rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នៅពេល​លោកស៊ី ជីនពីង​ចង់​កាន់អំណាច​ជាប្រធានាធិបតី​ចិន អស់មួយជីវិត

ដោយ ឈាង បុប្ផា

នៅ​ប្រទេស​ចិន មតិ​រិះគន់​បាន​ផ្ទុះឡើង នៅតាម​អ៊ីនធ័រនែត នៅក្រោយ​គណបក្ស​កុម្មុយនិស្ត នៅថ្ងៃ​អាទិត្យ ទី ២៥​កុម្ភៈ បានសម្រេច​ឲ្យ​មាន​ការលុបចោល ការកំណត់​អាណត្តិ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង។ ការលុបចោល​ការកំណត់​អាណត្តិ ប្រធានាធិបតី ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នឹង​បើកផ្លូវ​ឲ្យ​លោក​ស៊ី ជីនពីង កាន់អំណាច​ជាប់រហូត​នៅ​ប្រទេស​ចិន។ ការនេះ​ធ្វើ​ឲ្យគេ​នឹក​ទៅដល់​ភ្លាម​ដល់​សម័យកាល​ម៉ៅសេទុង។

 

ប្រតិកម្ម​រិះគន់​នៅ​លើ​បណ្តាញ​សង្គម អ៊ីនធ័រនែត បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន និង​នៅ​ហុងកុង បន្ទាប់ពី​បក្ស​កុម្មុយនិស្ត​ចិន បាន​យល់​ព្រម​ឱ្យ​មាន​ការសើរើ​ច្បាប់ ដោយលុប​ចោល​ចំនួន​អាណត្តិ​របស់​​ប្រធានាធិបតី ដែល​រដ្ឋធម្មនុញ្ញ កំណត់​ត្រឹម​តែ​​ពីរ​អាណត្តិ។ ក្នុង​សារ​រិះគន់ខ្លះ ដែល​ក្រោយ​មក​ត្រូវ​បាន​គេលុបចោល​ទៅវិញ (ដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​ខ្លឹមសារ​នៅលើ​អ៊ីនធ័រនែត) អ្នកប្រើអ៊ីនធ័រនែត​មួយចំនួន​បាន​លើកឡើង​ពី​ការបន្ត​កាន់អំណាច ផ្តាច់ការ ចំណែក​ខ្លះទៀត បានប្រៀបធៀប​ថា ដោយ​កាន់អំណាច​យូរឆ្នាំ ​លោក​ស៊ី ជីនពីង កំពុង​ក្លាយ​ជា​អធិរាជ​ចិន​សតវត្សរ៍​ទី​២១។

 

ជាប្រធានាធិបតី​ចិន រហូត​ដល់​ឆ្នាំ ២០៣៣

បើសិន​បក្ស​កុម្មុយនិស្តចិន​សម្រេច​ឲ្យ​លុបចោល ចំណុច​ដែល​មាន​ចែងថា ប្រធានាធិបតី កាន់អំណាចតែពីរអាណត្តិ នោះមានន័យថា លោក​ប្រធានាធិបតី​ស៊ី ជីនពីង នឹង​អាចបន្ត​​កាន់អំណាចតទៅទៀត នៅក្រោយ​ចប់អាណត្តិ​ទី២​របស់​លោក នៅឆ្នាំ ២០២៣។ អាណត្តិ​ទី​២​របស់​លោក​ស៊ី ជីនពីង​នឹង​ចាប់​មាន នៅក្រោយ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃទី ៥​មីនា​ខាងមុខ។  ចាប់ពីថ្ងៃ​ចន្ទ ទី ២៦ កុម្ភៈ គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កុម្មុយនិស្ត​ចិន ត្រូវ​បន្ត ប្រជុំ បីថ្ងៃ​ទៀត ដើម្បី ពិភាក្សា​ពី​សេចក្តីព្រាង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ចិន ដែលនៅក្នុង​នោះ គេ​បាន​ស្នើឲ្យ​បញ្ចូល​ផងដែរ លទ្ធិសង្គមនិយម​របស់​លោក​ស៊ី ជីនពីង​ទៅក្នុង​រដ្ឋធម្មនុញ្ញ ដែលទើប​មាន​ជាលើក​ទី២ បន្ទាប់​ពីលោក​ម៉ៅ សេទុង។

