អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កីឡា​​អូឡាំពិក​​ព្យុងឆាង​​​បិទបញ្ចប់​​ ​ក្រោម​​វត្តមាន​​គណៈ​ប្រតិភូ​​កូរ៉េខាងជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កីឡា​អូឡាំពិក​រដូវរងារ​នៅ​ព្យុងឆាង កូរ៉េខាងត្បូង​ បិទបញ្ចប់​ ​យប់​ថ្ងៃអាទិត្យ​នេះ​ ដោយ​មាន​វត្តមាន​របស់​គណៈ​ប្រតិភូ​កូរ៉េខាងជើង ដ៏សំខាន់​នោះ គឺ​​​មេដឹកនាំ​​​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង លោក​ Kim Yong-chol។ ទន្ទឹម​នេះ​ ក៏​មាន​​វត្តមាន​លោកស្រី​ អ៊ីវ៉ាន់កា ត្រាំ តំណាង​ប្រតិភូ​អាមេរិកដែរ។ ​​ដោយឡែក ថ្ងៃបិទបញ្ចប់​កីឡា​អូឡាំពិក​នេះ​ គ្មាន​​វត្តមាន​​ទង់​ជាតិ​រុស្ស៊ី​ទេ។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ​មូន ចែអ៊ីន ​លោកស្រី អ៊ីវ៉ាន់កា ត្រាំ និង​លោក​Kim Yong-chol ​តំណាង​ប្រតិភូ​​កូរ៉េ​ខាងជើង​(ជួរ​​ខាងលើ​ទី៣​ស្តាំដៃ)
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ​មូន ចែអ៊ីន ​លោកស្រី អ៊ីវ៉ាន់កា ត្រាំ និង​លោក​Kim Yong-chol ​តំណាង​ប្រតិភូ​​កូរ៉េ​ខាងជើង​(ជួរ​​ខាងលើ​ទី៣​ស្តាំដៃ) Reuters
ផ្សាយពាណិជ្ជកម្ម

គ្មានទង់ជាតិ​រុស្ស៊ី ព្រោះ​កីឡាករ​ជនជាតិ​រុស្ស៊ី​២នាក់ ​បាន​ប្រើថ្នាំ​លើក​កម្លាំង

គណៈ​កម្មាធិការ​អន្តរជាតិ​អូឡាំពិក​បាន​សម្រេច​​បែបនេះ ដោយសារ​តែ​រកឃើញថា មាន​​​កីឡាករ​រុស្ស៊ី​២នាក់​​​ ​បាន​​​ប្រើថ្នាំលើក​​កម្លាំង​ ក្នុង​ការ​ប្រកួត​នៅ​ព្យុងឆាង​ ដែល​នេះ​ជា​ការ​បំពានធ្ងន់ធ្ងរ​លើ​​បទបញ្ជា។ គួររំលឹកថា រឿង​​អាស្រូវ​​ថ្នាំលើកកម្លាំង​កីឡាកររុស្ស៊ី​នេះ មាន​ច្រើនដង​ហើយ ពិសេស​កើតមាន​កាលពី​ឆ្នាំ​២០១៤ ក្នុង​ពេល​ប្រកួតកីឡា​​​អូឡាំពិក​រដូវរងារ Sotchiតែម្តង។

ដោយសារ​បញ្ហា​នេះ គណៈ​កម្មកាធិការ​អូឡាំពិក អនុញ្ញាតអោយ​កីឡាករ​រុស្ស៊ី​តែ​១៦៨នាក់ប៉ុណ្ណោះ ដែល​គេគិតថា ស្អាតស្អំ​មិន​​​ប្រើថ្នាំ​កម្លាំង​ អោយពួកគេ​មកចូលរួម​ការប្រកួត​នៅ​កូរ៉េខាងត្បូង​ឆ្នាំ២០១៨​នេះ។ ​​ដើមខែធ្នូ​ ឆ្នាំ​២០១៧កន្លងទៅ ​គណៈកម្មាធិការ​​​សម្រេចថា ប្រហែល​ជាអាច​អោយ​រុស្ស៊ី​បង្ហាញ​ទង់ជាតិ​ខ្លួនដែរ នៅថ្ងៃបិទបញ្ចប់​កីឡាអូឡាំពិក ថ្ងៃអាទិត្យ​នេះ នៅ​កូរ៉េខាងត្បូង។ ប៉ុន្តែ ដោយសារ​តែ​គេរកឃើញ​ថា កីឡាករ​រុស្ស៊ី​២នាក់​បាន​ប្រើថ្នាំ​កម្លាំង ដូច្នេះ ការព្យួរទង់ជាតិ​រុស្ស៊ី នៅតែ​រក្សា​ទុក​ដដែល។

