rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កាសែត​​បក្ស​​កុម្មុយនិស្ត​​ចិន​​​​​​ការពារ​​កំណែទម្រង់​​លុបចោ​ល​អាណត្តិ​​ប្រធានាធិបតី​

media
វត្ថុ​អនុស្សាវរីយ៍​​មា​នរូប​ប្រធានាធិបតីចិន ស៊ី ជីនពីង REUTERS/Thomas Peter

ថ្ងៃព្រហស្បតិ៍​នេះ ​សារព័ត៌មាន​គណបក្ស​កុម្មុយនិស្ត​ចិន បាន​ចេញ​ផ្សាយ​ខ្លឹមសារ​​​​ការពារ​កំណែទម្រង់​លុបចោល​អាណត្តិ​ប្រធានាធិបតី​​។ កាសែត​ចិន​លើកឡើង​ថា ​ការលុបចោល​ចំនួន​អាណត្តិ​ប្រធានាធិបតី​ មិនមែន​មានន័យ​ថា​ប្រធានាធិបតី​ត្រូវតែ​​កាន់តំណែង​​​​អស់​មួយជីវិត​នោះទេ។


ថ្ងៃព្រហស្បតិ៍​នេះ កាសែត​បក្ស​កុម្មុយនិស្តចិន​​​បាន​ចុះផ្សាយ​​លើកហេតុផល​ការពារ​​​កំណែទម្រង់​​​ចង់​លុបចោ​លអាណត្តិ​ប្រធានាធិបតី ​​ដែល​បក្ស​កុម្មុយនិស្ត​​បាន​ប្រកាស​កាលពីថ្ងៃ​អាទិត្យ។ យោងតាម​កាសែត​ចិន ការ​លុបចោល​អាណត្តិ​ប្រធានាធិបតី​​ជា​ការ​សម្រេចចិត្តដ៏​​​​សំខាន់ ដើម្បី​ពង្រឹង​ភាព​ដឹកនាំ​បក្ស​កុម្មុយនិស្ត​អោយ​កាន់តែ​រឹងមាំ លើ​គ្រប់វិស័យ។ ​​ការ​លុបចោ​លអាណត្តិ​ប្រធានាធិបតី​មិនមែន​មាន​ន័យថា ប្រធានាធិបតី ​ត្រូវតែ​​គ្រប់គ្រង​ប្រទេស​អស់​មួយជីវិត​ទេ។ មិនមែន​មានន័យថា ​យើងត្រូវ​​ផ្លាស់ប្តូរ​​ប្រព័ន្ធ​ចូលនិវត្តន៍​របស់បណ្តា​​មេដឺកនាំ​បក្ស​ រឺ​មេដឺកនាំ​ប្រទេស​ទេ។

កាលពី​ថ្ងៃអាទិត្យ​ បក្ស​កុម្មុយនិស្ត​ចិន​បានប្រកាស​កំណែទម្រង់​​លុបចោល​ចំនួន​អាណត្តិ​ប្រធានាធិបតី ដែល​តាម​ធម្មតា​​កំណត់​ត្រឹមតែ​​២អាណត្តិ​​​​ប៉ុណ្ណោះ។​ កំណែទម្រង់​នេះ​ធ្វើអោយ​មា​នមតិ​រិះគន់​​ថា កំណែទម្រង់​នេះ​នឹង​​ជួយអោយ​​​លោក​ ស៊ី ជីនពីង ​ជា​​ប្រធានាធិបតី​សព្វថ្ងៃ អោយ​ក្រាញអំណាច ​​បន្ត​អំណាច​​ដល់​ពេល​ណា​ក៏បាន ហើយ​​ចិន​​​អាច​នឹង​​ក្លាយជាប្រទេស​​​​​កូរ៉េខាងជើង​ទី២​។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នឹង​ត្រូវអនុម័ត​​ក្នុងពេ​លសភា​បើក​ការ​ប្រជុំ​ពេញអង្គ។ សភា​ចិន​នឹង​ប្រជុំ​ពេញអង្គ​នៅថ្ងៃ​៥មីនា ដើមសប្តាហ៍​ក្រោយ។ តំណាងរាស្ត្រ​ចិន​ក៏​នឹង​មិនជំទាស់សំណើនេះដែរ។

​សូមបញ្ជាក់​ដែរថា ច្បាប់​បក្ស​កុម្មុយនិស្ត​ខុសពីច្បាប់​​ប្រទេស។ បក្ស​កុម្មុយនិស្ត​​ចិន​អនុញ្ញាត​អោយ​មេដឺកនាំ​អាច​បន្ត​​​ការងារ​ខ្លួន ដោយ​គ្មាន​កាល​កំណត់ ​​ដរាបណា​ពួកគេ​នៅ​តែ​មាន​សុខភាពល្អ អាច​ធ្វើការ​បាន។ ​ក្រោយ​សមាជ​បក្ស​​បាន​បញ្ចប់​​កាលពី​ខែ​តុលា គេ​បានចាប់អារម្មណ៍​លើ​អ្នកជំនិត​នឹង​លោក​ស៊ី ជីនពីង ​​មួយរូប គឺ​លោក  Wang Qishan។ លោក Wang អាយុ​៦៩ឆ្នាំ ​បាន​ចាកចេញ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស។ គេរំពឹងថា លោក​នឹង​ត្រូវ​​​តែងតាំង​ជា​អនុប្រធាន​សភា សម្រាប់​កិច្ចការ​ជាមួយ​រដ្ឋបាល​អាមេរិក៕     ​