ទោះ​ជា បក្ស​លុបចោល​កាលកំណត់​ពីរអាណត្តិ​មែន ប៉ុន្តែ មិនមែន​មាន័យថា លោកស៊ី ជីនពីង​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដោយ​ស្វ័យប្រវត្តិ ដឹកនាំ​ប្រទេស​រហូត​នោះទេ។ ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ចិន ត្រូវ​ធ្វើទៅ​តាមសម្រេច ការរបោះឆ្នោត​ជ្រើសតាំង​ពី​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត ដែល​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ប្រទេស នៅ​រាល់​បញ្ចប់​អាណត្តិ​៥​ឆ្នាំ​ម្តង។ ប៉ុន្តែ ក្នុង​ករណី​របស់លោក​ស៊ី ជីនពីង ដោយសារ​តែ​លោក​បាន​រើសបន្តុប មនុស្ស​ស្និទ្ធនឹង​លោក ឲ្យ​កាន់តំណែង​សំខាន់ៗ ក្នុងការិយាយល័យ​នយោបាយ​របស់​បក្ស ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​របស់​ប្រទេស នោះ លោកច្បាស់​ជាត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ចិន ដោយ​គ្មាន​កាលកំណត់។

 

លោក​វីល្លី ឡាំ អ្នកជំនាញ​នយោបាយម្នាក់ នៅ​សកលវិទ្យាល័យ ហុងកុង​បាន​និយាយ​ថា លោក​ស៊ី ជីនពីង​ នឹង​ក្លាយ​ជា​អធិរាជចិន​អស់​មួយជីវិត និង​ក្លាយ​ជា​ម៉ៅស៊ីទុង ប្រចាំ​សតវត្សរ៍ ទី​២១។ លោកឡាំ ដែលបាន​ទទួល​ព័ត៌មាន​ពី​​មន្រ្តី​ក្នុង​បក្ស​កុម្មុយនិស្ត បាន​និយាយថា នៅក្នុង​គណបក្ស​លោក​ស៊ី ជីនពីង​ធ្លាប់​បាន​និយាយ​ថា បើសិន​សុខភាព​លោក​អំណោយផល នោះ​លោក​ចង់​ធ្វើ​ជា​ប្រធានាធិបតី​ចិន រហូត​ដល់​ឆ្នាំ២០៣៣។ លោក​ស៊ី ជីនពីង​ឥលូវ​មាន​អាយុ ៦៤​ឆ្នាំ។ នៅ​ឆ្នាំ ២០៣៣ លោក​ស៊ី ជីនពីង​នឹង​មាន​អាយុ​៨០​ឆ្នាំ។

 

២​អាណត្តិ​មិនគ្រប់គ្រាន់

ពីរ​អាណត្តិ រយៈពេល ១០​ឆ្នាំ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​លោក​ស៊ី ជីនពីង​សម្រេច​មហិច្ឆតា គោលដៅ នយោបាយ ដែលលោក​ធ្លាប់​បានដាក់ចេញ តាំង​ពី​ឆ្នាំ ២០១២​នោះ​ទេ។ ឆ្នាំ ២០៣៣ គឺ​ជា​ឆ្នាំ ដែល​លោក​ស៊ី ជីនពីង​ចង់​សម្រេច​ឲ្យ​ចេញ​រូបរាង ឡើង នយោបាយ​សេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ដែល​ចិន​បាន​បោះទុន​វិនិយោគ ដល់ទៅ ជាង ៥ពាន់ ពាន់​លាន​ដុល្លារ ដើម្បី ជំរុញ​សេដ្ឋកិច្ច​ចិន​ឲ្យ​រុងរឿង​ទៅមុខ។ ក្រៅតែ​ពីសេដ្ឋកិច្ច លោកស៊ី ជីនពីង ចង់​សម្រេច​ផងដែរ​មហិច្ឆតា ភូមិសាស្រ្ត​នយោបាយ​បរទេស និង​ការពង្រឹង​សមត្ថភាព​យោធា​ចិន នៅក្នុង​ឆាក​អន្តរជាតិ។ នៅក្នុង​អាណត្តិ​៥​ឆ្នាំ (ពីឆ្នាំ ២០១២) នៅក្រោម​ការដឹកនាំ​របស់​លោក ប្រទេស​ចិន​បាន​ពង្រីក​ដែន​ឥទ្ធិពល​ខ្លាំង នៅ​បរទេស ទាំង​ផ្នែក​យោធា និង​សេដ្ឋកិច្ច។ បើសិន​លោក​ឈប់​ធ្វើ​ជា​ប្រធានាធិបតី នៅ​ឆ្នាំ ២០២៣ នោះ លោក​គិត​ថា ប្រធានាធិបតី​អាណត្តិ​ក្រោយ អាច​នឹង​គ្មាន​ទស្សនវិស័យ ដូចលោក ហើយ​និង​មិនអាច​សម្រេច​កម្មវិធី​នយោបាយ​របស់​លោក ដែល​ចង់​ឲ្យ​ចិន ក្លាយ​ជាមហាអំណាច​សេដ្ឋកិច្ច និង​យោធា ក្នុង​ពិភពលោក។