កីឡាអូឡាំពិក​ព្យុងឆាង​ ឆ្នាំ២០១៨ ត្រូវបាន​ប្រសិទ្ធនាមថា ជា​”កីឡា​សន្តិភាព"

​​បូកសរុប​ព្រឹត្តការណ៍​ទៅ គឺ​គ្មាន​ហេតុការណ៍​ប៉ះទង្គិចធំដុំ​​អ្វី​កើតឡើងទេ ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​អូឡាំ។ សន្តិភាព​នេះ គឺ​សំដៅ​លើ​ការ​ស្រុះស្រួល​ផ្សះផ្សា​គ្នា​រវាង​ប្រទេស​បងប្អូន​កូរ៉េទាំង២​នោះហើយ ព្រោះតែ​មាន​វត្តមាន​កីឡាករ និង​​គណៈប្រតិភូ​កូរ៉េខាងជើង ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នេះឯង។ នេះ​ជា​ទង្វើ​ផ្សះផ្សា​គួរកត់សម្គាល់ ​ព្រោះថា មុននេះ បងប្អូន​កូរ៉េទាំង២​តានតឹង​នឹងគ្នា​គួរសម​ដែរ ដោយសារ​តែ​ការគំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ការផ្សះផ្សា​​គួរកត់សម្គាល់​នេះ ជាក់ស្តែង​យើងឃើញ​ថា ​កីឡាការនី​​កូរ៉េល្បែងHockey ​ជនជាតិ​កូរ៉េ​ខាងត្បូង​និង​ខាងជើង ​មានវត្តមាន​​ក្នុង​ក្រុមប្រកួត​​តែមួយ។ ប្អូនស្រី​លោកគឹម ជុងអ៊ុន គឺ​លោកស្រី​គឺម យ៉ូចុង ​​ក៏​បាន​មកចូលរួម​សម្ពោធ​កីឡា​ព្យុងឆាង​នេះទៀត ហើយថែមទាំង​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន អោយ​ទៅ​ចូលរួម​ជំនួប​កំពូល​នៅ​ក្រុងព្យុងយ៉ាង​ទៀត។ ​លើសពីនេះ ក៏​មានវត្តមាន​ក្រុមរាំ​នារី​កូរ៉េខាងជើង ក្នុង​អំឡុង​ពេល​ប្រកួត​២សប្តាហ៍​ជាង​នេះដែរ។

ហើយ​ថ្ងៃបិទបញ្ចប់​កីឡាអូឡាំពិក​ ថ្ងៃអាទិត្យ​នេះ ក៏​មានវត្តមាន​គណៈប្រតិភូ​សំខាន់ៗ​ដូចជា​​មេដឹកនាំ​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង Kim Yong-chol មាន​​លោក Choe Kang ជា​អ្នកទទួល​ខុសត្រូវជាន់ខ្ពស់​​មួយរូប ខាង​កិច្ចការ​អាមេរិក។ លោក Kang ​​បម្រើការ​នៅ​​​ក្រសួង​​ការបរទេស​កូរ៉េខាងជើង។ វត្តមាន​លោក​ត្រូវបានគេ​មើលឃើញថា កូរ៉េខាងជើង​ប្រហែល​ចង់​បង្ហាញ​បំណង​​បើកចំហ​ការចរចា​ណាមួយ ជាមួយ​សហរដ្ឋ​អាមេរិក​ ព្រោះថា ថ្ងៃអាទិត្យ​នេះ ​ក៏​មាន​វត្តមាន​លោកស្រី​អ៊ីវ៉ាន់កា ត្រាំ ជា​កូនស្រី​លោក​ដូណាល់ ត្រាំ ​តំណាង​ប្រតិភូ​អាមេរិក​ដែរ។ ទោះយ៉ាងនេះ​ក្តី ក៏​ខាងអាមេរិ​កប្រាប់ថា គណៈ​ប្រតិភូ​ខ្លួន​​គ្មាន​​គម្រោង​ជជែក​គ្នា​ជាមួយ​កូរ៉េខាងជើង​ទេ។ ​

