អានតួអត្ថបទ

កំណើនសេដ្ឋកិច្ចឥណ្ឌា កំរើក​ឡើង​វិញ នៅត្រីមាសមុន និងងើប​ឡើង​ខ្លាំង​នៅ​ឆ្នាំ​មុខ

កំណើន​សេដ្ឋកិច្ច​ឥណ្ឌា ពិត​ជា​បាន​កំរើកកើន​​ឡើង​វិញ​ តាំ​ងពី​ត្រី​មាស​ទី​បួន ពី​ខែ​តុលា-ធ្នូ​​នៃ​ឆ្នាំ​២០១៧មក។ កំណើន​ដែល​បាន​អូស​ទាញ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ឱ្យ​មាន​​​កំរិត ដល់​ទៅ​ ​៧,២% គិត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ពី​ថ្ងៃទី ១​មេសា ២០១៧ ដល់​ថ្ងៃ៣១​មីនា ២០១៨។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ២៨​កុម្ភៈ​២០១៨។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi
លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បន្ថយ​ល្បឿន​អស់​ជា​ច្រើន​ត្រី​មាស កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​បាន​ស្ទុះ​ឡើង​វិញ តាំង​ពី​ខែ​កក្កដា-កញ្ញាមក​ម្ល៉េះ និង​ត្រូវ​បាន​បញ្ជាក់​កាន់​តែ​ច្បាប់នៅ​ត្រី​មាស​ចុង​ក្រោយ​កន្លង​ទៅនេះ។ ផលិតផល​សរុប​ក្នុង​ស្រុក ហេដ្ឋារចនា​សម្ព័ន្ធ និង​ផលិតផល​ឧស្សាហកម្ម​ សុទ្ធ​តែ​មាន​កំណើន​ទាំង​អស់ ហើយ​នឹង​បន្ត​ពន្លឿន​កំណើន​សេដ្ឋកិច្ច​ កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​នៅ​​ឆ្នាំ​ក្រោយ​​ ក្នុង​កំរិត ពី​៧ទៅ​៧,៥% នៅ​ឆ្នាំ​២០១៨-២០១៩។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ និង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់រដ្ឋាភិបាល​ឥណ្ឌា។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​របាយការណ៍​មុន​ ឥណ្ឌា​បាន​ព្យាករ​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៧-១៨ ត្រឹម​តែ​៦,៥%​ ទល់​នឹង​៧,១% នៅ​ឆ្នាំ​២០១៦-១៧ មាន​ន័យ​ថាជា​កំរិត​​ទាប​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​តាំង​ពី​លោក​មូឌី អ្នក​ជាតិ​និយម​ឥណ្ឌូ ឡើង​កាន់​អំណាច​មក។ មាន​មូល​ហេតុ​ពីរ​ដែល​បញ្ជាក់​ភាព​ទន់​​ខ្សោយ​នេះ គឺ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​លុប​ក្រដាល​លុយ​៥០០​និង​១០០០​រ៉ូពី​ ឈប់​ឱ្យ​ប្រើប្រាស់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​ដាច់​លុយ​ធ្វើ​ចរាចរណ៍​ទីផ្សារ​ជាតិ។​ បន្ទាប់​មក​ទៀត រដ្ឋាភិបាល​បាន​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ពន្ធដារ​ថ្មី​លើ​ទំនិញ ឬ​ហៅ​ថា​ពន្ធ​លើ​តម្លៃ​បន្ថែម ដែល​បង្ក​ភាព​វឹក​វរ​យ៉ាង​ខ្លាំង។

​​ក្រោយ​ឥទ្ធិពល​អវិជ្ជមាន ​សេដ្ឋកិច្ច​ឥណ្ឌា​ក៏​ចាប់​ងើប​ឡើងវិញ។ នេះ​ជា​ការ​សម្គាល់​របស់​​ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​សេដ្ឋកិច្ច ក្នុង​សេចក្តី​ថ្លែង​ការណ៍​ និង​បាន​ប្រកាស​ដំឡើង​​ចំណាត់​ថ្នាក់​ឥណ្ឌា​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មួយ​កំរិត តែ​ស្ថិត​ក្នុងចង្កោម​អ្នក​មធ្យមទាប​ដដែល។

ប៉ុន្តែបើ​តា​ម​ការ​យល់​ឃើញ​របស់​ធនាគារ​កណ្តាល​ ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ពេល​នេះ​ នៅតែ​​មាន​លក្ខណៈ​ផុយស្រួយ​ ព្រោះ​ការ​ឡើង​ថ្លៃ​នៃ​​​ទំនិញ​ហូប​ចុក ព្រម​ទាំង​ប្រេង​ដែល​ឥណ្ឌា​នាំ​ចូល​យ៉ាង​សន្ធឹក​សន្ធាប់។ តម្លៃ​ទំនិញ​បាន​កើន​ឡើង​ នៅ​ខែ​មករា ដល់​ទៅ​៥,០៧​%​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ ខណៈ​ដែល​ធនាគារ​កណ្តាល​ជាតិ​កំរិត​ត្រឹម​តែ​៤%។ ម្យ៉ាង​ទៀត ឥណ្ឌា​បន្ត​ប្រឈម​មុន​នឹង​ការ​វិនិយោគ​ឯកជន​មិន​ស្វាហាប់ ដោយ​ហេតុ​តែ​ពិបាក​ខ្ចី​លុយ​វិនិយោគ​ពីធនាគារ ដែល​មាន​ប្រព័ន្ធដំណើរការ​​មិនសូវ​ល្អ។

លោក​មូឌី បាន​ឡើង​​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤​ ជាមួយ​ពាក្យ​​សន្យា​​ផ្តល់​កំណើន​សេដ្ឋកិច្ច​ស្វាហាប់​ដល់​ជាតិ ដើម្បី​មាន​ទឹក​មាត់​នៅ​លើ​ពិភពលោក​ និង​ផ្តល់​អាទិភាព​ដល់​ការ​បង្កើត​ការងារ​ដល់​យុវជន។ មាន​ទំនោរ​ផ្អៀង​ផ្អង​​រវាង​សេរីនិយម និង​ការពារ​ប្រយោជន៍​ជាតិ​និយម​ ការ​ធ្វើ​​កំណែទម្រង់​របស់​លោក បាន​ទទួល​ការ​ស្វាគមន៍​ជា​ទូទៅ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដោយ​យល់​ថា​លោក​មូឌី ជា​មនុស្ស​សម័យ​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