 

មួយវិញ​ទៀត ដោយបន្ត​កាន់​តំណែង​ជាប្រធានាធិបតី​ចិន ច្រើន​ជាង​ពីរ​អាណត្តិ លោក​ស៊ី ជីនពីង ក៏​នឹង​អាច​រួច​ជៀស​ផុត​ពី​ការប៉ុនប៉ង សងសឹក​ទាំងឡាយ ពីសំណាក់​ក្រុម​សត្រូវ​របស់​លោក នៅ​ក្នុង​ជួរបក្ស ដែល​លោក​បាន​បើក​ការបង្រ្កាប តាមរយៈ​លេស បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ យុទ្ធនាការ​បោសសម្អាត​មន្រ្តីពុករលួយ នៅក្នុង​បក្ស និង​នៅក្នុង​ប្រទេស បាន​ធ្វើ​ឲ្យ​លោក​ស៊ី ជីនពីង មាន​សត្រូវ​គ្រប់ទិសទី ដែលនៅ​រង់ចាំ​តែ​សង្រ្គប់​លោក នៅពេល​លោក​អស់អំណាច​ជា​ប្រធានាធិបតីចិន។

 

អធិរាជចិនថ្មី លោកស៊ី ជីនពីងនឹងបង្កើតគំរូ​អាក្រក់​ដល់​មេដឹកនាំ​ដទៃលើលោក

ដោយ​នៅ​ក្រាញ​ចង់​កាន់អំណាច​លើស​ពីរអាណត្តិ ជា​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​បំផ្លាញ​ចោល ប្រព័ន្ធ​ផ្ទេរនយោបាយ ដែល​មេដឹកនាំ​ចិន លោក​តេង ស៊ាវភីង បាន​បង្កើត​ឡើង នៅ​ឆ្នាំ ១៩៩០។ ប្រព័ន្ធ​ផ្ទេរនយោបាយ​របស់​លោក​តេង ស៊ាវភីង មាន​គោលដៅ ជៀសវាង​កុំ​ឲ្យ​ចិន ជួប​ចលាចល សង្រ្គាម​ស៊ីវិល ការឈ្លោះ​ដណ្តើម​អំណាច​គ្នា រវាង​សមាជិក​បក្ស​កុម្មុយនិស្ត ដែល​បន្សល់​ដោយ សម័យ​កាន់​អំណាច​ផ្តាច់មុខ របស់​មេដឹកនាំ​ម៉ៅសេទុង។

 

