អានតួអត្ថបទ

ហ្វីលីពីន​និងកូវ៉ែត​កំពុង​ស្វែង​រក​ការស្រុះស្រួលគ្នា​លើការ​ធានា​សុវត្តិភាព​​ពលករ

ប្រតិភូ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ហ្វីលីពីន​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូវ៉ែត ដើម្បី​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​​នៃបម្រាមថ្មី​របស់​​ប្រធានាធិបតី ទៅ​លើ​ទីផ្សារ​ពលករ​ហ្វីលីពីន​ នៅ​កូវ៉ែត។ ប្រធានាធិបតី​បាន​ចេញ​ក្រិត្យ​ហាម​មិន​ឱ្យ​ពលរដ្ឋ​ហ្វីលីពីន​ចេញ​ទៅ​ធ្វើ​ការ​នៅ​កូវ៉ែតទេ ​ ក្រោយ​ការ​រក​ឃើញ​សាកសព​ពលករ​ហ្វីលីពីនម្នាក់​ក្នុង​ទូរកក​ កាលពី​ដើម​ខែ។

ពលករ​ហ្វីលីពីន ធ្វើការ​នៅ​កូវ៉ែត ត្រលប់​មក​ដល់​ព្រលាន​យន្តហោះ​ក្រុង​ម៉ានីល ថ្ងៃទី ១៨ កុម្ភៈ ២០១៨
ពលករ​ហ្វីលីពីន ធ្វើការ​នៅ​កូវ៉ែត ត្រលប់​មក​ដល់​ព្រលាន​យន្តហោះ​ក្រុង​ម៉ានីល ថ្ងៃទី ១៨ កុម្ភៈ ២០១៨ NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

បម្រាម​របស់​ប្រធានាធិបតី បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​ពលរដ្ឋ​ហ្វីលីពីន​នៅ​កូវ៉ែត។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ហ្វីលីពីន​ ទៅ​កាន់​ប្រតិភូ​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ នៅក្នុងពេល​ជួប​ប្រជុំ​នៅ​ស្ថានទូត​ហ្វីលីពីននៅកូវ៉ែត។

ជា​ឧទាហរណ៍ ​ភ្នាក់ងារមួយ​​បាន​ជ្រើសរើស​​​គិលានុបដ្ឋាកហ្វីលីពីន​​ជាង​១រយ​នាក់ មក​ធ្វើ​ការមាន​តួនាទីច្បាស់​លាស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​របស់​កូវ៉ែត តែ​ឥលូវ​ត្រូវ​ខក​ខាន​អស់។ ភ្នាក់ងារ​ខ្លះ​ទៀត ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ជ្រើសរើស​ពលករ​ដែរ ចង់​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​ប្រធានាធិបតី​លើក​បម្រាម​នោះ​ចេញ​វិញ ព្រោះ​យល់​ថា​កូវ៉ែត​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ពលករ​ហ្វីលីពីន។

ប៉ុន្តែ​ចម្លើយ​គឺ​ទេ ! លោក​អនុរដ្ឋមន្ត្រី​បាន​ប្រកាស​ថា បម្រាម​មិន​អាច​លើក​ចេញ​បាន​ឡើយ ដរាប​ណា​ក្រុង​ម៉ានីល​ មិនទាន់​​ទទួល​បាន​នូវ​ការ​ធានា​សន្តិសុខ​ពី​ខាង​រដ្ឋាភិបាល​កូវ៉ែត​ចំពោះ​ពលករ​ហ្វីលីពីន។ រដ្ឋាភិបាល​ហ្វីលីពីន​មិន​អាច​ឈរ​ស្ងៀម​ធ្វើ​មិន​ដឹង​មិន​ឮ​បាន​ឡើយ ! ពេល​នេះ​អាជ្ញាធរហ្វីលីពីន​​កំពុង​តែ​ចរចា​សមភាគី​កូវ៉ែត​ហើយ ដូច្នេះ​បើ​លក្ខខណ្ឌ​សុវត្ថិភាព​​មិន​ប្តូរ​ប្រែ​ទេ បម្រាម​នៅ​តែ​មាន​សុពលភាព​ដដែល។ នេះ​ជា​ការ​បញ្ជាក់​អះអាង​របស់​លោក​រដ្ឋមន្ត្រី។

សូម​បញ្ជាក់ថា​ទន្ទឹម​នឹង​ប្រតិភូ​ ចុះ​ទៅ​ស្ទាប​ស្ទង់​​ស្ថានភាព​ការងារ​ លក្ខខណ្ឌ​សន្តិសុខ​ និង​សុវត្ថិភាព​របស់​ពលករ​ហ្វីលីពីន ​ដែល​កំពុង​បន្ត​ការងារ​នៅ​កូវ៉ែត តំណាង​រដ្ឋាភិបាលមួយ​ក្រុម​ទៀត​នៃ​ក្រសួង​ការងារ​ ក៏​នឹង​ត្រូវ​មក​ដល់​កូវ៉ែត​ដែរ ដើម្បី​ចរចា​លើ​សន្ធិសញ្ញា​ទ្វេ​ភាគី​ស្តី​ពី​ពលករ​តាម​ផ្ទះ។ កម្មវត្ថុ​ចំបង​នៃ​ការ​ចរចា​គឺ​ហ្វីលីពីន​ស្នើ​សុំ​ជា​សំខាន់​ឱ្យ​ពលករ​ហ្វីលីពីន​ទាំង​អស់​អាច​មាន​សិទ្ធិ​មាន​ទូរស័ព្ទ​ដៃ និង​កាន់​លិខិត​ឆ្លង​ដែន​ដោយ​ខ្លួន មិន​មែន​ឱ្យ​ម្ចាស់​ផ្ទះ(ថៅកែ)​រឹប​អូស​ទុក​ដូច​មុន​ទៀត​ទេ។

ជា​សរុប​មាន​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជាង​២៥ម៉ឺ​នាក់​រស់​នៅ​កូវ៉ែត ភាគ​ច្រើន​ជា​អ្នក​បម្រើ​ការ​នៅ​តាម​ផ្ទះ​។ ហេតុ​ការណ៍​មរណៈ​របស់​អ្នក​បម្រើ​តាម​ផ្ទះ​ម្នាក់ បាន​​ជំរុញ​ឱ្យ​លោក ឌុយទែរតេ ​ចេញ​ក្រិត្យ​ហាម​ឃាត់​មិន​ពលករ​ហ្វីលីពីន​នៅធ្វើការ​​កូវ៉ែត​ទៀត​ទេ។

ដោយឡែក​ ប្តី​ប្រពន្ធ​ជាតិកូវ៉ែត​ជា​ម្ចាស់​ផ្ទះ​ ដែល​ជាប់​សង្ស័យ​ថា​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ពលករ​អ្នក​បម្រើ​ហ្វីលីពីន​ ក្នុងទូរទឹកកកនោះ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​ហើយ នៅ​ក្រុង​ដាម៉ាស​ប្រទេស​ស៊ីរី ក្រោយ​ពីមាន​ដីកា​តាម​ចាប់​របស់ប៉ូលិស​អាំងទែរប៉ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