល​នឹងប៉ះពាល់ ទៅ​ដល់​គម្រោងការដ្ឋាន​សាងសង់​អគារ ឬ រោងចក្រ​ផលិត​ឡាន ក្នុង​ទឹកដី អាមេរិក។ ប្រជាជន​អាមេរិក​នឹង​រងគ្រោះ​ដោយ​មិនផ្ទាល់ ពី​នយោបាយ​ដំឡើងពន្ធ របស់​លោកដូណាល់ ត្រាំ ព្រោះ​ពួកគេ​ត្រូវ​បង់ចំណាយប្រាក់​ច្រើន​ជាងមុន ទៅលើ​រថយន្ត ផ្ទះសម្បែង ឬ​ផលិតផល​អ្វី​ផ្សេងទៀត ដែល​ត្រូវ​មាន​ប្រើ​ដែកថែប និង​អាលុយមីញ៉ូម។ ដោយសារ​តែ​អាលុយមីញ៉ូម​ឡើងថ្លៃ​ជាងមុន ដោយសារ​តែការដំឡើងពន្ធលើកនេះ កំប៉ុង​បីយ៉ែរ ឥលូវ និង​កំប៉ុង​ប៊ីយ៉ែ នៅ​ប៉ុន្មាន​ខែ​ខាងមុខ គឺ​មាន​តម្លៃ​មិន​ដូចគ្នានោះទេ។

ចុងក្រោយ អ្នកដែល​ខាត​មែនទែន ពី​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ គឺ​អាមេរិក​ទាំងមូល​តែម្តង។ ជាពិសេស នៅពេល​ដែល​អាមេរិក​អាច​រងការវាយបក សងសឹក​ពី​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​រនាំងពន្ធ​គយ​របស់​អាមេរិក។

រងការរិះគន់​ពី​មនុស្ស​ក្នុង​បក្ស​សាធារណរដ្ឋ

នៅ​ក្នុង​រឿង​ដំឡើងពន្ធ​លើ​ដែកថែប​បរទេស លោកដូណាល់ ត្រាំ​មិនត្រឹម​តែ​រងការរិះគន់​ប្រឆាំង​ពី​បរទេស ដូចជា​អូស្ត្រាលី កាណាដា និង​អឺរ៉ុប​តែប៉ុណ្ណោះទេ។ សូម្បី​តែ​នៅក្នុង​ជួរគណបក្ស​សាធារណរដ្ឋ​របស់​លោកផ្ទាល់ ក៏​មាន​អ្នកមិនពេញចិត្ត​នឹង​ជំហរ​របស់​លោកដែរ។ មន្រ្តីបក្ស​សាធារណរដ្ឋ​មួយចំនួន មិនគាំទ្រ ឲ្យ​មានការដំឡើង​ពន្ធ ព្រោះ​គេ​ខ្លាច​មាន​ការសងសឹក​វិញ ពី​ប្រទេស​ដទៃ ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម​អាមេរិក។ ចិន ជាដើម មិន​សូវ​រងប៉ះពាល់ ដោយសារ​ការដំឡើង​ពន្ធ លើ​ដែកថែប និង​អាលុយមីញ៉ូម លើកនេះ មក​ពីចិន​នាំចូល​ដែក​តិចតួច ទៅ​ប្រទេស​អាមេរិក។

ប៉ុន្តែ ចិន​ធ្លាប់​បាន​ប្រតិកម្ម​រិះគន់​អាមេរិក​រួចហើយ នៅពេល​លោកដូណាល់ ត្រាំ​បាន​សម្រេច​ដំឡើងពន្ធ​លើ​ផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ ដែល​ជា​ផលិតផល​នាំចេញ​ដ៏សំខាន់​របស់​ចិន ទៅ​អាមេរិក។ ដើម្បី សងសឹកអាមេរិក ចិន កាណាដា សហភាពអឺរ៉ុប គឺ​អាច​ឈប់​ទិញ ឬ បង្កើត​រនាំងពន្ធគយ លើ​ផលិតផល​កសិកម្ម​របស់​អាមេរិក វិញ។ ចង់ ឬ​មិនចង់ ដោយ​ដាក់រនាំងពន្ធគយ ជាបន្តបន្ទាប់ រដ្ឋបាល​លោកដូណាល់ ត្រាំ កំពុង​បើកទ្វារ លើកទឹកចិត្ត ឲ្យមាន​សង្រ្គាម​ពាណិជ្ជកម្ម៕

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​