rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា បង់ក្លាដែស ជនជាតិ​ភាគតិច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា បញ្ជូន​ទ័ពទៅ​ព្រំដែន​បង់ក្លាដែស​ដើម្បី​ទប់ស្កាត់ចលនា​​ភេរវនិយម

media
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ទើត​រត់​ឆ្លង​ផុត​ព្រំដែន​ភូមា​ដល់​បង់ក្លាដែស REUTERS/Susana Vera

នៅ​ថ្ងៃសុក្រ​នេះ ភូមា​បាន​​ពង្រាយ​ទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​បង់ក្លាដែស ត្រង់​តំបន់​ដែល​មាន​ជនជាតិ​រ៉ូហ៊ីង​យ៉ារាប់​ពាន់​នាក់​កំពុង​ជ្រក​កោន​ក្នុង​ជំរំ​រខេករខាក។ ប៉ុន្តែ​សម្រាប់​បង់ក្លាដែស​ ទង្វើ​បែប​នេះ អាច​នឹង​បង្កើនភាព​តឹន​តឹង​ខ្លាំង​តាម​ព្រំដែន និង​បាន​អំពាវនាវ​ឱ្យ​ភូមា​ដក​ថយ​វិញ​ភ្លាម។


កាលពី​ថ្ងៃ​ព្រហស្បតិ៍ ភូមា​បាន​បញ្ជូន​ទាហាន​ប្រមាណ​១០០​នាក់ ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ផង​ ទៅ​ល្បាត​ នៅ​តាម​បណ្តោយ​ព្រំដែនជាមួយ​បង់ក្លាដែស តំបន់​សដែល​ជា​មានតាំង​ ​ជំរំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ នេះ​បើ​តាម​ប្រភពឆ្មាំ​ព្រំដែន​​បង់ក្លាដែស និង​រ៉ូហ៊ីងយ៉ា។ គ្រាន់​តែ​បានទទួល​ព័ត៌មាន​នេះ​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បង់ក្លាដែស​ក៏​បាន​កោះ​ហៅ​ ​ការ​បញ្ជូន​អន្តរការី​ទៅ​ភូមា ដើម្បី​ទាមទារ​​ភូមា ដក​កងទ័ព​ទាំង​នោះ​ចេញ​ជា​បន្ទាន់​​​ពី​តំបន់​ព្រំដែន។

ប៉ុន្តែសម្រាប់​ភូមា ការ​បញ្ជូន​កងទ័ព និង​បង្កើន​សន្តិសុខ​នៅ​តាមព្រំដែនជាមួយ​​បង់ក្លាដែសនេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ថ្មីៗ​របស់​ចលនា​ប្រដាប់​អាវុធ​រ៉ូហ៊ីងយ៉ា​ តែ​ប៉ុណ្ណោះ មិន​មែន​ក្នុង​ន័យ​ប្រឆាំង​នឹង​បង់ក្លាដែស​ឡើយ។​ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​​ភូមា ដែល​បាន​លម្អិត​ទៀត​ថា ភូមា​បាន​ទទួល​ព័ត៌មាន​ស្តី​អំពី​សកម្មភាព​ភេរវកម្ម​ របស់​ក្រុម​ប្រដាប់​អាវុធ​ ARSA​ ដែល​ប្រើ​ឈ្មោះ​ជា​ក្រុម​រ៉ូហ៊ីងយ៉ា​អារ៉ាកាន។

នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជនជាតិ​រ៉ូហ៊ីងយ៉ាង ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ភូមា រត់​មក​ជ្រក​កោន​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​បង់ក្លាដែស​ជាប់​ព្រំដែន​ភូមា បាន​ទទួល​រង​សម្ពាធ​ យ៉ាង​ខ្លាំង ថ្មី​ទៀត​​ពី​សំណាក់​យោធា​ភូមា​ដែល​នាំ​គ្នា​ដើរ​ល្បាតក្បែរៗ​ជំរំ ឥត​ឈប់។ ទង្វើបែប​នេះ បានប​ង្ក​បង្កើត​ការ​ព្រួយ​បារម្ភ​ថ្មី​ស្តី​អំពី​ការ​មាតុភូមិ​​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ាង ទៅ​កាន់​ភូមា​វិញ ដែល​ភូមា​និង​បង់ក្លាដែស បាន​ព្រមព្រៀង​គ្នា ចាប់​ផ្តើម​ការ​ពី​ខែ​មករា តែ​ត្រូវ​លើក​ពេល​ទៅ​វិញ ដោយ​បង់ក្លាដែស​សង្កេត​ឃើញ​ថា​ពុំ​ទាន់​មាន​លក្ខខណ្ឌ​សុវត្ថិភាពគ្រប់គ្រាន់។

​សូម​បញ្ជាក់​ថា កាលពី​សីហា ២០១៧ យោធា​ភូមា បាន​បើក​ប្រតិបត្តិការ​ប្រឆាំង​នឹង​ ពួក​ប្រដាប់​អាវុធ​រ៉ូហ៊ីងយ៉ា ទ្រង់ទ្រាយ​ធំ រហូត​ធ្វើ​ឱ្យ​ជនជាតិ​ភាគ​តិច​នេះ ជាង​កន្លះ​លាន​នាក់ នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​បង់ក្លាដែស។ អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​យោធា​ភូមា​ ថាចង់​​ធ្វើ​ការ​បោស​សម្អាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាង កាន់​សាសនា​អ៊ីស្លាម​ ដែល​ភូមា​ចាត់​ទុក​ជា​ជន​អន្តោប្រវេសន៍​បង់ក្លាដែសខុស​ច្បាប់៕