នៅ​ឆ្នាំ ១៩៩០ ក្រោម​ការដឹកនាំ​របស់​លោកតេង ស៊ាវភីង ដែល​ជា​បិតា​សេដ្ឋកិច្ច​របស់ប្រជាជន​ចិន ចិន​ស្គាល់​ការចំរុងចម្រើន ដោយសារ​នយោបាយ​កំណែទម្រង់ ផ្ទៃក្នុង និង​ការបើកចំហរ​សេដ្ឋកិច្ច។ នៅផ្នែក​នយោបាយ ដើម្បី ជៀសវាង ការឈ្លោះដណ្តើម​អំណាច​គ្នា បក្ស​បាន​កំណត់​ឲ្យ​មាន​មេដឹកនាំ ឬ​ប្រធានាធិបតី​ដែល​មាន​អំណាច​គ្រប់គ្រង​ប្រទេស​តែ ២​អាណត្តិ រយៈពេល ១០​ឆ្នាំ។ នយោបាយ​នេះ បានធ្វើ​ឲ្យ​បក្ស​មានអំណាច និង​មានឈ្មោះ​ដឹកនាំប្រទេស ប៉ុន្តែ លែង​ជា​បុគ្គល ដូចលោក​ម៉ៅសេទុង។ ប៉ុន្តែ លោក​ស៊ី ជីនពីង ដែល​មាន​ផ្នត់​គំនិត ខុសពី​ប្រធានាធិបតី​ចិន​មុនៗ បាន​បង្កើត​រូបភាព​ទាំងឡាយ ដែល​បង្ហាញ​ថា លោក​ជា​មេដឹកនាំ ផ្តាច់មុខ ដូច​លោក​ម៉ៅសេទុង ប៉ុន្តែ​មិនមែន​បក្ស​កុម្មុយនិស្ត​ចិន នោះ​ទេ។

 

សម្រាប់​អ្នកជំនាញ​ជាច្រើន ការនៅក្រាញ​កាន់អំណាច គ្មាន​កាលកំណត់ គ្មាន​ចែករំលែក​អំណាច​ជាមួយ​អ្នកដទៃ សូម្បី សមាជិក​ក្នុង​បក្ស នឹង​ បង្ក​ឲ្យ​មាន​ចលនា​ប្រឆាំង ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត ដែលនឹង​អាច​ផ្ទុះ ឡើង នៅថ្ងៃ​ណាមួយ។ ម្យ៉ាងវិញទៀត នៅពេល​កាន់អំណាច​តែ​ម្នាក់ឯង សម្រេចចិត្ត​តែម្នាក់ យូរឆ្នាំពេក មេដឹកនាំ​ចិន​អាច​ធ្វើ​កំហុស កាន់តែច្រើន និង​មាន​និន្នាការ បង្រ្កាប​កាន់តែខ្លាំង ទៅលើ​អ្នកដែល​ប្រឆាំង​នឹង​ខ្លួន។ ការរំលោភ​សិទ្ធិ​មនុស្ស ចិន​នឹង​កាន់តែ​ធ្លាក់​អាក្រក់​ជាង​សព្វថ្ងៃទៅទៀត។ តាមអ្នកជំនាញ​បរទេស ការនៅ​កាន់​តំណែង​ច្រើន​ជាង​២​អាណត្តិ​នឹង​ធ្វើ​ឲ្យ​លោក​ស៊ី ជីនពីង​ទទួល​បាន​ការប្រឆាំង ច្រើន​ជាង ការគាំទ្រ ក្នុង​ចំណោម​ប្រជាជន​ចិន ដែល​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ។ ប្រជាជនចិន និង​អ្នកជំនួញ​ចិន មួយចំនួន​យល់​ថា ការនៅ​កាន់អំណាច​យូរឆ្នាំ ដើរ​ផ្ទុយស្រឡះ ពី​ផ្នត់​គំនិត​របស់​ប្រជាជន​ចិន​បច្ចុប្បន្ន ដែល​ចង់​បាន​សង្គម​ទំនើប និង​សេរី​សម្រាប់​អនាគត​កូនចៅ​របស់ពួកគេ។

 

មួយវិញ លោក​ប្រធានាធិបតី​ស៊ី ជីនពីង​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​របស់ប្រទេស​ដទៃ យកគំរូ​តាម ដោយ​លះបង់​ចោល​របប​ដឹកនាំ ដែល​មាន​កំណត់ ដោយ​អាណត្តិ។ មេដឹកនាំ​ផ្សេងទៀត នឹង​យក​តាមគំរូ​អាក្រក់នេះ ដោយ​លុប​ចោល​ការបោះឆ្នោត ឬ​ធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​បើកផ្លូវ​ឲ្យ​ខ្លួន ឬ​គ្រួសារ​របស់ខ្លួន អាច​កាន់​អំណាច​អស់​មួយជីវិត ដូច​ជា​នៅប្រទេស​កូរ៉េខាងជើង៕

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​