ទំនាក់ទំនង​កូរ៉េទាំង២​អាច​ប្រែប្រួល​ទៀត ក្នុង​ពេល​ខាងមុខ

ប្រទេស​កូរ៉េទាំង២​​ធូរស្រាលនឹង​គ្នា​​វិញ បាន​​យូរ​ប៉ុណ្ណា​គេ​នៅ​មិនទាន់អាច​ដឹងទេ។ វត្តមាន​​មេដឹកនាំ​​​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង លោក​ Kim Yong-chol ​​ក្នុងពិធី​​បិទបញ្ចប់​ការប្រកួត​អូឡាំពិក​ថ្ងៃអាទិត្យ​នេះ​ ជា​វត្តមា​នចម្រូងចម្រាស ​​ធ្វើអោយ​ក្រុមប្រឆាំង​​អភិរក្ស​និយម​​កូរ៉េខាងត្បូងខឹងសម្បារ​ជាខ្លាំង។ ក្រុមអភិរក្ស​ចោទ​ថា លោក​គឺម​ ជា​ឧក្រិដ្ឋជន​សង្គ្រាម។

រឿងរ៉ាវ​នេះ ដើមទង គឺ​ចេញ​ពី​​​​​គ្រោះ​លិចកប៉ាល់​ចម្បាំង​កូរ៉េខាងត្បូង កាលពី​​​​​ឆ្នាំ​២០១០។ គេ​សង្ស័យថា ​លោក​ Kim Yong-chol នេះ ​អាច​គ្រប់គ្រង​ការិយាល័យ​ទូទៅមូយ នៃ​ផ្នែក​ចារកិច្ច​កូរ៉េខាងជើង ហើយ​អាច​បានបញ្ជា​​​អោយ​វាយប្រហារ​កប៉ាល់​ចម្បាំង​កូរ៉េខាង​ត្បូង​ ធ្វើ​អោយ​ស្លាប់​មនុស្ស​៤៦នាក់។ កូរ៉េខាងជើង​តែង​បដិសេធ​ថា មិនជាប់ពាក់ព័ន្ធ​ហេតុការណ៍​នេះទេ។ ដោយសារ​រឿង​ពីមុន​មកនេះ​ តាំងពី​ថ្ងៃសុក្រ​​ រហូត​ដល់​ថ្ងៃសៅរ៍​ម្សិលមិញ ចូលព្រឹកថ្ងៃ​អាទិត្យ​នេះទៀត មាន​បាតុកម្ម​ក្នុង​ស្រុក​កូរ៉េខាងត្បូង ប្រឆាំង​វត្តមាន​ មេយោធា​កូរ៉េខាងជើង Kim Yong-chol។ តំណាងរាស្រ្ត​អភិរក្ស​ក្នុងស្រុក​មួយចំនួន​​ទាមទារ​អោ​យចាប់ខ្លួន​លោក​ Kim Yong-chol។ កន្លងមក កូរ៉េខាងត្បូង​ក៏​បាន​ដាក់ទណ្ឌកម្ម​ឯកតោភាគី​​ប្រឆាំង​​លោក​គីម​​នេះដែរ​ហើយ។ ​​

ពេលនេះ គេនៅ​ចាំមើលទៀត​ពី​ការវិវត្ត​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េទាំង២។ ព្រោះថា ស្ថានការណ៍​អាច​តានតឹង​ឡើងវិញ ដោយសារ​តែ​លោក​ដូណាល់ ត្រាំ ទើប​នឹង​ប្រកាស​ដាក់ទណ្ឌកម្ម​ធ្ងន់​មិនធ្លាប់​មាន​ថែមទៀត ទៅលើ​ក្រុងព្យុងយ៉ាង។ ​កូរ៉េខាងត្បូង​ក៏​នឹង​បន្ត​​សមយុទ្ធយោធា​រួមគ្នា​ជាមួយ​អាមេរិក ក្រោយ​កីឡា​ប៉ារ៉ាឡាំពិក​ ខែមិនា​ខាងមុខ​នេះដែរ។ ដូច​យើងធ្លាប់ដឹង​ហើយ ​សមយុទ្ធយោធា​រួមគ្នា​នេះ មិន​ធ្វើអោយ​កូរ៉េខាងជើង​សប្បាយចិត្ត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