អានតួអត្ថបទ
កូរ៉េខាងត្បូង

រដ្ឋអាជ្ញា​ទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​លោក​ស្រី​ប៉ាក់ គុនហេ ​ជាប់ពន្ធនាគារ​៣០ឆ្នាំ

រដ្ឋអាជ្ញា​កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​នេះ​បាន​ទាមទារ​ឲ្យ​តុលាការ​ក្រុង​សេអ៊ូល​សម្រេច​ដាក់​ទោស លើ​លោកស្រី ប៉ាក់ គុនហេ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។ ត្រូវ​សភាបោះឆ្នោត​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​នៅខែ​ធ្នូ ឆ្នាំ ២០១៦ លោកស្រី​ប៉ាក់ គុនហេ​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​រំលោភ​អំណាច ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ ដៃគូ​ផ្សំគំនិត​របស់ខ្លួន គឺ​ឆយ​ស៊ុនស៊ីល ដែល​ទើប​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ព​ន្ធនាគារ ២០​ឆ្នាំ កាលពីពេលថ្មីៗនេះ។ 

លោកស្រី​ប៉ាក់ គុនហេអាយុ ៦៤​ឆ្នាំ ត្រូវ​បាន​រដ្ឋអាជ្ញានៅថ្ងៃទី​២៧​កុម្ភៈ ២០១៨ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនា​គារ​រយៈពេល​៣០​ឆ្នាំ
លោកស្រី​ប៉ាក់ គុនហេអាយុ ៦៤​ឆ្នាំ ត្រូវ​បាន​រដ្ឋអាជ្ញានៅថ្ងៃទី​២៧​កុម្ភៈ ២០១៨ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនា​គារ​រយៈពេល​៣០​ឆ្នាំ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ប្រកាសដែល​អាន​ជា​សាធារណៈ ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​លោកស្រី​ប៉ាក់ គុនហេ រយៈពេល​៣០​ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​ពិន័យ​១១៨,៥​ពាន់​លាន​វ៉ុន ស្មើ​នឹង​៨៩​ពាន់​លាន​អឺរ៉ូ​។ សម្រាប់​អាយ្យការ​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ  ក្នុង​នាម​ជា​ប្រធានាធិបតី​ទី​១៨​របស់​កូរ៉េខាងត្បូង​​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​រឿង​អាស្រូវ​ពុករលួយ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​ជាតិ។

សូមអាន៖  ប៉ាក់ គុនហេ៖ ការពិត​នឹង​លាតត្រដាង​ឡើង នៅ​ថ្ងៃ​ណាមួយ

ត្រូវ​ទម្លាក់​ចេញ​តំណែង​ប្រធានាធិបតី ដោយសារ​រឿង​អាស្រូវ​ពុករលួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​​រវាង​មនុស្ស​ស្និទ្ធ​នឹង​លោកស្រី ហើយ​និង​ម្ចាស់​ក្រុមហ៊ុន​​ធំៗ​របស់​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចោទប្រកាន់​ថា បាន​ទទួល ឬ​បាន​យល់​ព្រម​ឲ្យ​មានការសូកប៉ាន់​​ប្រាក់​រាប់ពាន់​លាន​​វ៉ុន (៥៩,២​ពាន់​លាន​វ៉ុន)​ពី​ក្រុមហ៊ុន​ស៊ាំស៊ុង ឬ​Lotte ជាថ្នូរ​នឹង​​ការគាំទ្រ​នយោបាយ​ពី​លោកស្រី​​ប្រធានាធិបតី។ លោកស្រី ប៉ាក់ គុនហេ​ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់ផងដែរ​ថា ថា​បាន​ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ចំនួន ១៩ ធ្វើ​វិភាគទាន ប្រាក់​ជាង ៧៧ ពាន់​លាន​វ៉ុន​ទៅ​ឲ្យ​មូលនិធិ​ឯកជន​ពីរ​របស់​លោកស្រី​ឆយ ស៊ុនស៊ីល ដែល​គេ​ចាត់ទុក​ជា​គ្រូមន្តអាគម​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ប៉ាក់ គុនហេ។
 

“ជនចោទប្រកាន់​បាន​រំលោភ ប្រើ​អំណាច​ដែល​ផ្តល់​ដោយ​ប្រជាជន​កូរ៉េខាងត្បូង​ដើម្បី បម្រើ​ផលប្រយោជន៍​តែ​សម្រាប់​មនុស្ស​ជំនិត​របស់ខ្លួន គឺ​ឆយ ស៊ុនស៊ីល។ លោកស្រី​ប៉ាក់ គុនហេ បាន​រំលោភ​តម្លៃ​រដ្ឋធម្មនុញ្ញ​​ដែល​ការពារ​សេដ្ឋកិច្ច​​ទីផ្សារ និង​សេរីភាព​ប្រជាធិបតេយ្យ” នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋអាជ្ញា​នៅក្នុង​សេចក្តី​ប្រកាស​នៅថ្ងៃ​អង្គារ​នេះ។

 

សម្រាប់​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង លោកស្រី​ប៉ាក់ គុនហេ កាលនៅ​ជា​ប្រធានាធិបតី​ដឹកនាំ​កូរ៉េខាងត្បូង បាន​ចង​មិត្តភាព បម្រើ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ ក្រុមអ្នកមាន​ ជាជាង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រជាជន​កូរ៉េខាងត្បូង។ "លោកស្រី​ជា​អ្នកដែល​បាន​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ពុករលួយ​រវាង​ក្រុមអ្នកធ្វើ​នយោបាយ ហើយ​និង​ក្រុមអ្នកធ្វើ​ជំនួញ"។

 

លោកស្រី ប៉ាក់ គុនហេ​ដែល​បាន​ត្រូវ​បាន​តុលាការ​បើកការជំនុំជម្រះ​តាំង ពីខែ​តុលា​ឆ្នាំមុន បាន​បដិសេធ​រាល់​ការចោទប្រកាន់ និង​បាន​ចោទបក​ទៅ​តុលាការ​វិញ​ថា លម្អៀង គ្មាន​យុត្តិធម៌៕

 

​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